Monday, May 29, 2017

ផ្លូវទៅកាន់ទីរលត់ទុក្ខ ដោយលោកឪឆា សុភត្តោ


តើសេចក្ដីទុក្ខ សេចក្ដីសុខនៅទីណា? ធម្មៈកើតនៅទីនោះឯង បើយើងស្គាល់ទុក្ខ ស្គាល់ហេតុរបស់ទុក្ខ ស្គាល់សេចក្ដីរំលត់ទុក្ខ ស្គាល់ប្រការប្រតិបត្តិឲ្យដល់ទីរំលត់ទុក្ខ វាក៏ដោះស្រាយបញ្ហាបានហើយ។

បើសិនយើងមិនបានឃើញសង្ខារដែលវាកំពុងវិលវល់ទៅតាមធម្មជាតិរបស់វាទេ វាក៏នាំឲ្យកើតទុក្ខឡើង ដូចជា ការដកដង្ហើមចូលហើយ ដកដង្ហើមចេញវាក៏ស្រួលសប្បាយ បើដកដង្ហើមចូលទៅហើយ មិនចេញ ដកដង្ហើមចេញហើយមិនចូល តើវាអាចនៅបានដែរទេ? ការឃើញសង្ខារ ដែលវាកំពុងវិលវល់ទៅតាមធម្មជាតិរបស់វា គឺការមើលឃើញពីសភាពផ្លាស់ប្ដូរ ប្រែប្រួលហ្នឹងឯង គឺជាការឃើញធម្មៈ។


មនុស្សយើងកើតមកហើយ ត្រូវចាស់ ត្រូវឈឺ និងត្រូវស្លាប់។ នៅពេលឈឺកើតឡើង គិតត្រឹមតែថា ត្រូវជា មិនត្រូវស្លាប់ទៅយ៉ាងនេះទេ វាជារឿងរបស់ចិត្តមិនស្គាល់សង្ខារ ត្រូវប្ដូរមកគិតឲ្យត្រូវវិញគឺ ជាសះស្បើយក៏យក មិនជាសះស្បើយក៏យក ស្លាប់ក៏យក រស់ក៏យក ត្រូវទាំងពីរយ៉ាង សប្បាយ មិនភិតភ័យ មិនបាច់យំ មិនបាច់សោយសោកឡើយ។ ធម្មៈរបស់ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង នៅតែថ្មីស្រឡាងជានិច្ច មិនហួសសម័យកាល មិនចេះប្រែប្រួល មិនចេះស្រកស្រុត សព្វថ្ងៃនៅតែរក្សាការពិតដដែល។

សង្ខារកើតឡើងហើយ ក៏រលត់ទៅវិញ​ វាជារឿងធម្មតា បើយើងមិនយល់ធម្មៈមួយនេះទេ យើងនឹងមានទុក្ខគ្រប់ពេលវេលា ដូចជា ពេលឃើញសត្វទាហើយ ចង់ឲ្យវាប្រែជាសត្វមាន់ ឃើញសត្វមាន់ហើយ ចង់ឲ្យប្រែជាសត្វទាវិញ វាមិនអាចទៅរួចឡើយ។ បើសិនជាគិតចង់ទៅជាយ៉ាងនេះ មិនឈប់ វាត្រូវកើតទុក្ខ ដូចគ្នានឹងការផ្លាស់ប្ដូរ ជារបស់មិនទៀងទាត់ ចង់ឲ្យវាទៀងទាត់ វានៅតែមិនទៀង ពេលវាមិនទៀងពេលណា ក៏ខូចចិត្ត ចិត្តក៏កើតទុក្ខនៅពេលនោះទៅ បើឃើញថា មិនទៀង ជារបស់មិនទៀង ក៏សប្បាយចិត្តក៏មិនមានបញ្ហាអ្វីដែរ។

