Wednesday, September 27, 2017

មនុស្ស៧ជំពួក


មនុស្ស៧ជំពួក

ប្រិយមិត្តអ្នកអានទាំងឡាយ ជាទីរាប់អាន ដូចជាយើងធ្លាប់បានដឹង បានអានរួចមកហើយ ឬក៏ធ្លាប់បានស្ដាប់ព្រះសង្ឃទេសនាតាមបុណ្យ តាមប៉ុស្ដិ៍វិទ្យុនានាថា មនុស្សមានបួនប្រភេទ គឺ មនុស្សមានរូបរាងកាយជាមនុស្ស តែចិត្តជាសត្វ ជាប្រេត ជាមនុស្ស និងជាទេវតា ។ ប៉ុន្តែថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត ចង់លើកយកមនុស្សដែលមានរាងកាយជាមនុស្ស មានចិត្តគំនិតផ្សេងៗគ្នា តើចិត្តនេះ លោកអ្នកប្រាជ្ញ ចែកចេញជាមនុស្សប៉ុន្មានជំពួក? 

មនុស្សមាន ៧ ចំពួក តើមនុស្ស ៧ ជំពួក មានអ្វីខ្លះ?

មនុស្សតិរច្ឆានោ តើហេតុអ្វីបានហ៊ានថាមនុស្សតិរច្ឆានោ?
មើលចុះ! រាងកាយជាមនុស្ស តែមានចិត្តជាសត្វតិរច្ឆាន
គឺជាសត្វពូកែខ្ជិលច្រអួស ទទួលបានអាហារហើយក៏ដេក
មិនចេះក្រាប មិនចេះសំពះ មិនចេះរក្សាសីលចម្រើនភាវនាអ្វីទាំងអស់
មិនចេះធ្វើបុណ្យដាក់ទានអ្វីឡើយ ដូចជាសត្វតិរច្ឆាននុ៎ះឯង ។
មនុស្សណាមានសភាពបែបនេះ ស្លាប់ពីលោកនេះ ទៅកើតក្នុងកំណើតសត្វតិរច្ឆាន
មើលចុះ! ពិចារណាមើលចុះ! មានរាងកាយជាមនុស្ស តែចិត្តគំនិតជាសត្វតិរច្ឆាន ។
  
មនុស្សបេតោ រាងកាយជាមនុស្ស តែចិត្តជាសត្វប្រេត
វាមានចិត្តមោហោ ទោសោ ចង់អាឃាត តាមព្យាបាទ
មានក្ដីល្មោភលោភលន់ខ្លាំង មានភ្លើងព្យាបាទចងអាឃាតជាប់មិនដាច់
មើលចុះ! មានចិត្តអាឃាតព្យាបាទហ្នឹងឯងមនុស្សបេតោ
មានរាងកាយជាមនុស្ស មានចិត្តគំនិតជាប្រេត
កាលបើស្លាប់រំលត់ខន្ធពីលោកនេះ ទៅយោនយកកំណើតជាសត្វប្រេត
មានសេចក្ដីស្រេកឃ្លានជាកម្មាំង ។
  
