...កាលពីព្រេងនាយយូរលង់កន្លងមកហើយ
មានមេសត្វឥន្ទ្រីមួយក្បាល ក្រាបពង ដល់ពេលញាស់ចេញមកជាកូនភ្លោះ ។ មេសត្វឥន្ទ្រីចាំមើលថែបញ្ចុកចំណីកូនទាំងពីរនៅលើច្រាំងចំរេះថ្មដា។
ថ្ងៃមួយ មានខ្យល់ព្យុះបក់បោកមកចំសំបុករបស់សត្វឥន្ទ្រី បក់បោកឆក់យកកូនប្អូនធ្លាក់ចុះទៅលើផ្ទៃបាតខាងក្រោម។
ដោយនៅមានសំណាង នៅត្រង់នោះមានមេមាន់និងកូនមាន់មួយសំបុកកំពុងរស់នៅ។ មេមាន់ក៏បានចិញ្ចឹមមើលថែកូនសត្វឥន្រ្ទី
ដូចជាកូនបង្កើតរបស់ខ្លួន រហូតដល់ធំ បង្រៀនដើរតាមរបៀបមាន់ រកស៊ីតាមរបៀបមាន់ និងស្រែកយំតាមរបៀបមាន់
រហូតដល់កូនសត្វឥន្ទ្រីកូនភ្លោះនោះយល់ថា ខ្លួនឯងនោះគឺជាមាន់ពិតមែន…។ មកដល់ថ្ងៃមួយ មេសត្វឥន្ទ្រីហាត់ឲ្យកូនភ្លោះជាបងហោះហើរ
កូនភ្លោះជាប្អូនដែលរស់នៅអាស្រ័យជាមួយមេមាន់នៅខាងក្រោម ឃើញកូនភ្លោះជាបងហោះហើរ ក៏រត់ទៅសួរមេមាន់ថា
“ម៉ែៗ មើលសត្វនៅខាងលើនោះបាទ ស្អាតសង្ហាណាស់ កូនចង់ធ្វើបែបនោះណាស់”។ មេមាន់ក៏បានឮដូច្នោះ ទើបឆ្លើយតបកូនសត្វឥន្ទ្រីដែលជាប្អូនថា “កូនអើយ វាមិនអាចទៅរួចទេ ខាងលើនោះគឹជាស្ដេចសត្វ ជាសត្វឥន្ទ្រីដ៏ស្អាតសង្ហា
តែយើងជាសត្វមាន់ យើងធ្វើតាមគេមិនបានទេកូន”។ កូនសត្វឥន្ទ្រីជាប្អូនក៏ទទួលយល់ស្រប
និងបន្ដរស់នៅជាមួយមេមាន់ទៅទៀត...
ថ្ងៃនេះយើងគ្រប់គ្នា
អាចជាកូនសត្វឥន្ទ្រី ដែលអាស្រ័យនៅជាមួយហ្វូងសត្វមាន់ក៏ថាបាន ពេលយើងចង់ធ្វើអ្វីម្យ៉ាងដ៏ធំដុំ
អាចនឹងបានឮសំឡេងចេញពីបុគ្គលដែលនៅជុំវិញខ្លួនយើងថា “ មិនអាចទៅរួចទេ ធ្វើមិនបានឡើយ”
ប៉ុន្តែបើយើងនៅមិនចាប់ផ្ដើមធ្វើ និងសម្ដែងទេពកោសល្យឲ្យចេញអស់ពីសមត្ថភាពខ្លួននុ៎ះទេ
តើយើងនឹងដឹងយ៉ាងម៉េចទៅថា យើងមិនមែនជាស្ដេចសត្វឥន្ទ្រីនុ៎ះ៕
No comments:
Post a Comment