ទោះបីសម្ដីមិនសូវសំខាន់ខ្លាំងក្នុងការកសាងភាពជោគជោគជ័យ ដូចជាគំនិត និងទង្វើក្ដី ក៏ប៉ុន្តែគោលការណ៍និយាយ ៤ប្រការនេះ វាក៏អាចជួយឲ្យជីវិតរបស់អ្នកឈានចូលជិតភាពជោគជ័យ ឬភាវៈនៃភាពជោគជ័យពេញទៅដោយសេចក្ដីសុខងាយបានដែរ។ គោលគំនិតល្អដើម្បីជីវិត សូមទាញអារម្មណ៍អ្នកអានមកចាប់អារម្មណ៍ ថាតើវិធីសាស្ត្រក្នុងការនិយាយ ដើម្បីឈានទៅរកភាពជោគជ័យបាន មានអ្វីខ្លះ? បើចង់ដឹងត្រូវចុចអាន ដូចតទៅនេះ៖
១) ចូរនិយាយចេញមកឲ្យពិភពលោកបានដឹង កុំបណ្តែតបណ្ដោយឲ្យគោលបំណងប្រាថ្នារបស់អ្នក មានត្រឹមតែការគិតវិលវល់តែក្នុងខួរក្បាល ដែលសុខចិត្តព្រមផ្លាស់ប្ដូរទៅតាមអារម្មណ៍ ប៉ុន្តែចូលតម្កល់ចិត្តឲ្យមុតមាំ ហើយប្រាប់មនុស្សជិតស្និត និងមិត្តសម្លាញ់ឲ្យបានដឹង ចាប់ពេលនេះ ថ្ងែនេះថា រូបអ្នកមានក្ដីសុបិនបែបណា មិនចាំបាច់ខ្លាចអ្នកណាគេថា ដេកយល់សប្ដិ ឬគ្មានប្រយោជន៍ឡើយ។ ការប៉ាវប្រកាសប្រាប់ឲ្យពិភពលោកបានដឹង ជាវិធីសាស្ត្រមួយក្នុងការចងខ្លួនឯងឲ្យចាប់ផ្ដើមធ្វើតាមក្ដីសុបិនរបស់ខ្លួនឲ្យបានជោគជ័យ នៅពេលខាងមុខ។
ឧទាហរណ៍ ដូចជា អ្នកគ្រូកានដា អ្នកគ្រូអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តម្នាក់ មកពីស្ថាប័នមហាវិទ្យាល័យបច្ចេកទេស តុក្កតាយន្តមួយរបស់ប្រទេសថៃ ក្នុងអតីតកាល នាងធ្លាប់រៀនជាប់ចំណាត់ថ្នាក់ចុងប៉ុចគេ ថែមទាំងរៀនភាសាអង់គ្លេសមិនចេះទៅទៀត។ ថ្ងៃមួយ នាងបានមកផ្លាស់ប្ដូរខ្លួនឯងយ៉ាងប្ដូរផ្ដាច់ ទាល់តែប្រឡងជាប់ចំណាត់ថ្នាក់ល្អ ព្រមទាំងបានទុនអាហារូបករណ៍ទៅរៀនបន្តនៅក្រៅប្រទេស រហូតដល់ចប់បណ្ឌិត។ នាងបានខ្សិបប្រាប់ថា បើសិនជាតាំងចិត្តធ្វើអ្វីមួយហើយ ត្រូវប៉ាវប្រកាសប្រាប់ឲ្យពិភពលោកបានដឹង។ ការធ្វើដូច្នេះ វាជាកម្លាំងជម្រុញចិត្តមួយបានយ៉ាងល្អ ព្រោះអ្នកនឹកឃើញវាគ្រប់ពេលវេលា ហើយមានមនុស្សជាច្រើនណាស់កំពុងតែរង់ចាំមើលភាពជោគជ័យរបស់អ្នក។
២) និយាយដាស់តឿនចិត្តខ្លួនឯង រាល់ពេលដែលអ្នកមានចិត្តអស់សង្ឃឹម មានអារម្មណ៍ស្មុគស្មាញ ឬមានកង្កល់ចិត្ត ចូរព្យាយាមហៅកម្លាំងវិជ្ជមាន និងកម្លាំងចិត្តឲ្យវិលត្រឡប់មកចូលខ្លួនវិញ ដោយការនិយាយរំលឹកអំពីហេតុការណ៍ល្អៗ ដែលធ្លាប់កើតមាន ពេលដែលអ្នកបានធ្វើសម្រេចតាមគោលដៅ។
ដូចជា អ្នកឃើញថា ពេលនេះសកម្មភាពសេដ្ឋកិច្ចរអាក់រអួល អ្នកចាប់ផ្ដើមមានអារម្មណ៍ច្របូកច្របល់ និងមានកង្វល់ទៅដល់ផែនការ ដែលត្រូវបានដាក់ចេញក្នុងថ្ងៃអនាគត ខ្លាចត្រូវគេដក់តំណែងតួនាទី ឬខ្លាចត្រូវគេបណ្ដេញចេញពីក្រុមហ៊ុន អ៊ីចឹងទៅ គិតតែពីរអ៊ូរមិនចេះឈប់អំពីកិច្ចការដែលមិនទាន់កើតឡើង។ ចេះចុះ! សាកល្បងមកដកដង្ហើមមួយៗ ឲ្យវែងៗ ហើយផ្លាស់ប្ដូរមកនិយាយអំពីចំណុចល្អៗនៃការងាររបស់ខ្លួន ដែលសម្រេចបានកន្លងមកជំនួសវិញ… មិនចាំបាច់និយាយប្រាប់អ្នកណាទាំងអស់ និយាយឲ្យខ្លួនឯងស្ដាប់តែម្នាក់ឯងបានហើយ...។ អូខេ!
