Wednesday, June 7, 2017

អ្វីៗជារបស់បណ្ដោះអាសន្ន អត្ថបទដែលមនុស្សមានស្នេហា គ្រប់គ្នាគួរចុចអាន


វត្ថុដែលយើងបាន យើងមាន យើងទទួល យើងប៉ះត្រូវ យើងកំពុងតែចងវា សុទ្ធតែជារឿងបណ្ដោះអាសន្នទាំងអស់ មិនថារឿងនោះ យើងអាចនឹងស្រឡាញ់ប្រាថ្នាចងសម្ព័ន្ធ និងហួងហែងជាមួយវាប៉ុនណាក៏ដោយ តែថ្ងៃមួយវានឹងមកពង្រាត់បង្រាសឲ្យចេញពីយើងជាក់ជាមិនខាងឡើយ។

ឬរឿងដែលយើងមិនចូលចិត្ត ស្អប់ខ្ពើម ចង់រុញច្រានវាចេញទៅឲ្យឆ្ងាយ តែក៏ត្រូវជួប ឬកំពុងប្រឈមមុខដោយសេចក្ដីទុក្ខ ប្រាថ្នាចង់ឲ្យរឿងនោះកន្លងផុតទៅដោយឆាប់រហ័ស តែក៏នៅតែមិនអាចធ្វើវាបានម្ដងណាឡើយ។ ជឿទៅចុះថា ថ្ងៃណាមួយ វាក៏ត្រូវតែបែកចេញពីយើងទៅជាក់ជាមិនខាងឡើយដូចគ្នា។

ជាធម្មតាទៅហើយ ពេលយើងចូលចិត្តរឿងអ្វីមួយ ក៏ចង់ឲ្យរឿងនោះស្ថិតនៅជាមួយយើងឲ្យបានយូរអង្វែង ទោះបីដឹងថា ថ្ងៃមួយវាត្រូវព្រាត់ប្រាសចេញពីយើងទៅក៏ដោយ ប៉ុន្តែក៏នៅតែមិនចង់ឲ្យវាព្រាត់ប្រាសទៅដដែល ទោះបីជាពេលប្រឈមមុខជាមួយនឹងការបាត់បង់ក្ដី ចិត្តក៏នៅតែមិនព្រមទទួលយក លទ្ធផលគឺត្រូវរែកពុនទូលទុក្ខទៅអស់កាលដ៏យូរ ទម្រាំធ្វើចិត្តខ្លួនបានធូរស្បើយមកវិញ។

ផ្ទុយទៅវិញ ពេលយើងមិនពេញចិត្តរឿងណាមួយ យើងចង់ឲ្យរឿងនោះកន្លងផុតទៅឲ្យលឿនបំផុត ពេលវាមិនទៅតាមសេចក្ដីចង់បានរបស់ខ្លួន យើងក៏ត្រូវទ្រាំធន់ទុក្ខវេទនានៅជាមួយស្ថានការណ៍នោះដដែល។

ការមិនបានហ្វឹកហាត់ចិត្ត ឲ្យគិតឃើញតាមការពិត ទើបនាំក្ដីទុក្ខមួយនេះមកដាក់ក្នុងជីវិតទាំងឡើងទាំងចុះ។ កើតទុក្ខពេលព្រាត់ប្រាសពីវត្ថុជាទីស្រឡាញ់។ កើតទុក្ខពេលប្រឈមមុខជាមួយរឿងដែលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត។ នេះនៅមិនទាន់រាប់ការកើតទុក្ខជាមួយសេចក្ដីប្រាថ្នាចង់បានក្នុងវត្ថុណាហើយ នៅមិនបានវត្ថុនោះផងទេ។ ជីវិតមនុស្សបុថុជ្ជន ទើបមានទុក្ខនៅក្នុងគុហារគឺដួងចិត្តជានិច្ច។

ការចូលមកសិក្សាធម្មៈគឺការសិក្សាស្វែងរកការពិតនៃជីវិត ហើយការពិតដូចអ្វីដែលបានពោលខាងលើ មាននៅលើមនុស្សគ្រប់រូប គ្មានរឿងអាថ៌កំបាំងអ្វីឡើយ ប៉ុន្តែយើងត្រូវតម្រូវការផ្លូវលោកមកបិទបាំងផ្នែកបញ្ញារបស់យើង ទើបធ្វើឲ្យយើងមិនអាចរកមើលឃើញ ឬនឹកមិនឃើញដល់ការពិតមួយនេះ។

