មិត្តសម្លាញ់មានច្រើនប្រភេទ
ដូចដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះសិង្គាលកមាណព មានក្នុងសុត្តន្តបិដកលេខ១៩
ទំព័រ៧៥ថា បុគ្គលខ្លះ ជាមិត្តសម្លាញ់បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សម្លាញ់ៗតែនៅចំពោះមុខក៏មាន
បុគ្គលណា កាលបើប្រយោជន៍(ខ្លួន)កើតឡើង ទើបធ្វើជាសម្លាញ់ បុគ្គលនោះមកជាសម្លាញ់នឹងខ្លួនក៏មាន។
ហេតុ៦ប្រការ
ដែលបំផ្លាញ់បុរសឲ្យវិនាស មានដូចជា៖
១) កិរិយាដេកទល់ថ្ងៃ
២) ការធ្វើសេវនកិច្ចជាមួយប្រពន្ធអ្នកដទៃ
៣) ភាវៈជាអ្នកមានពៀរច្រើន
៤) ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍
៥) បាបមិត្ត
៦) ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ។
នរជនដែលមានមិត្តអាក្រក់
មានសម្លាញ់អាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាសចាកលោកទាំងពីរ គឺលោកនេះ
និងលោកខាងមុខ។ ហេតុ ៦យ៉ាងទៀត ដែលតែងតែបំផ្លាញ់បុរសឲ្យវិនាសនោះគឺ៖
-ល្បែងភ្នាល់ ល្បែងស្រី និងល្បែងស្រា ១
-របាំង និងចំរៀង ១
-ការដេកថ្ងៃ ១
-ការឲ្យគេបម្រើខ្លួនក្នុងកាលមិនគួរ ១
-ពួកមិត្តអាក្រក់ ១
-ភាវៈជាអ្នកមានសេចក្ដីកំណាញ់ស្វិតស្វាញ ១។
ពួកជនដែលលេងល្បែងភ្នាល់
ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រី ដែលស្មើដោយជីវិតរបស់បុរសដទៃ សេពគប់នឹងបុគ្គលថោកទាប
(ខាតលក្ខណ៍) មិនសេពគប់នឹងបុគ្គលដែលមានសេចក្ដីចំរើន (គ្រប់លក្ខណ៍) យសរបស់ជននោះ តែងសាបសូន្យ ដូចព្រះចន្ទខាងរនោច។
ជនដែលជាអ្នកផឹកសុរា
ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥតមានកង្វល់ ដោយការងារចិញ្ចឹមជីវិតមានតែស្រវឹងជានិច្ច
ប្រាសចាកសេចក្ដីចំរើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចក្នុងទឹក
បុគ្គលនោះតែងធ្វើការងារឲ្យវឹកវរដល់ខ្លួនដោយឆាប់។ បុគ្គលដេកក្នុងវេលាថ្ងៃជាប្រក្រតី
ជាអ្នកស្រវឹងជានិច្ច ជាអ្នកលេងល្បែង មិនអាចគ្រង់គ្រងផ្ទះសម្បែងបាន។
ប្រយោជន៍ទាំងឡាយ
តែងកន្លងហួសមនុស្សដែលលះបង់ចោលនូវការងារ ដោយពោលអួតអាងថា វេលានេះត្រជាក់ណាស់
ក្តៅណាស់ ល្ងាចណាស់។ ជនណាមួយធ្វើនូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់ និងក្ដៅក្រៃលែងជាងស្មៅ(ទៅទៀត)
ជននោះរមែងមិនសាបសូន្យចាកសេចក្ដីសុខឡើយ៕ [edit]
........................................
ស្រង់ចេញពីសៀវភៅ៖
មិត្តល្អ
ទំព័រ
៤០-៤១
ឆ្នាំព.ស ២៥៥៥
រៀប.
ភួង សុវណ្ណ(ភិក្ខុ សុវណ្ណជោតោ)
រូបភាព ហ្វេសប៊ុកផេក
No comments:
Post a Comment