មនុស្សនិរយេ រាងកាយជាមនុស្ស តែចិត្តជាសត្វនរក ។
ចិត្តជាសត្វនរក គឺងងឹតងងុល កើតទុកព្រួយមិនចេះចប់ 
ខ្វល់ចិត្តមិនចេះហើយ ញ៉ាំងទុក្ខឱ្យកើតក្ដៅងំជាប់មិនដាច់
មើលចុះ! ហ្នឹងឯងហើយ ជាសត្វនរក រំលត់ខន្ធបែកធ្លាយកាយពីលោកនេះ 
ទៅកើតជាសត្វនរក មានទុក្ខជាកម្លាំង ទទួលរងផលកម្មនៃសេចក្ដីទុក្ខវេទនាខ្លាំង ។ 
មនុស្សប្រភេទនេះ បើមិនកើតជាសត្វនរកទេ មកកើតជាមនុស្សវិញ 
ក៏ជាមនុស្សថោកទាប បាតផ្សារ បាទសង្គម 
ជាមនុស្សច្រើនគេមើលងាយមើលថោក
មានចិត្តគំនិតទាប បញ្ញាអន់ថយ ។ 
តើចិត្តទាបថោក អធិប្បាយយ៉ាងម៉េចទៅ?
កើតជាមនុស្សគថ្លង វិកលចរិត ពិការភ្នែក មាត់ក្រឆែម 
មាត់វេច ខ្នងគម ដៃខ្វក់ខ្វង់ រន្ធគូថមូដលាមកដូរខុសកន្លែងគ្នា 
បន្ទោរបង់ម្ដងៗសែនវេទនាលំបាកក្រៃ ។
មនុស្សមានចិត្តបែបនេះ  បើបានកើតជាមនុស្សទៀត  
ក៏កើតជាមនុស្សថោកទាប ដដែល។
មើលចុះ! ចិត្តយើងគ្រប់គ្នា មិនថាភិក្ខុ មិនថាសាមណេរ 
មិនថាបុរស មិនថាស្រ្តី  
ចាំស្ដាប់ណា នឹងពន្យល់បកស្រាយ សម្រាយឱ្យស្តាប់ 
បើសិនជាកើតមានដូច្នោះមែន យើងមិនត្រូវការ ឈប់បានក៏ឈប់ទៅ 
បើលះបង់បានក៏លលះបង់ទៅ
ធ្វើយ៉ាងណា ឱ្យស្គាល់អ្វីល្អ អ្វីអាក្រក់ អ្វីខុស អ្វីត្រូវ 
ចេះស្តាប់ ចេះពន្យល់ប្រាប់ឱ្យស្ដាប់បានផង ។

មនុស្សទេវោ រាងកាយជាមនុស្ស ចិត្តជាទេវតា
ចិត្តមនុស្សដែលមានទាន មានសីល មានភាវនា ចេះគោរពបូជា 
ក្រាបសំពះថ្វាយបង្គំព្រះរតនត្រៃ ចាស់ទុំ គ្រូតូចគ្រូធំ ត្រកូលរាមច្បង
មនុស្សដែលមានចិត្តខ្មាសអំពើបាប ក្រែងខ្លាចអំពើបាប 
លះបង់អបាយមុខ មានចិត្តត្រេកអរ មានចិត្តភ្លឺថ្លា មានចិត្តរីករាយសប្បាយក្នុងអំពើល្អ
មនុស្សមានសភាពបែបនេះ កាលបើបែកកាយ រំលាយខន្ធពីលោកនេះ
ទៅយោនយកកំណើតកើតក្នុងសុគតិភព កើតជាទេវបុត្រ ទេពធីតា ។
រឿងនេះកើតមានដូច្នោះ មើលចុះ ពិចារណាផង!

មនុស្សព្រហ្មា មានរាងកាយជាមនុស្ស មានចិត្តជាព្រហ្ម ។
តើចិត្តជាព្រហ្មនោះដូចម្ដេច?
ចិត្តជាព្រហ្មនោះគឺ ជាមនុស្សមានព្រហ្មវិហារធម៌ជាគ្រឿងតាំងនៅ
មានចិត្តទំនេរ មិនមានអ្វីជាប់ជំពាក់ ដូចជាលំហអាកាសនោះឯង
ទំនេរទាំងអស់ គ្មានកង្វល់ជាប់តាមចិត្ត
មិនជាប់ជំពាក់គ្រឿងលាភសក្ការៈគ្រប់បែបយ៉ាង
នៅសល់តែអរូបចិត្ត បែកកាយរំលត់ខន្ធចេញពីលោកនេះ
ទៅកើតក្នុងឋានព្រហ្មលោក
បើចង់ដឹង ចង់ស្គាល់ សាកល្បងធ្វើលោមើល៍!
  