ការពិតដែលយើងកំពុងពិចារណារាល់ថ្ងៃនេះ ដើម្បីដាស់តឿនចិត្ត កុំឲ្យមានក្ដីប្រមាទ និងព្រមប្រឈមមុខជាមួយរឿងដែលកំពុងតែកើតឡើង ដោយភាពក្លាហាន ព្រោះថ្ងៃមួយនោះនឹងត្រូវកើតឡើងដល់យើងជាក់ជាមិនខាងឡើយ នោះគឺរឿងដែលយើងបាន យើងមាន យើងទទួល សុទ្ធតែជារបស់បណ្ដោះអាសន្នទាំងអស់។

ក្នុងអតីតកាលកន្លងមក យើងធ្លាប់បានឃើញរឿងពិតនេះកើតឡើងជាមួយជីវិតម្ដងហើយម្ដងទៀត ជាអាទិ័ថា វ័យរបស់យើងក្នុងមួយខណៈៗ មិនថាវ័យនៅនៅជាទារកដេកលើកម្រាលកន្ទប វ័យចេះក្រឡាប់ វ័យចេះវារ វ័យក្មេងដែលមានមុខមាត់ស្រស់ផូរផង់ សុទ្ធតែវ័យបណ្ដោះអាសន្នទាំងអស់។ ការសិក្សាមួយថ្នាក់ទៅមួយថ្នាក់ទៀត មួយឆ្នាំហើយមួយឆ្នាំទៀត សាលារៀននីមួយៗ ឬស្ថាប័នសិក្សានីមួយៗ សុទ្ធតែរៀននៅបណ្ដោះអាសន្នទាំងអស់ដែរ។

ពេលមកដល់វ័យការងារ មនុស្សច្រើនណាស់ អាចឆ្លងកាត់មកច្រើនមុខងារ ច្រើនមុខតំណែង ច្រើនអង្គភាព ឬស្ថាប័ន។ ការងារនីមួយៗ តំណែងនីមួយៗ អង្គការនីមួយៗ ឬស្ថាប័ននីមួយៗ សុទ្ធតែជារបស់បណ្ដោះអាសន្នទាំងអស់។

បុគ្គលដែលយើងបានជួប បានប៉ះពាល់ត្រូវ ឬចងសម្ព័ន្ធភាព មិនថាក្នុងវ័យសិក្សា មិនថាក្នុងវ័យចាប់ផ្ដើមការងារ រហូតមកទល់គ្នានឹងបច្ចុប្បន្ន សុទ្ធតែមានមុខមាត់ខុសៗគ្នា មនុស្សដូចដែលបានពោលទាំងអស់ហ្នឹងកន្លងចូលមក ក៏កន្លងផុតទៅ ច្រើនគ្នាណាស់ចងសម្ព័ន្ធភាពបានត្រឹមតែបណ្ណោះអាសន្នប៉ុណ្ណោះ។

ទ្រព្យសម្បត្តិដែលយើងមាន យើងប្រើប្រាស់ ជាពិសេសគ្រឿងអលង្ការតែងលំអខ្លួន មិនដឹងជាមានការផ្លាស់ប្តូរទៅប៉ុន្មានស្លាកយីហោរហើយទេ ដែលខ្លួនបានប្រើប្រាស់ សុទ្ធតែជារបស់បណ្ណោះអាសន្នទាំងអស់។

សេចក្ដីសុខ ភាពជោគជ័យ សេចក្ដីទុក្ខ បញ្ហាគ្រប់ជំពូក ឧបសគ្គច្រើនជាន់ច្រើនថ្នាក់ ការសរសើរ ការនិន្ទាយើង ក៏បានកន្លងផុតទៅច្រើនគ្រាច្រើនដងដែរហើយ តែរឿងនីមួយៗដែលកន្លងមកហើយ ក៏កន្លងផុតទៅ សុទ្ធតែជារបស់បណ្ណោះអាសន្នទាំងអស់ហ្នឹង។ 

