ឯតំបន់ឈី មានបុរសម្នាក់ឈ្មោះចូវជិន មានមុខមាត់ស្អាតសង្ហា
មានមុនស្នេហ៍ រូបសម្បត្តិស្អាតល្អ គេមានអារម្មណ៍មោទនភាពចំពោះរូបរាងមុខមាត់របស់ខ្លួនឯងយ៉ាងខ្លាំង។
ព្រឹកមួយក្រោយពីលុបលាងមុខមាត់ សិតសក់ ពាក់អាវ ពាក់មួកហើយ
គេក៏ត្រេកអរសរសើររូបរាងមុខមាត់ខ្លួនឯងនោះ នៅពីមុខកញ្ចក់ ហើយសួរប្រពន្ធរបស់ខ្លួនថា...
“បងជាមួយស៊្វីកុងប្រៀបធៀបគ្នាហើយ
តើនរណាមុខមាត់ស្អាតជាង?”
ប្រពន្ធឆ្លើយតបថា...
“ស៊្វីកុង
ប្រៀបធៀបស៊ូដល់បងបានយ៉ាងម៉េចកើត”
ស៊្វីកុងជាមនុស្សមានរូបរាងពណ៌ឆោមលោមស្អាតសង្ហា
មានកេរ្តិ៍ល្បាញល្បីទូទាំងប្រទេស ប៉ុន្តែប្រពន្ធរបស់ចូវជិនបែរជាប្រាប់គេថា សង្ហាស៊ូចូវជិនមិនបាន
ចូវជិនស្ដាប់ហើយនៅមិនសូវជឿស៊ប់ប៉ុន្មានទេ គេទើបទៅសួរប្រពន្ធចុងរបស់ខ្លួនថា...
“អូនមើលមកបងជាមួយនឹងស៊្វីកុង
តើនរណាមួយស្អាតជាង?”
ប្រពន្ធចុងរបស់គេឆ្លើយតបថា...
“ស៊្វីកុងគ្មានផ្លូវស៊ូនឹងបងបានស្រាប់ហើយ”
ថ្ងែបន្ទាប់មក
មានភ្ញៀវម្នាក់មកសុំជួបចូវជិន ក្រោយពីនិយាយធុរៈស្រេច ចូវជិន
ក៏យកឱកាសនោះសួរភ្ញៀវម្នាក់នោះថា...
“លោកមើលរូបរាងមុខមាត់ខ្ញុំប្រៀបធៀបជាមួយស៊្វីកុងហើយ
តើលោកថាយ៉ាងម៉េចដែរ?”
ភ្ញៀវម្នាក់នោះឆ្លើយតបថា...
“ទោះបីថា ស៊្វីកុងនឹងបុរសម្នាក់ដែលមានមុខមាត់ស្អាតល្អ
តែពេលធៀបជាមួយលោកហើយ នៅឆ្ងាយគ្នាដាច់”
គេបានស្តាប់ហើយ មានអារម្មណ៍ត្រេកអរសប្បាយចិត្តណាស់
កន្លងទៅមិនយូរ ស្វ៊ីកុងមានធុរៈបានមកជួបឯផ្ទះចូវជិន ចូវជិនបានសង្កេតពិនិត្យ
ពិចារណាមើលស៊្វីកុងយ៉ាងហ្មត់ចត់ ហើយរកឃើញថា ក្រៅពីមានរូបរាងមុខមាត់ស្អាតសង្ហាហើយ
ថែមទាំងមានបុគ្គលិកលក្ខណៈខ្ពស់សង្ហាដែលបង្កប់នៅក្នុងនោះថែមទៀត
ខ្លួនឯងប្រៀបធៀបមិនបានឡើយ សាកទៅឆ្លុះកញ្ចក់មើលច្រើនដង ច្រើនសា នៅតែរកឃើញថា
យកទៅប្រៀបធៀបមិនបានដដែល នៅតែចាញ់ដាច់ឆ្ងាយដដែល។
ក្រោយពីស៊្វីកុងចេញទៅ
ចូវជិន មានអាកប្បកិរិយាសញ្ជក់សញ្ជឹងក្រៀបក្រំចិត្ត មិនស្រស់បស់ឡើយ ហើយខាំងខ្លួនឯងទុកនៅក្នុងបណ្ណាល័យ
គិតត្រិះរិះសញ្ជឹងគិតមើលអស់ជិតមួយថ្ងៃ ក្នុងទីបំផុត គេក៏គិតឃើញ ច្បាស់លាស់ផុសឡើងក្នុងចិត្ត
និងនិយាយជាមួយខ្លួនឯងថា៖
“ឃើញច្បាស់ណាស់ថា រូបរាងមុខមាត់ខ្ញុំមាននេះ គ្មានផ្លូវណាប្រៀបធៀបជាមួយស្វ៊ីងកុងបានឡើយ” ប៉ុន្តែប្រពន្ធរបស់ខ្ញុំប្រាប់ថា
ខ្ញុំមានមុខមាត់ស្អាតល្អជាងស៊្វីកុង ព្រោះនាងស្រឡាញ់ខ្ញុំ។
ប្រពន្ធចុងរបស់ខ្ញុំប្រាប់ថា ខ្ញុំមានមុខមាត់ល្អជាងស៊្វីកុង ព្រោះនាងខ្លាចខ្ញុំ
មិត្តភក្ដិខ្ញុំប្រាប់ខ្ញុំមុខមាត់ស្អាតជាងស៊្វីកុង
ព្រោះគេមានធុរៈដែលត្រូវឲ្យខ្ញុំជួយគេ “គិត
និងបានឮការយល់ឃើញដ៏ត្រឹមត្រូវ ពីចិត្តមនុស្សនៅជុំវិញខ្លះ អាចជារឿងមិនងាយឡើយ”។
អ្នកទាំងឡាយ...