មនុស្សអរហន្តោ មានរាងកាយជាមនុស្ស មានចិត្តជាព្រះអរហន្ត ។
គឺលះបង់កិលេស លះបង់តណ្ហា ។
កិលេសជាគ្រឿងញ៉ាំងចិត្តឱ្យសៅហ្មង
តណ្ហាគឺជាគ្រឿងតម្រេកប្រាថ្នាចង់បាន 
ឬសេចក្ដីល្មោភលោភលន់ ចង់បានមិនចេះស្កប់ស្កល់ជិនណាយ 
គ្រឿងនាំចិត្តឱ្យមានសេចក្ដីក្រវល់ក្រវាយ
លោកលះបង់កិលេសតណ្ហា រាគៈ លោភៈ ទោសៈ 
មោហៈ អវិជ្ជា តណ្ហាឧបាទាន ភពជាតិ លះដាច់ហើយក្នុងសន្តាន 
មិនមានគ្រឿងទាំងនេះជាប់នៅក្នុងចិត្តលោកទៀតឡើយ ។
កាលបើស្លាប់ទៅ ក៏ចូលកាន់ឋានបរមសុខពោលគឺព្រះនិព្វាន
រំលត់អស់នូវទុក្ខសោកក្នុងសង្សារវដ្ដ លែងវិលកើតវិលស្លាប់តទៅទៀត ។

យើងទាំងអស់គ្នា ដែលមានសទ្ធាជ្រះថ្លាចំពោះគុណព្រះពុទ្ធ ព្រះធម៌ 
និងព្រះសង្ឃថ្លៃ ជឿលើកម្មផលជាផលនិស្ស័យរបស់ខ្លួន 
ចូលមកហ្វឹកហ្វឺនអប់រំចិត្ត គប្បីសម្លឹងមើលពិចារណាថា  
យើងកុំទៅសម្លឹងមើលខ្លួនអ្នកដទៃ យើងមកអង្គុយសម្លឹងមើលពិនិត្យមើលចិត្តខ្លួនឯងវិញ
ហើយក៏មិនមែនមើលមេឃដីទេសភាពឯណាឯណីដែរ ។
សួរខ្លួនឯងថា តើចិត្តរបស់ខ្លួននោះប្រព្រឹត្តទៅយ៉ាងម៉េចដែរហើយ 
តើវាចំលើការអធិប្បាយបកស្រាយដូចប្រការណាមួយ វាមិនត្រឹមត្រូវត្រង់ចំណុចណាមួយ?

មនុស្សពុទ្ធោ មានរាងកាយជាមនុស្ស មានចិត្តជាព្រះ។
ព្រះពុទ្ធជាម្ចាស់ ក៏ជាមនុស្សដូចជាពួកយើងនេះ
ថារឿងភពជាតិរបស់ព្រះអង្គ មាតាបិតារបស់ព្រះអង្គក៏មាន
បុត្រភរិយាព្រះអង្គក៏មាន ព្រះអង្គជាមនុស្សដូចជាយើងនេះឯង
ប៉ុន្តែព្រះអង្គប្រតិបត្តិ បានត្រាស់ដឹងដោយព្រះអង្គឯង
ជាសយម្ភូ ត្រាស់ដឹងដោយព្រះអង្គឯង
មិនមានបុគ្គលណា ឬអ្នកណាមួយណែនាំបង្រៀនព្រះអង្គ 
ដឹងច្បាស់ដោយខ្លួនព្រះអង្គជាសយម្ភូ
ដឹងច្បាស់ឃើញច្បាស់សព្វទាំងអស់ ដែលជាសព្វញ្ញុតញ្ញាណ 
មិនមានកន្លែងណាជាអាថ៌កំបាំងឡើយ
ខ្លួនរបស់ព្រះអង្គដឹងច្បាស់ដោយ បុព្វេនិវាសានុស្សតិញ្ញាណ
ញាណដឹង ឃើញក្នុងបុព្វជាតិខាងក្រោយៗ កើតមកជាអ្វី 
ព្រះអង្គបានដឹងទាំងអស់ មានរឿងរ៉ាវកើតឡើងយ៉ាងនោះ  
ចុតូបាតញ្ញាណ ច្យុតពីលោកនេះ ទៅកើតលោកខាងមុខជាអ្វី 
ក្នុងភពតូចភពធំ ព្រះអង្គដឹងទាំងអស់គ្មានចន្លោះសល់ត្រង់ណា និង
អាសវក្ខយញ្ញាណ ព្រះអង្គអស់ភពអស់ជាតិ 
ក៏ព្រះអង្គទ្រង់ជ្រាបទាំងអស់ផងដែរ ។


អប់រំដោយ
លោកឪហ្វាន់ អាចោរោ


No comments:

Post a Comment