ពេលអតីតកាល ដែលបានឆ្លងកាត់ផុតទៅ បានជាសក្ខីកម្មសរបញ្ជាក់ឲ្យយើងឃើញពីការពិតដូច្នោះ អនាគតដែលនឹងមកដល់ខាងមុខ ប្រហែលជាមានដំណើរការទៅដូចគ្នានេះដែរ នោះគឺរឿងទាំងឡាយដែលនឹងបាន នឹងមាន នឹងទទួល មិនថាអាក្រក់ ឬល្អប៉ុនណាក៏ដោយ រឿងទាំងអស់នោះក៏ជារបស់បណ្ណោះអាសន្នតែប៉ុណ្ណោះ។

បែរត្រឡប់មកមើលបច្ចុប្បន្នកាល ដែលយើងកំពុងប្រឈមមុខវិញ តើយើងកំពុងលង់ជាមួយរឿងអ្វី? ចូរសាកល្បងប្រើអនុមានញែកចេញទៅតាមការពិត ទាំងរឿងដែលយើងមិនចូលចិត្ត មានក្ដីទុក្ខ ទាំងរឿងដែលយើងចូលចិត្ត និងមានក្ដីសុខមើលសិនថា តើរឿងទាំងអស់នោះមានអ្វីខ្លះ?

សាកល្បងបែរមករករឿងដែលចងចិត្តយើងឲ្យសប្បាយរីករាយ មានសេចក្ដីសុខមុន ចាប់ផ្ដើមពីសភាវៈរបស់ខ្លួនយើង ដូចជា ចំណេះដឹង សមត្ថភាព ភាពជោគជ័យក្នុងផ្នែកផ្សេងៗ ឋានៈជីវភាពក្នុងសង្គម ការប្រើប្រាស់ជីវិតផ្ទាល់ខ្លួន បុគ្គលិកភាព រហូតដល់សុខភាពអនាម័យ បន្ទាប់មកគិតពិចារណាអំពីបុគ្គលជាទីស្រឡាញ់ ដែលចងចិត្តយើងទុកយ៉ាងណែន ហើយបន្ទាប់មកទៀត ពិចារណាទៅលើទ្រព្យសម្បត្តិនិងគ្រឿងប្រើប្រាស់ដែលយើងពេញចិត្តគាប់ចិត្តម្ដង។

រឿងទាំងអស់នេះ មិនថាយើងត្រេកអរសប្បាយ មានក្ដីសុខច្រើនប៉ុនណាទេ ក៏កុំគប្បីមានក្ដីប្រមាទមើលស្រាលក្នុងសេចក្ដីសុខ ព្រោះក្នុងទីបញ្ចប់ទៅ រឿងទាំងអស់នោះ ក៏ត្រូវផ្លាស់ប្តូរ ទ្រាំធន់នៅក្នុងសភាពដើមមិនបាន។ ការផ្លាស់ប្តូរដែលនឹងកើតឡើងខ្លះ អាចនឹងនាំក្ដីរីករាយពេញចិត្តដល់យើងឲ្យប្រសើរឡើង ឬរឿងខ្លះទៀត អាចនឹងមានការខកចិត្តមកឲ្យយើងក៏មាន ទោះបីជានាំការខកចិត្ត ឬសមបំណងមកឲ្យយើងក៏ដោយ រឿងទាំងអស់នោះ ក៏ត្រូវមានការប្រែប្រួលផ្លាស់ប្តូរបន្ដទៅទៀត មានដូច្នេះជាប់មិនដាច់ ព្រោះជារបស់បណ្ណោះអាសន្នហ្នឹងឯង។ 

ផ្ទុយមកវិញ បើមានរឿងខ្លះយើងកំពុងប្រឈមមុខ នាំទុកមកឲ្យយើង ទោះបីជាយើងចង់នឹងរួចផុតចេញពីសភាពដូចពោលខាងលើ ក៏ប៉ុន្តែមិនអាចឆ្លងកាត់ទៅបានក្ដី ចូរកុំអស់សង្ឃឹមរារែក ឲ្យស៊ូទ្រាំក្រាញននៀលបន្ត ដល់ថ្ងៃមួយសភាពដូច្នេះ ក៏ត្រូវមានការផ្លាស់ប្ដូរ អាចផ្លាស់ប្ដូរទៅលើផ្លូវ ដែលនាំឲ្យយើងកើតទុក្ខខ្លាំងឡើង ឬអស់ក្ដីសៅហ្មងចិត្តក៏អាចថាបាន ប៉ុន្តែមិនថា វាផ្លាស់ប្ដូរទៅទិសណាទេ ទីបំផុតទៅ រឿងទាំងអស់ហ្នឹង នឹងមានការប្រែប្រួលជាបន្តទៀត ព្រោះតែមួយខណៈៗនៃជីវិត សុទ្ធតែជារបស់បណ្ណោះអាសន្នទាំងអស់។ ពេលការពិតមានដូច្នេះ ជីវិតរបស់មនុស្សម្នាក់ៗ សុទ្ធតែឋិតនៅលើការប្រែប្រួលមិនទៀងទាត់តែទាំងអស់ហ្នឹង។