៣) និយាយក្នុងរឿងវិជ្ជមានជានិច្ច លទ្ធផលជ្រាវជ្រាវរកឃើញថា បុគ្គលដែលជោគជ័យ ផ្នែកហិរញ្ញវត្ថុ ច្រើនជាបុគ្គលដែលជ្រើសរើសប្រើខ្សែជីវិតក្នុងផ្លូវវិជ្ជមានជានិច្ច។
ឧទាហរណ៍ ដូចជា លោក សិរីលក្ខណ៍ អនុប្រធានគ្រប់គ្រង ឌិ អឹម ផូរៀមសបភិង ខមភ្លេច លើកឡើងថា គន្លឹះទៅកាន់សេចក្ដីសុខ និងភាពជោគជ័យរបស់គាត់គឺ ប្រុងប្រយ័ត្នពាក្យសម្ដី និងព្យាយាមសម្រិតសម្រាំងក្នុងការនិយាយតែរឿងផ្នែកវិជ្ជមានជានិច្ច ព្រោះពាក្យសម្ដីទាំងនោះ មានផលល្អចំពោះផ្លូវចិត្តរបស់យើង និងមនុស្សដែលនៅជុំវិញខ្លួនច្រើនជាង អ្វីដែលមនុស្សគ្រប់គ្នាកំពុងគិត។ ពាក្យណាដែលមានន័យខាងផ្នែកអវិជ្ជមានត្រឹមតែមួយម៉ាត់ ទុកណាជាយើងធ្លោយមាត់និយាយចេញទៅ ដោយអចេតនាក្ដី ក៏អាចមានផលអាក្រក់ចំពោះជីវិត និងដួងចិត្តយើងបានច្រើនជាងអ្វីដែលយើងគិតទៅទៀត។
៤) ចូរព្យាយាម “អរគុណ” ជានិច្ច ការនឹកឃើញដល់គុណបំណាច់ គឺជាកម្លាំងវិជ្ជមានដ៏ល្អបំផុត ដែលអ្នកអាចបញ្ជ្រាបចូលទៅអ្នកដទៃ។ ក្រៅពីនោះ ការដឹងគុណ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាមួយនឹងខ្សែជីវិត និងមានអារម្មណ៍ទៅដល់សំណាងល្អរបស់ខ្លួនឯងច្រើនឡើងថែមទៀត។
ចូររៀនហាត់អរគុណចំពោះអ្នកដទៃឲ្យបានគ្រប់ឱកាស ជាពិសេសក្នុងពេលដែលបុគ្គលនោះ គ្មានចេតនាណាមួយចង់ស្ដាប់ពាក្យនោះ សូម្បីតែបន្តិច ព្រោះការនិយាយពាក្យថា “អរគុណ” នឹងធ្វើឲ្យអ្នកចេះស្វែងរកចំណុចល្អៗរបស់វត្ថុ និងរឿងផ្សេងបាន ហើយពេលអ្នកអាចស្វែងរកចំណុចល្អៗបាន ក្នុងកំឡុងពេលមានវិបត្តិអ៊ីចឹងទៅ សាកល្បងគិតលោកមើលសិនថា តើអ្នកជាមនុស្សមានសេចក្ដីសុខដល់កម្រិតណាទៅហ្ន៎!…!…
No comments:
Post a Comment