Thursday, September 14, 2017

មធ្យោយបាយ១០ប្រការក្នុងការជ្រើសរើសបំពេញបុណ្យ


មធ្យោយបាយ១០ប្រការក្នុងការជ្រើសរើសបំពេញបុណ្យ

មធ្យោយបាយក្នុងការជ្រើសរើសបំពេញបុណ្យ កាលបើនិយាយអំពីរឿងធ្វើបុណ្យធ្វើទាននោះ មានមនុស្សជាច្រើនគិតនឹកដល់ភ្លាមក្នុងការបរិច្ចាគរបស់ខ្លួន ត្រូវតែមានលុយកាក់នេះ ជាបច្ច័យចម្បង ហើយអាចមានជំនឿជឿជាក់កាន់តែខ្លាំងឡើងថា រឹតតែធ្វើច្រើនរឹតតែបានបុណ្យកុសលច្រើន  ប៉ុន្តែបើថ្ងៃណាមួយ ដែលខ្លួនខ្វះបច្ច័យនេះ ខ្លួនចង់បំពេញបុណ្យបន្តទៅទៀតមិនបាននុ៎ះ តើក្នុងព្រះពុទ្ធសាសនា មានមធ្យោបាយណា ដែលអាចធ្វើឲ្យខ្លួនធ្វើបុណ្យកុសលបានខ្លះ ក្រៅពីលុយកាក់នេះទេ?

លោកម្ចាស់ វជីរមេធី ធ្លាប់មានថេរដីកាអំពីរឿងការបំពេញបុណ្យកុសលនេះថា គិតឲ្យមែនទែនទៅ ការធ្វើបុណ្យកុសលនេះ ស្ទើរតែមិនចាំបាច់ប្រើលុយកាក់ឡើយ ។ ប្រិយមិត្តអ្នកអានអាចសាកល្បងអានមើលមធ្យោបាយទាំង១០ ក្នុងការបំពេញបុណ្យកុសលតាម មគ្គវិធីក្នុងការបំពេញបុណ្យកុសល ឬកសាងបុណ្យទាំង១០ ប្រការ ដែលអាចឲ្យប្រិយមិត្តអ្នកអាន យកទៅប្រើប្រាស់បានគ្រប់កាលៈទេសៈទាំងអស់ ដូចគោលគំនិតល្អដើម្បីជីវិត លើកយមករៀបរាប់ដូចខាងក្រោម៖

