អំពើល្អនេះប្រៀបដូចជាអាវក្រោះការពារខ្លួន
ពុទ្ធសុភាសិតមួយបទ
ដែលមានខ្លឹមសារពោលទុកថា “បុគ្គលណារក្សាខ្លួនបាន ខាងក្រៅរបស់បុគ្គលនោះ ក៏ជាទីរក្សាផងដែរ” ។ មានន័យសេចក្ដីមួយផ្សេងទៀតនៃពុទ្ធភាសិតនេះថា “បុគ្គលណារក្សាខ្លួនបាន
បុគ្គលដទៃក៏នឹងរក្សាបុគ្គលនោះផងដែរ” ។ ក្នុងន័យនេះ
គួរធ្វើឱ្យកើតមានភាពកក់ក្ដៅ មានសុវត្ថិភាពយ៉ាងក្រៃលែង សម្រាប់បុគ្គលដែលដឹងខ្លួនថា
ខ្លួនអាចរក្សាបានហើយ ដែលមានភាពកក់ក្ដៅក្នុងចិត្តថា មិនមានទុក្ខភ័យណាមួយ
អាចកើតឡើងចំពោះខ្លួន ដោយមានអ្នកដទៃជួយការពាររក្សា ប៉ុន្តែការរក្សាខ្លួនបាននោះជាបញ្ហាសំខាន់
ជារឿងមួយដែលមនុស្សយើងមិនអាចធ្វើបានងាយស្រួលឡើយ ត្រូវមានសតិ ត្រូវមានការតាំងចិត្តផ្គងចិត្តពិត
ទើបខ្លួនអាចធ្វើបានដូចនោះ
បើសិនមនុស្សម្នាក់ៗ ចង់បានសុវត្តិភាពដល់ជីវិតខ្លួន
ត្រូវខិតខំរក្សាខ្លួនមួយនេះឱ្យបាន ។
បុគ្គលដែលរក្សាខ្លួនបានគឺបុគ្គលដែលមានអំពើល្អ ដែលគេនិយាយថា រក្សាខ្លួននោះ បើនិយាយឱ្យរៀងវែងឆ្ងាយជាងនេះបន្ដិច ពោលគឺសេចក្ដីល្អរក្សាខ្លួននោះឯង មិនមានន័យផ្សេងក្រៅពីនេះទេ គ្មានបុគ្គលណាមួយអាចរក្សាខ្លួនបាន បើសិនជាខ្លួនគ្មានអំពើល្អ បើសិនខ្លួនមិនបានធ្វើល្អឱ្យបានគ្រប់គ្រាន់ពេញលេញនោះទេ ។ ព្រះធម៌រមែងរក្សាបុគ្គលណាប្រព្រឹត្តធម៌ គឺក្នុងន័យបុគ្គលប្រព្រឹត្តល្អនោះឯង រមែងមានអំពើល្អនោះរក្សា រមែងមានខ្លួនជាទីរក្សារបស់ខ្លួនបាន។ ដូចនោះ រឿងដែលត្រូវធ្វើត្រូវបំពេញជារឿងសំខាន់ណាស់ សម្រាប់មនុស្សគ្រប់គ្នាដែលត្រូវរក្សាខ្លួន គឺសេចក្ដីល្អគ្រប់យ៉ាង ដែលស្តែងចេញតាមរយៈកាយ វាចា និងចិត្ត ។
ការធ្វើខុស
ការធ្វើអំពើអាក្រក់ មិនថាតិចឬច្រើនប៉ុនណា ទោះបីបុគ្គលដទៃមិនបានឃើញ មិនបានដឹងឮក៏ដោយ
ប៉ុន្តែខ្លួនត្រូវដឹងត្រូវឃើញក្នុងកំហុស ភាពអាក្រក់របស់ខ្លួនច្បាស់ជាងអ្នកដទៃ ។
អារម្មណ៍នោះឯងជាគ្រឿងធ្វើឱ្យខ្លួនលែងមានក្ដីសុខ ផ្ទុយពីបុគ្គលសាងនូវអំពើល្អ
អំពើត្រឹមត្រូវទាំងឡាយ បុគ្គលប្រភេទក្រោយនេះឯង ទោះបីមិនសំបូរលាភ គ្មានកិត្តិយសកេរ្មិ៍ឈ្មោះ
មិនល្បីល្បាញ ជាបុគ្គលសាមញ្ញក៏ដោយ ប៉ុន្តែបុគ្គលនេះមានសេចក្ដស្ងប់សុខចិត្តដែលមានតម្លៃខ្ពស់ជាងលាភយស
កេរ្តិ៍ឈ្មោះល្បាញល្បី ដែលបានមកដោយអំពើមិនត្រឹមត្រូវ ដែលអាចនាំអាជ្ញាឱ្យជាប់តាមខ្លួនបាន
គេហៅថាបុគ្គលធ្វើអាក្រក់ អំពើក្បត់ពីឧត្តមគតិ ធ្វើអំពើទុច្ចរិតទាំងឡាយ ជាបុគ្គលរក្សាខ្លួនមិនបាន
បុគ្គលទាំងឡាយដទៃ មិនបានជួយរក្សាផងទេ ផលរមែងអសុវត្ថិភាព អស្ថិរភាព
កើតឡើងតាមផ្លូវកាយ និងផ្លូវចិត្ត គឺចិត្តបុគ្គលនោះរមែងក្តៅក្រហាយ
ខ្វាយខ្វល់លែងមានសេចក្ដីស្ងប់
កាយក៏អាចនាំទៅរកភាពក្រហល់ក្រហាយអន្ទះអន្ទែងក្ដៅរោលរាលនៅថ្ងៃមួយជាក់ជាមិនខានឡើយ ។
បុគ្គលនឹងល្អបាន
សំខាន់ត្រូវមានចិត្តល្អជាមុនសិន ព្រោះចិត្តជាធំ ចិត្តជាប្រធាន អ្វីគ្រប់យ៉ាងសម្រេចដោយចិត្ត
រក្សាចិត្តឱ្យបានល្អប៉ុនណា ក៏ឈ្មោះថារក្សាខ្លួនបានប៉ុណ្ណោះ ។ ចិត្តមួយនេះ
ហ៊ុំព័ទ្ធរួមរឹតទៅដោយសេចក្ដីលោភលន់ សេចក្ដីក្រោធខឹង និងសេចក្ដីវង្វេងច្រើនប៉ុនណា
ខ្លួនដែលមានចិត្តនោះគ្របសង្កត់ហើយ ក៏ជាខ្លួនរកល្អមិនបានប៉ុណ្ណោះ
ការស្រឡាញ់ខ្លួនរបស់បុគ្គលដែលមានចិត្តដូច្នោះ
រមែងមិនមានសេចក្ដីស្រឡាញ់ត្រឹមត្រូវឡើយ ទោះបីមិនដឹងថា ខ្លួនជាទីស្រឡាញ់ខ្លួនក៏ដោយ
នោះក៏ឈ្មោះថាស្រឡាញ់ខ្លួន មានសមត្ថភាពរក្សាខ្លួនបានត្រឹមប៉ុណ្ណោះ ។
No comments:
Post a Comment