Thursday, January 26, 2017

តម្រានាគអប់រំចិត្ត វគ្គសត្វប្រចៀចជាមួយគ្រុំ


ក្នុងថ្ងៃដែលមេឃាស្រឡះ អាកាសធាតុត្រជាក់ស្រស់ស្រាយ មានគ្រុំមួយដេកសំដិលកំដៅថ្ងៃ នៅឯមាត់ឆ្នេរសមុទ្រ វាបើកគំរបសំបកទាំងពីរខាងចេញ មកទទួលពន្លឺរស្មីព្រះទិន្នករដ៏កក់ក្ដៅ ដោយមានក្ដីសុខមនោរម្យ។ ក្នុងខណៈនោះឯង មានសត្វប្រចៀចមួយក្បាល ដើររកចំណីក្នុងបរិវេណជិតក្បែរខាងនោះ សម្លឹងមកឃើញសាច់ក្រហមរងាលបស់គ្រុំមួយនោះ ដេញពន្លឺថ្ងៃព្រាកៗ។ សត្វប្រចៀចត្រេកអរណាស់ ក៏ប្រញាប់ស្ទុះចូលទៅ ប្រើចំពុះចឹកបំណងនឹងស៊ីសាច់គ្រុំ។ គ្រុំទទួលរងការឈឺចាប់យ៉ាងខ្លាំង ប្រញាប់បិទគ្របសំបកទាំងពីរ ចូលរកគ្នាយ៉ាងលឿនរហ័ស គាបជាប់ចំពុះ របស់សត្វប្រចៀចនោះនៅក្នុងសំបកគ្រុំ។ សត្វប្រចៀចព្យាយាមទាញចំពុះរបស់ខ្លួនអស់មួយទំហឹង តែក៏ទាញចេញមិនបាន ព្រោះគ្រុំគាបជាប់យ៉ាងណែនក្ដន់។ សត្វប្រចៀចចាប់ផ្តើមមានអារម្មណ៍នឹកខូចចិត្តបណ្ដើរៗ ប៉ុន្តែបញ្ចេញឫកពារ ធ្វើហាក់ដូចជាមិនចាប់អារម្មណ៍ និយាយជាមួយគ្រុំថា៖

ឯងពិតជាសត្វល្ងង់ជិត ឯងមកគាបចំពុះរបស់អញ មិនព្រមលែងយ៉ាងនេះ ខ្លួនឯងកម្រើកទៅណាក៏មិនបាន ប្រសិនបើថ្ងៃនេះមិនធ្លាក់ភ្លៀងទេ ស្អែកនេះភ្លៀងក៏មិនធ្លាក់មក ឯងនឹងត្រូវក្រៀមងាប់ពិតមែន អញគិតថា មធ្យោបាយដ៏ល្អ ឯងប្រហែលជាត្រូវប្រញាប់ លាសំបករបស់ឯងចេញ ហើយវិលទៅក្នុងទឹកវិញល្អជាង
គ្រុំញញឹមយ៉ាងដាច់ខាត ឆ្លើយតបទៅវិញថា៖
ឯងមិនចាំបាច់មកនិយាយល្អទេ អញមិនលង់កលរបស់ឯងប្រាកដ ចំពុះរបស់ឯងត្រូវអញគាបជាប់នៅយ៉ាងនេះ ថ្ងៃនេះក៏ស៊ីចំណីមិនបាន ស្អែកនេះក៏ស៊ីចំណីមិនបាន ឯងពិតជាត្រូវស្លាប់ជាក់ជាមិនខានឡើយ
សត្វទាំងពីរក្បាល ប្រកែកគ្នាទៅមកអស់មួយព្រឹក មិនមានអ្នកណាចុះញ៉មឡើយ ស្រាប់តែមានបុរសនេសាទម្នាក់ កំពុងវិលត្រឡប់ទៅផ្ទះវិញ បានដើរកាត់តាមនោះ ក៏ឃើញសត្វទាំងពីរក្បាលនេះគាបជាប់នៅជាមួយគ្នា។
 គេនិយាយឡើងដោយក្ដីត្រេកអរថា៖
ហេងរបស់ខ្ញុំថ្ងៃនេះតែម្ដង ពេលឯងទាំងពីរស្រុះស្រួលគ្នាមិនបានទេ ខ្ញុំក៏ត្រូវចាប់យកឱកាសនេះទុកហើយ រួចបុរសនេសាទនោះ ក៏ចាប់យកសត្វទាំងពីរក្បាលនោះឡើងមក ដាក់ក្នុងកន្រ្តកឫស្សីជាមួយគ្នាទៅ នឹងមានគម្រោងថាថ្ងៃស្អែកនេះ នឹងយកទៅលក់ឯផ្សារ
អស់លោកសាធុជនទាំងឡាយ...
យើងកុំធ្វើជាមនុស្សប្រកាន់ទិដ្ឋិមានះ រឹងត្អឹងរឹងរូសនឹងយកឈ្នះឲ្យខានតែបាន មនុស្សដូចនោះ ជាមនុស្សមិនគួរឲ្យស្រឡាញ់ មិនមានអ្នកណាគេចង់រាប់រកជាមួយ ហើយនឹងធ្វើរឿងតូចឲ្យក្លាយជារឿងធំ រួចហើយខ្លួនមកអង្គុយសំកុកចិត្តកើតទុក្ខក្រៀមក្រំ មានវិប្បដិសារីជាខាងក្រោយ សូមឲ្យយើងជាមនុស្សចេះគិតមុខគិតក្រោយឲ្យបានវែងឆ្ងាយ។ បើចេះសំរបសំរួលគ្នា មានគោលការណ៍ច្បាស់លាស់ ពេលណាដែលត្រូវដឹងថា ខ្លួនឯងធ្វើខុសឆ្គងទៅហើយ ក៏មានសេចក្ដីក្លាហានល្មមនឹងព្រមទទួលយកកំហុស និងកែសម្រួលឡើងវិញ មិនចចេសរឹងរូស ប្រកែកគ្នាចេញអាចម៍ចេញនោមនោះទេ មនុស្សដែលចេះចាញ់ ចេះដកថយយ៉ាងនេះ ជំនួសឲ្យការបន្ថយបន្ទាបកិត្តិយសរបស់ខ្លួន  ផ្ទុយមកវិញ ក៏បានជាទីស្រឡាញ់ ជាទីគោរពរាប់អាន ក្រែងចិត្តរបស់មនុស្សជនដទៃ។ ន តំ ជិតំ សាធុ ជិតំ យំ ជិតំ អវជិយតិ ជ័យជំនះណាដែលឈ្នះហើយ ត្រឡប់ចាញ់វិញបាន ជ័យជំនះនោះមិនប្រសើរ៕
---------------------------------------- 
ប្រភព៖ ទិន្នន័យ និងរូបភាព http://www.kalyanamitra.org/
ប្រែ.ចាន់




No comments:

Post a Comment