Monday, May 29, 2017

៥ប្រការគួរប្រព្រឹត្តក្នុងពេលចាស់ជរាដើម្បីសុខភាពផ្លូវចិត្ត


ចំណុចទាំង៥ ប្រការនេះ សម្ដែងប្រោសប្រទាន ដោយសម្ដេសព្រះសង្ឃរាជសកលមហាសង្ឃបរិណាយក អង្គទី១៨ បានមានថេរដីកាអំពីខគួរប្រព្រឹត្តក្នុងពេលចាស់ជរាដើម្បីសុខភាពផ្លូវចិត្ត គោលគំនិតល្អដើម្បីជីវិត សូមលើកយកមកបង្ហាញទុកអានកំសាន្តអារម្មណ៍ដូចខាងក្រោម៖


) ទទួលទានអាហារទៀងទាត់ពេលវេលា ទំពារអាហារឲ្យល្អិត ឲ្យបានយ៉ាងហោចណាស់២០ដង មុននឹងលេបចូលក្នុងបំពងក ចៀសវាងរបស់ស្អិត ស្វិត ទទួលទានបន្លែផ្លែឈើឲ្យបានច្រើន បន្ទោរបង់ឧច្ចារៈយ៉ាងហោចណាស់ ក៏មួយថ្ងៃមួយដងដែរ។

) អង្គុយ ដេកច្រើនពេក គួររកពេលដើរ ឈរ ដូចជាដើរមើលសួនសត្វចិញ្ចឹម ឬដើមឈើដែលបានដាំឲ្យបានមួយថ្ងៃមួយដង ហើយយ៉ាងហោចណាស់ចំណាយពេលទៅ ១៥-៣០នាទីរាល់ថ្ងៃ។

) មុនចូលទទួលទានដំណេក គួរងូតទឹក ជម្រះកាយឲ្យបានស្អាត ថ្វាយបង្គំព្រះតាមទម្លាប់ ឡើងដេកហើយគួរយកសៀវភៅធម៌នៅលើក្បាលដំណេកមកបើកអានពីដើម មកចុងទំព័រ គេហៅថា អានមន្ដ។ ពេលងងុយដេក ក៏មិនត្រូវបង្ខំបិទសៀវភៅទុកដែរ ត្រូវពន្លត់ភ្លើងដេក មុនដេកលក់ ចូលនឹករលឹកថា ព្រះពុទ្ធជាម្ចាស់ទ្រង់បានស្ដេចយាងនិមន្តមកអប់រំទូន្មានយើង ដល់ទីកន្លែងដេក អានចប់ហើយ ត្រូវចាប់ផ្ដើមម្ដងទៀត ឲ្យជាប្រចាំ ដណ្ដប់ភួយពីចុងជើងដល់ដើមទ្រូង ឬក្បាល ទាយជាយភួយឲ្យរៀងធូររលុងបានស្រួល។

) បើដឹងថា ទទួលទានដំណេកមិនលក់ទេ កុំទៅចាប់អារម្មណ៍ជាមួយរឿងដេកមិនលក់ ឲ្យនឹកត្រឹមតែថា ដល់ពេលដេកហើយ នឹងលក់ឬមិនលក់ ស្រេចតែរាងកាយ បណ្ដោយចិត្តតាមសប្បាយ បើនៅមិនលក់ទៀត ឲ្យដេកថ្វាយបង្គំព្រះឲ្យឮល្មមតែខ្លួនឯងឮច្បាស់ នឹងសូត្រធម៌បទណាមួយ ឬគាថាណាមួយក៏បានដែរ សារចុះសាឡើង  ទាល់តែដេកលក់ បើសិនចូលចិត្តស្ដាប់ចំរៀងខ្មែរប្រណៃណី ឬចម្រៀងសម័យ នឹងបើកស្ដាប់តិចៗ ដូចជាការបំពេរអារម្មណ៍ក៏បាន បើនៅមិនលក់ទៀត ក្រោកមកផឹកភេសជ្ជៈ ឬទឹកដោះក្ដៅឧណ្ហៗ - ក្អឹក  ឬទឹកធម្មតាកន្លះកែវ បើនៅតែមិនលក់ទៀត ឲ្យក្រោកឡើងដើរខាងក្នុងបន្ទប់ដេក ទាល់តែហត់នឿយ ហើយចាំចូលដេកវិញ។

) ក្រោយពីទទួលទានអាហារ ឬអង្គុយយូរ ទាល់តែមានអារម្មណ៍រមេះចុករោយស្រពន់ គួរអែនខ្នង ដេកឲ្យរាប ជាការសម្រាកអវៈយវៈ១៥នាទី  យ៉ាងហោចណាស់បន្ទប់ដេកកុំបិទឲ្យវាហប់សឹង គួរបើកចំហឲ្យខ្យល់អាកាសចេញចូលបានស្រួល ដេកផ្អៀងមកខាងស្ដាំ នឹងស្រួលដកដង្ហើមបានស្រួលជាងដេកផ្អៀងទៅខាងធ្វេង។

ជាចុងក្រោយនេះ សូមកើនរំលឹក លោកអ្នកមានអាយុវែងឲ្យបានជ្រោតជ្រាបពីហេតុការណ៍នៃជីវិតម្យ៉ាងទៀត ទុកជាប្រដាប់ប្រដាចំណេះដឹង គឺជីវិតរបស់មនុស្សចាស់ មានទ្រព្យសម្បត្តិមាសប្រាក់ច្រើន កាន់តែមានអាយុវែងឡើងប៉ុនណា ក៏ច្រើនតែត្រូវកូនចៅគេដាក់បណ្ដាសាឲ្យឆាប់ស្លាប់លឿន ដើម្បីពួកគេនឹងបានទទួលកេរមរតក យកទៅប្រើប្រាស់ឲ្យបានទាន់ចិត្ត បើអាយុវែងពេក ការទទួលទ្រព្យមរតករបស់ពួកគេវាយឺតយ៉ាវហើយ ឬបើលោកអ្នកណាមានអាយុវែងហើយក្រក្រី មិនមានទ្រព្យសម្បត្តិអ្វី ក៏កាន់តែត្រូវពាក្យបណ្ដាសាឲ្យប្រញាប់ស្លាប់ទៅឲ្យលឿនដែរ កូនចៅគេនឹងបានអស់កង្វល់ អស់ភារៈចិញ្ចឹមមើលថែ ខំប្រឹងចង់បានអាយុវែងយូរប៉ុនណាក៏ត្រូវកូនចៅដាក់បណ្ដាសាឲ្យ ព្រោះតែភារៈចិញ្ចឹមមើលថែរបស់កូនចៅប៉ុណ្ណោះ។


ទាំងពីរលក្ខណៈនេះ វៀរលែងតែកូនចៅ មានទឹកចិត្តពោរពេញទៅដោយការដឹងគុណនិងតបគុណប៉ុណ្ណោះ។ សូមលោកអ្នកមានអាយុវែងទាំងឡាយ ចូរចម្រើនដោយអាយុ ដែលប្រកបព្រមដោយគុណធម៌ ដើម្បីឲ្យកូនចៅសម្ដែងសេចក្ដីគោរពចងចាំ ជាបែបផែនដំណើរខ្សែជីវិតពួកគេបន្តទៅចុះ៕

រូបភាព៖ google.com

No comments:

Post a Comment