មគ្គវិធីក្នុងការបំពេញបុណ្យកុសលកម្មទាំង ១០

_**បំពេញបុណ្យកុសលដោយការចែករំលែកវត្ថុ របស់របរប្រើប្រាស់ គ្រឿងអាស្រ័យមានបច្ច័យ៤ (មានគ្រឿងស្លៀកពាក់ខោអាវ ច្បង់ស្បៃត្រៃចីវរ គ្រឿងហូបចុក ទីសំណាក់អាស្រ័យ និងថ្នាំកែរោគគ្រប់យ៉ាងជាដើម) ។
_**បំពេញបុណ្យកុសលដោយការរក្សាសីលប្រាំ ចាំសីលប្រាំបី តាមបំពេញសីល១០ ជាដើម ។
_**បំពេញបុណ្យកុសលដោយការចម្រើនចិត្តភាវនា មានសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ដែលជាវិធីញ៉ាំងចិត្តសត្វលោកពីទាបថោកឲ្យទៅរកឧត្តមភាព ពីបុថុជ្ជន ក្លាយទៅជាឧត្តមជន ពីសាមញ្ញជន ទៅកាន់អរិយជន ។
_**បំពេញបុណ្យកុសលដោយការដាក់កាយបន្ទាបខ្លួន គោរពបូជាដល់បុគ្គលដែលមានគុណវុឌ្ឍិ មានសមណសក្យបុត្តអ្នកបួសក្នុងព្រះពុទ្ធសាសនា ព្រះចេតិយ ព្រះស្ដុប ព្រះពុទ្ធបដិមា ដូចពាក្យខ្មែរតែងពោលអប់រំកូនចៅថា “ចូលវត្តសំពះព្រះ នៅផ្ទះសំពះម៉ែឪ ដើរតាមផ្លូវសំពះចាស់ទុំ ឬងើយស្កក ឱនដាក់គ្រាប់” ជាដើម ។
_**បំពេញបុណ្យកុសលដោយការលះបង់កម្លាំងកាយ ទៅជួយខ្វល់ខ្វាយកិច្ចការអ្នកផង និងជួយធ្វើកិច្ចការមនុស្សធម៌សម្រាប់សង្គម
_**បំពេញបុណ្យកុសលដោយការចែករំលែកអំពើល្អ ឲ្យមនុស្សដទៃគេបានត្រេកអរអនុមោទនាយកបុណ្យកុសល ។
_**បំពេញបុណ្យកុសលដោយការអនុមោទនា ឬត្រេកអររីករាយដែលឃើញមនុស្សដទៃគេមានសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿង មានសុភមង្គលក្នុងគ្រួសារ និងសង្គម ។
_**បំពេញបុណ្យកុសលដោយការស្តាប់ព្រះធម៌ រៀនព្រះធម៌ ក្រេបជញ្ជក់យកនូវឱជារសរបស់ព្រះធម៌ ដែលមានប្រយោជន៍ដល់ជីវិត និងសង្គម ។
_**បំពេញបុណ្យកុសលដោយការសម្ដែងព្រះធម៌ ចែកចាយធម្មទាន វិទ្យាទាន មានបង្ហាត់បង្រៀន ពន្យ៉ែពន្យល់ បក់ស្រាយតាមហេតុបច្ច័យពិតក្នុងរឿងជីវិត ។
_**បំពេញបុណ្យកុសលដោយមានការយល់ឃើញត្រូវ ជឿលើច្បាប់កម្ម ជឿតាមគោលការណ៍ហេតុផល។ល។

ក្នុងព្រះត្រៃបិដកនៅត្រង់កន្លែងខ្លះ មានការបញ្ជាក់អំពីការបំពេញបុណ្យបន្ថែមទៅទៀតថា ជនទាំងឡាយណា ធ្វើសួនច្បារ ដាំកូនឈើ សាងស្ពាន ធ្វើផ្លូវ រៀបចំទូកចម្លង ចាត់ចែងទឹកបរិភោគ ជីកស្រះ ជីកអណ្ដូង សាងសង់លំនៅដ្ឋាន, បុណ្យរបស់ជននោះ រមែងចម្រើនទាំងថ្ងៃទាំងយប់, ជនទាំងឡាយនោះជាអ្នកមានគុណធម៌ មានសីល រាប់បានថា មានដំណើរទៅក្នុងផ្លូវនៃអំពើល្អហើយ។

អ្វីដែលបានសរសេរពោលខាងលើ នឹងយល់ឃើញថា វិធីបំពេញបុណ្យកុសលនេះ មិនមែនមានត្រឹមតែការបរិចាគទាន ត្រូវចំណាយលុយតែម្យ៉ាងប៉ុណ្ណោះទេ ថែមទាំងមានវិធីដទៃច្រើនប្រការទៀត ក្នុងការឲ្យប្រិយមិត្តអ្នកអានចូលចិត្តធ្វើទៅតាមអធ្យាស្រ័យរបស់ខ្លួន ដូច្នេះស្មេរមានជំនឿយ៉ាងមុតមាំក្នុងចិត្តថា ក្នុងការបំពេញបុណ្យដ៏ពិតប្រាកដ តាមគោលការណ៍ព្រះពុទ្ធសាសនានោះ សូមបញ្ជាក់មិនមែនមានតែលុយកាក់មួយមុខនេះទេ ។ គ្រប់គ្នាក៏អាចមានសិទ្ធិក្នុងការសម្រេចចិត្តក្នុងការបំពេញបុណ្យកុសលតាមវិធីទាំង១០នេះណាមួយក៏បាន ជាផ្លូវអាចចូលទៅដល់បុណ្យកុសលទាំងនេះបានស្មើភាពគ្នាទាំងអស់ ៕



No comments:

Post a Comment