Wednesday, January 25, 2017

រឿងខ្លី ផ្ដល់ជ្រុងមួយនៃគំនិតពី អ្នកចែវទូក ជាមួយនិស្សិតរៀនស្រុកក្រៅ


មនុស្សយើងកើតភាពមានសមត្ថភាពផ្សេងៗគ្នា អ្នកខ្លះរៀនសូត្រពូកែ ប៉ុន្តែបែរជាប្រកបអាជីវកម្មមិនពូកែ ប្រើជីវិតមិនកើតការ អ្នកខ្លះរៀនមិនសូវពូកែ ប៉ុន្តែបែរជាមានសមត្ថភាពក្នុងការគ្រប់គ្រងការងារបានល្អ បង្កើតមុខជំនួញបានជោគជ័យ កម្រៃល្អ ដូចនោះ ការសិក្សាក៏មិនមែនជាការចាប់ផ្ដើមថា អ្នកណាពូកែ អ្នកណាល្ងង់ អ្នកណាឆ្លាតទេ ព្រោះមនុស្សម្នាក់ៗមានសមត្ថភាពរៀងៗខ្លួន ស្ថិតនៅត្រង់ថា នឹងនាំយកវាមកប្រើប្រាស់បានដល់កម្រិតណាតែប៉ុណ្ណោះ។ 

រឿងរ៉ាវរបស់និស្សិតរៀននៅស្រុកក្រៅម្នាក់នេះ ក៏ដូចគ្នា ដោយភាពជឿជាក់ក្នុងចិត្តក្នុងចំណេះ ទាល់តែធ្វើជាឫកពារប្រកាន់ខ្លួន ទៅនិយាយមើលងាយមើលថោកអ៊ុំប្រុសចែវទូកស៊ីឈ្នួលម្នាក់ ប៉ុន្តែក្នុងទីបំផុត អ៊ុំប្រុសដែលគេមើលងាយមើលថោក បែរជាមនុស្សធ្វើឲ្យគេមានអារម្មណ៍ដូចជាគេគ្មានចំណេះដឹងអ្វីសោះនៅក្នុងខ្លួន ទាក់ទង់អំពីរឿងនេះ។
ក្មេងនិស្សិតម្នាក់នោះ រៀនសូត្រពូកែណាស់ បានទុនទៅរៀនយូអេសអេតាំងពីកុមារភាព រហូតដល់ចប់បណ្ឌិត ទើបត្រឡប់មកលេងស្រុកកំណើតវិញ។
ផ្ទះរបស់ក្មេងនិស្សិតនោះ នៅត្រើយម្ខាងនៃទន្លេ ត្រូវជិះទូកចែវឆ្លងទៅ ប្រើថេរវេលាចែវប្រមាណជាមួយម៉ោង។
 “តើទូកនេះមិនបំពាក់ម៉ាស៊ីនទេឬ? អ៊ុំ
 “មិនមានទេក្មួយ ទីនេះវាជាជនបទមាត់ញក វានៅឆ្ងាយពីការរីកចម្រើន មានតែទូកចែវប៉ុណ្ណោះ
អូ!... ហួសសម័យណាស់អ៊ុំ បុរាណពេកហើយ នៅឯសហរដ្ឋគេប្រើយន្តហោះទាំងអស់ហើយអ៊ុំៗ នៅមកឈរចែវទូកទៀត ទៅដល់ត្រើយម្ខាងនោះ អ៊ុំយកថ្ងៃប៉ុន្មានដែរ?
         “៨០០ពាន់រៀល
          “OK... ណេះអ៊ុំ
ក្នុងខណៈដែលអ៊ុំប្រុសកំពុងចែវទូក និស្សិតរៀនស្រុកក្រៅ ក៏និយាយពីភាពទាន់សម័យនិយម ភាពរីកចម្រើន ភាពស៊ីវិលៃរបស់អាមេរិកឲ្យអ៊ុំប្រុសនោះស្តាប់។
          “ស្រុកយើង... ពេលបើប្រៀបធៀបជាមួយអាមេរិកហើយ វាហួសសម័យណាស់ មិនដឹងជាមនុស្សស្រុកយើងរស់នៅយ៉ាងម៉េចកើតទេ ហេតុអីមិនអភិវឌ្ឍ ហេតុអីមិនធ្វើត្រាប់តាមស្រុកគេ ឲ្យវាទាន់សម័យ? អ៊ុំ ចេះប្រើកុំព្យូទ័រ អ៊ិនថើណេតកើតទេ?
          “អ៊ុំមិនចេះទេ... ប្រើមិនកើតទេ
          “អូហោ!... អ៊ុំបើមិនចេះរឿងនេះណ៎ា ជីវិតអ៊ុំបាត់ទៅអស់ ២៥%ហើយ
“ចុះអ៊ុំដឹងទេថា សេដ្ឋកិច្ចរបស់ពិភពលោកពេលនេះយ៉ាងម៉េចដែរហើយ?”
 “អ៊ុំមិនដឹងទេ
 “អ៊ុំមិនដឹងរឿងនេះ ជីវិតរបស់អ៊ុំបាត់ទៅអស់៥០%ហើយ
          “អ៊ុំ... ដឹងរឿងនយោបាយទីផ្សារពិភពលោកទេ?”
          “អ៊ុំមិនដឹងទេ... ក្មួយអើយ
 “ជីវិតរបស់អ៊ុំៗដឹងតែម្យ៉ាងគត់ថា នឹងធ្វើយ៉ាងម៉េច នឹងចែវទូកឲ្យដល់ត្រើយនោះ បើអ៊ុំមិនដឹងរឿនេះ ជីវិតរបស់អ៊ុំបាត់ទៅអស់ ៧៥%ហើយ
ស្រាប់តែពេលនោះ កើតមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង រលក់ធំៗ ផ្ទែមេឃខ្មៅងងឹត។
"នេះក្មួយនិស្សិតរៀនសូត្រនៅស្រុកក្រៅមកបានច្រើន ចប់បណ្ឌិតពីបរទេស អ៊ុំចង់សួរអ្វីមួយបានទេ?”
បាន... នឹងសួរអ្វីឬអ៊ុំ?”
          “ឯងចេះហែលទឹក?”
          "មិនចេះទេ... អ៊ុំ
          “ជីវិតរបស់ឯងកំពុងនឹងបាត់ទៅអស់ ១០០%ហើយអ្នកកម្លោះ
កុំគិតថា ខ្លួនយើងខ្ពស់ជាងអ្នកដទៃ គ្រាន់តែមានការសិក្សាខ្ពស់ នៅមានបទពិសោធជីវិតដែលត្រូវសិក្សាច្រើនទៀត ទុកណាមិនបានសញ្ញាបត្រមកក៏ដោយ ឃើញមែនទេថា ម្នាក់ៗមានសមត្ថភាពធ្វើជាម្ចាស់ការលើខ្លួនឯង ការសិក្សាខ្ពស់មិនអាចវាស់ស្ទង់ចំណេះដឹងរបស់មនុស្សបានជានិច្ចទេ៕

ប្រែ.ចាន់


No comments:

Post a Comment