តាមពិតទៅ ចិត្តពេលណាមានក្ដីប្រាថ្នាចង់បាន
បើធៀបជាមួយពេលដែលគ្មានក្ដីប្រាថ្នាចង់បាននោះ វាមានការខុសប្លែកគ្នាច្រើនណាស់។
ចិត្តពេលមានសេចក្ដីលោភ ឬសេចក្តីប្រាថ្នាចង់បាននោះ វាពុំមានក្ដីសុខ មានតែភាពក្ដៅក្រហាយ
អន្ទះអន្ទែង កន្ទុកកន្ទេញ ក្រវល់ក្រវាយ ច្រួលច្រាលអារម្មណ៍
ដើម្បីឲ្យបាននូវអ្វីដែលខ្លួនប្រាថ្នាចង់បាន ប៉ុន្តែចិត្តពេលមិនមានសេចក្ដីប្រាថ្នាចង់បាន
សេចក្ដីលោភលន់នោះ ក៏មានសេចក្ដីសុខខ្លាំង លើកយកការប្រៀបធៀបនេះ ឲ្យវាងាយស្រួលគឺ
ក្នុងពេលដេកលក់ និងពេលភ្ញាក់ឡើង ពេលលក់គ្មានបំណងប្រាថ្នាចង់បានអ្វីឡើយ
តែពេលភ្ញាក់ឡើងមានសេចក្ដីប្រាថ្នាចង់បាន មនុស្សគ្រប់រូបមានដំណើរសភាវគតិនេះដូចៗគ្នា
គ្មានអ្នកណាមួយអត់មាននោះទេ ពេលណាជាពេលសប្បាយបំផុត មនុស្សគ្រប់គ្នា អាចឆ្លើយបាន
និងឆ្លើយតបចំពោះបញ្ហានេះដូចៗគ្នាទាំងអស់។
មនុស្សដែលលង់លក់បាត់ទៅហើយ ស្ងប់ឈឹងហើយ
ពីការប្រាថ្នាចង់បាន មិនថាលង់លក់លើពូកដ៏ទន់ល្មៃក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ មានភាពល្អប្រណីតប៉ុនណា
ឬលង់លក់លើដីពាសពេញដោយគ្រាប់ខ្សាច់និងគ្រួសប៉ុនណា រមែងមានក្ដីសុខ
ព្រោះចិត្តបានផុតអំពីអំណាចនៃសេចក្ដីប្រាថ្នាចង់បាន សេចក្ដីលោភលន់ ដែលជាមូលហេតុចមនៃសេចក្ដីទុក្ខ
សេចក្ដីក្ដៅក្រហាយហើយនុ៎ះ។
ទោះបីជាគិតប្រៀបធៀបអំពីសេចក្ដីសុខ
និងសេចក្ដីទុក្ខរបស់មនុស្សដេកលក់ ជាមួយនឹងភ្ញាក់ឡើង ឋិតនៅជាមួយសេចក្ដីសុខ
ឬសេចក្ដីទុក្ខរបស់មនុស្ស មានសេចក្ដីប្រាថ្នាចង់បានហួសហេតុពេកនៅក្នុងចិត្ត ហើយជាមួយមនុស្សដែលមានសេចក្ដីសន្តោសតាមមានតាមបាន
មានប្រាថ្នាចង់បានតិចតួច ក៏នឹងរកចម្លើយឃើញមួយយ៉ាងច្បាស់លាស់
ដែលគួរដល់ការសម្រេចចិត្តជ្រើសរើសបានថា គួរព្យាយាមធ្វើចិត្តរបស់ខ្លួន
ឲ្យមានក្តីប្រាថ្នាចង់បានតិចឡើង។
មនុស្សគ្រប់គ្នាត្រូវការសេចក្ដីសុខ
សេចក្ដីសប្បាយស្រួលចិត្តដូចៗគ្នាទាំងអស់ ប៉ុន្តែមនុស្សគ្រប់រូប
នៅមិនទាន់បានទទួលវត្ថុដែលខ្លួនត្រូវការ ព្រោះចិត្តនៅមានសេចក្ដីប្រាថ្នាចង់បាន
ឬសេចក្ដីលោភលន់នេះឯងនៅក្រាស ដោយមិនបានព្យាយាមកាត់បន្ថយចំណង់មួយនេះឲ្យនៅតិច
មើលទៅដោយមិនបានគិត ឲ្យបានប្រត្យក្សក្នុងសច្ចភាពថា សេចក្ដីលោភលន់ គឺជាមូលហេតុដ៏ធំមួយ
ដែលនាំឲ្យកើតទុក្ខ ឲ្យក្ដៅក្រហាយ គ្មានសេចក្ដីសុខ
គ្មានសេចក្ដីសប្បាយចិត្តអ្វីទាំងអស់។ សព្វថ្ងៃនេះ ទោះបីធ្វើសតិ គិតពិចារណាច្បាស់លាស់ក៏ធ្វើបានដោយលំបាក
ថាសេចក្ដីទុក្ខ សេចក្ដីតានតឹងចិត្ត ភាពក្រវល់ក្រវាយចិត្ត វាកើតមានតាំងពីណាពីណីមក
វាមើលទៅដូចជាកើនទ្វេឡើង ក្នុងសម័យកាលសព្វថ្ងៃ នៃសម័យកាលសម្ភារនិយមនេះ
វាបង្កបង្កើតឡើងពីសេចក្ដីលោភលន់ ឬសេចក្ដីប្រាថ្នាចង់បានមិនចេះចប់នេះឯង ជារឿងចម្បង។
----------------------
អប់រំដោយ
ព្រះញាណសំវរៈ
No comments:
Post a Comment