ហេតុបច្ច័យដែលមានផលប៉ះពាល់ចំពោះសុខទុក្ខរបស់មនុស្សយើងនោះ អាចមាន ៤យ៉ាងគឺ ភាពជោគជ័យក្នុងមុខងារការងារ កម្រិតសេដ្ឋកិច្ច សុខភាពអនាម័យ និងបុគ្គលិកភាពក្នុងគ្រួសារ។

ក្នុងហេតុបច្ច័យទាំង៤យ៉ាងនេះ អ្នកខ្លះអាចទទួលបានភាពជោគជ័យទាំង៤យ៉ាង អ្នកខ្លះទៀតអាចនឹងទទួលបានខ្លះ មិនបានទទួលខ្លះ ហើយអ្នកខ្លះទៀត អាចនឹងបរាជ័យទាំង៤យ៉ាងនេះតែម្ដង ប៉ុន្តែមនុស្សម្នាក់ៗ ក៏ត្រូវដើរបន្តនៅលើមាគ៌ានៃការផ្លាស់ប្ដូរ ដែលមានទាំងអាក្រក់ និងល្អជានិច្ច។

គ្រប់គ្នា ម្នាក់ៗប្រាថ្នាចង់នឹងប្រើប្រាស់ជីវិតរបស់ខ្លួននៅលើផ្លូវល្អ នឹងឲ្យសមតាមប្រាថ្នាបានដោយការសាងអំពើល្អឲ្យបានច្រើនឡើង នោះគឺជាការធ្វើរឿងដែលជាគុណប្រយោជន៍ចំពោះខ្លួនឯង និងអ្នកដទៃ ហើយនឹងសង្គមជាតិ។ ក្នុងពេលដំណាលគ្នានេះដែរ កុំធ្វើរឿងអ្វី ដែលមានទុក្ខទោសចំពោះខ្លួនឯង ចំពោះអ្នកដទៃ និងចំពោះសង្គមជាតិ។

ប្រសិនក្នុងពេលដំបូងផលល្អ នៅមិនទាន់ហុចផលតបស្នងឲ្យទេ ព្រោះវិបាកកម្មចាស់ ដែលធ្លាប់ធ្វើមិនល្អកំពុងកាត់ផ្ដាច់ ប៉ុន្តែទោះជាយ៉ាងនេះក្ដី កុំអាលអស់សង្ឃឹម សូមឲ្យខំប្រឹងប្រែងធ្វើអំពើល្អបន្តទៅទៀតឲ្យបានជារឿយៗ ពេលអំពើល្អមានកម្លាំងខ្លាំងឡើង ខណៈពេលអកុសលទន់ខ្សោយកម្លាំង ឬអស់ទៅ យើងក៏នឹងបានជួបប្រសព្វជាមួយសេចក្ដីសុខយ៉ាងពិតប្រាកដ ទោះបីសេចក្ដីសុខដែលបានមកមិនទៀងក្ដី មួយគ្រាក្ដី អាចនឹងទទួលយកបាន ធ្លាក់ចូលទៅក្នុងទីទាបមិនយូរ ថាមពលនៃអំពើល្អនឹងជួយយឹតយោងយើងឡើងមករកល្អវិញជាក់ជាមិនខាងឡើយ។

ទោះបីជាជីវិតរបស់យើងនឹងមិនបានយូរអង្វែង បានក្នុងគ្រាបណ្ណោះអាសន្នក៏ដោយ តែអំពើល្អដែលយើងបានធ្វើ សាបព្រោះ សន្សំទុកមក នឹងឋិតថេរបានយូរអង្វែងទៅ។ ក្រៅពីនេះ ក៏បានជាស្បៀងបុណ្យកុសល ហុចផលានិសង្សទុកឲ្យយើងបានទទួលប្រើប្រាស់ក្នុងជាតិមុខបន្តទៅទៀតដែរ៕

 

No comments:

Post a Comment