ពេលណាចង់ឃើញធម្មៈ ក៏ឲ្យមើលត្រង់រូបកាយនិងចិត្តរបស់យើងនេះឯង។ រូបធម៌មើលឃើញដោយភ្នែក នាមធម៌មើលមិនឃើញដោយភ្នែកសាច់ទេ តែមើលឃើញដោយភ្នែកក្នុង គឺភ្នែកចិត្ត សម្លឹងមើលខាងក្នុង ទើបនឹងឃើញនាមធម៌ ហើយយកនាមធម៌នោះ គឺជាតួវិញ្ញាណធាតុ មើលកាយនេះ ទៅមើលទីទៃមិនឃើញទេ ព្រោះសេចក្ដីសុខ សេចក្ដីទុក្ខកើតនៅត្រង់នេះ មិនបាននៅត្រង់សៀវភៅឯណាឡើយ។

ដូច្នោះ ចូរញ៉ាំងបញ្ញាឲ្យកើតឡើងក្នុងចិត្តរបស់យើង នៅពេលបញ្ញាកើតឡើងក្នុងចិត្តរបស់យើងហើយ នឹងមើលទៅខាងណាក៏ឃើញតែធម្មៈទាំងអស់ ឃើញការមិនទៀងទាត់ ឃើញជាទុក្ខ និងភាពមិនមែនជារបស់ខ្លួនគ្រប់ពេលវេលា។ ការមិនទៀងទាត់ ជាទុក្ខ បើយើងទៅតោងប្រកាន់មាំក៏កើតទុក្ខ នោះមិនមែនជាតួខ្លួនស្រាប់ហើយ ប៉ុន្តែយើងមិនឃើញដូច្នោះឯណា ត្រឡប់ជាឃើញថាជាតួខ្លួន ជារបស់ខ្លួនជានិច្ច គឺយើងមិនឃើញសម្មតិ ចូរស្គាល់សម្មតិ និងប្រយោជន៍ដែលបានទទួលពីរបស់សម្មតិទាំងឡាយទាំងពួង។

ពេលស្គាល់ទុក្ខតាមការពិតហើយ វាក៏លះប៉ង់ទុក្ខ ស្គាល់ហេតុនៃទុក្ខ ទីណាទុក្ខកើត ក៏មិនធ្វើ នឹងប្រតិបត្តិ វាក៏រលត់ទុក្ខ ត្រង់ប្រតិបត្តិឲ្យដល់ទីរំលត់ទុក្ខនេះឯង ពុំមែនតួខ្លួន មិនមែនយើង មិនមែនគេ ឃើញដូច្នេះ ទុក្ខក៏រលត់ ដូចជាមនុស្សធ្វើដំណើរទៅដល់គោលដៅហើយ ក៏ឈប់ វារលត់ នោះជិតដល់ព្រះនិព្វានបាត់ទៅហើយ។ បើយើងដើរទៅក៏កើតទុក្ខ ត្រឡប់ថយក៏កើតទុក្ខ ឈប់នៅក៏កើតទុក្ខ ដើរទៅក៏មិនដើរ ថយក្រោយក៏មិនថយ ឈប់ក៏មិនឈប់ តើមានអ្វីសល់ដែរទេ?

រលត់! រូបវារលត់ នាមក៏រលត់ នេះឯងហៅថា រលត់ទុក្ខ ស្តាប់រៀងមើលទៅពិបាកត្រចៀកបន្តិចមែន បើសិនពិចារណាចម្រើនភាវនាទៅរឿយៗ វាក៏នឹងរួចផុតឡើងមកបាន ហើយស្គាល់ពីវាកាន់តែច្បាស់ រួចវាក៏នឹងរលត់ទៅតាមសភាវៈរបស់វាយ៉ាងនោះឯង។ ទីបំផុតពាក្យអប់រំរបស់ព្រះពុទ្ធបរមគ្រូជាម្ចាស់មានប្រការដូច្នេះ រំលត់បង់ទាំងអស់ គ្មានអ្វីសោះ អស់ត្រង់ចំណុចនេះ គ្មានអ្វីនៅសល់ឡើយ៕

http://tamma-anatta.blogspot.com/2012/01/blog-post




No comments:

Post a Comment