មនុស្សភាគច្រើនក្នុងលោកនេះប្រាថ្នានូវពាក្យសរសើរលើកកំពស់
ពេលបានទទួលពាក្យសរសើរ ក៏ពេញចិត្ត ទាំងពិចារណារកការពិត ហើយរកឃើញថា ពាក្យសរសើរលើកកំពស់
មិនមានអ្វីជាខ្លឹមសារ ដែលគួរឲ្យជឿប្រកាន់បានទេ ជាពិសេសអ្នកដឹកនាំដែលមានអំណាច
ឬអ្នកមានទ្រព្យសម្បត្តិ ដែលជាបុគ្គល មានអ្នកចូលមកចាំបញ្ចុកពាក្យសរសើរឲ្យ។ ក្នុងនោះ
ដោយហោចទៅ ព្រោះសង្ឃឹមផលប្រយោជន៍យ៉ាងណាមួយ មាត់ក្លែងធ្វើជាសរសើរយើង
ប៉ុន្តែក្នុងចិត្តគេ គិតនឹងខ្នាញ់ឬអត់ទេក៏មិនដឹង។ ហើយថ្ងៃមួយ ពេលដែលយើង បាត់បង់លាភសក្ការៈ
បាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះ បុគ្គលទាំងនោះ ក៏នឹងដើរចេញឆ្ងាយពីយើងភ្លាមមួយរំពេច។
បុគ្គលដែលញៀនញ៉ាមក្នុងពាក្យសរសើរ ក៏ត្រូវមកអង្គុយតូចចិត្ត ក្រៀមក្រំចិត្ត។
យើងទើបមិនគួរជាមនុស្សស្រេកឃ្លានពាក្យសរសើរទេ
មិនអ៊ីចឹង យកចិត្តយើងទៅតោងប្រកាន់ជាមួយលក្ខខណ្ឌខាងក្រៅ ដែលកំពុងប្រែប្រួលជានិច្ច
មិនមានខ្លឹមសារពិតប្រាកដបាន
ប៉ុន្តែសុំឲ្យបីតីឆ្អែតចិត្តជាមួយអំពើល្អដែលខ្លួនបានធ្វើឡើង។ បីតិឆ្អែតជាមួយគុណធម៌
ដែលខ្លួនមាន ទោះបីមិនមាននរណាមកសរសើរ ក៏មិនថ្វី
និងអភិវឌ្ឍគុណធម៌នេះចងភ្ជាប់ជាមួយចិត្តយើង។ ការចងចិត្តទុកជាមួយលក្ខខណ្ឌខាងក្នុងនេះ
នឹងផ្តល់នូវសេចក្ដីសុខដ៏ឋិតថេរគង់វង់ក្នុងជាតិ និងជាតិមុខ។
ហើយចុះយើងទាំងអស់គ្នា គិតថាមនុស្សដែលនៅជុំវិញយើង
ចាំសរសើរ ចាប់សារទរ តើគេមានបំណងអ្វីខ្លះបានពីយើង...?
---------------------------------------
អរគុណទិន្ន័យពីសៀវភៅ
តម្រានាគអប់រំចិត្ត ព្រះមហាសំឆាយ ដ្ឋានវុឌ្ឍោ M.D., Ph.D.
No comments:
Post a Comment