Wednesday, September 27, 2017

លោភៈ ទោសៈ និងមោហៈឱ្យនៅជិតចិត្តខ្លួនខ្លាំងប៉ុនណា មានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណោះ


លោភៈ ទោសៈ និងមោហៈឱ្យនៅជិតចិត្តខ្លួនខ្លាំងប៉ុនណា មានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណោះ

មនុស្សដែលសន្សំទុកសេចក្ដីលោភ សេចក្ដីក្រោធខឹង និងសេចក្ដីវង្វេងនេះ នឹងកើតមានបញ្ហាធំបំផុតសម្រាប់ខ្លួនជាក់ជាមិនខាន ។ បើសិនខ្លួនរក្សាទុកនូវសេចក្ដីលោភ សេចក្ដីក្រោធ និងសេចក្ដីវង្វេងទាំងបីនេះនៅជិតចិត្តខ្លួនខ្លាំងប៉ុនណា ស្មើនឹងមានខ្មាំងសត្រូវចាំបំផ្លិចបំផ្លាញខ្លួនជិតខ្លាំងប៉ុណ្ណោះដែរ ។

កិលេសជារឿងដែលមានពាសពេញលោកនេះទាំងមូល គ្រប់យុគគ្រប់សម័យកាល បំបាត់ចោលមិនបាន តែអាចគេចនៅឆ្ងាយពីវាបាន បើសិនបំផ្លិចបំផ្លាញកិលេសនេះបាន ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ប្រហែលជាព្រះអង្គទ្រង់បំផ្លាញកំទេចចោលអស់ពីលោកនេះបាត់ទៅហើយ ប៉ុន្តែទ្រង់ប្រមើលឃើញទោសរបស់កិលេសនេះធំក្រៃក្រាស កិលេសជាខ្មាំងសត្រូវដ៏កាចសាហាវឃោរឃៅណាស់ ។ យើងអាចគេចចេញឆ្ងាយពីសេចក្ដីលោភ សេចក្ដីក្រេវក្រោធ និងសេចក្ដីវង្វេងនេះបានប៉ុនណា ស្មើនឹងកំទេចខ្មាំងសត្រូវដ៏កាចសាហាវនេះបានប៉ុណ្ណោះ ហើយនឹងរក្សាសុវត្ថិភាពខ្លួនបានល្អច្រើនឡើងប៉ុណ្ណោះដែរ ។

សេចក្ដីលោភលន់ សេចក្ដីខឹងក្រោធ និងសេចក្ដីវង្វេងនេះឯង ជារឿងសំខាន់ណាស់ យើងនឹងបានល្អ ឬបានអាក្រក់ក៏បណ្ដាលមកពីកិលេសទាំងបីនេះដែរ ដូចនោះ សូមកុំបណ្ដែតបណ្ដោយឱ្យកិលេសទាំងបីនេះ ឱ្យកើតតាមទំនើងចិត្តរបស់វាឡើយ យើងត្រូវតាំងចិត្ត ឃុំគ្រងវាឱ្យស្ថិតនៅក្រោមអំណាចរបស់ចិត្តយើង និងព្យាយាមគេចចេញនៅឆ្ងាយពីវា ដើម្បីសម្រេចការនេះ ត្រូវតាំងចិត្តធ្វើពិត ធ្វើមែន មិនធ្វើលេងៗ ធ្វើសើរៗ ធ្វើឱ្យតែគេថាធ្វើ បើតាំងចិត្តធ្វើប្រាកដមែននុ៎ះ រមែងបានផលពិត អាចជួយរក្សាខ្លួនបានល្អ មានខ្លួនជាទីស្រឡាញ់របស់ខ្លួនឯងហើយ ។

ដូចមានពុទ្ធភាសិតមួយបទលើកឡើងថា បើដឹងថា ខ្លួនជាទីស្រឡាញ់ ក៏គួររក្សាខ្លួននោះឱ្យបានល្អ។ ពុទ្ធសុភាសិតនេះ បានជាគ្រឿងដាស់តឿនចិត្តដ៏ពីរោះខ្លាំងណាស់ គួរណាស់អ្នកដែលបានទទួលការចាប់អារម្មណ៍សុភាសិតមួយបទនេះ បើដឹងថា ខ្លួនជាទីស្រឡាញ់ហើយ ក៏គួររក្សាខ្លួននោះឱ្យបានល្អ។ គួរណាយើងទាំងអស់គ្នាបានធ្វើទុកក្នុងចិត្ត ទុករំលឹកដាស់តឿនចិត្តនេះឱ្យបានរឿយៗ ហើយយើងនឹងបានដឹងជ្រោតជ្រាបថា សុភាសិតនេះ ជាពាក្យដាស់តឿនដ៏មានអត្ថរស អត្ថន័យ ទន់ភ្លន់ ផ្អែមត្រជាក់សម្រាប់មនុស្សដែលមានខ្លួនជាទីស្រឡាញ់របស់ខ្លួន ។ កាលបើបានរំលឹកដាស់តឿនហើយ ក៏នឹកទៅដល់អ្នកពោលឡើងនូវភាសិតនេះថា ជាបុគ្គលមានបំណងប្រាថ្នាល្អ មានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ខ្លួន រកអ្វីមួយយកមកប្រៀបស្មើពុំបានឡើយ ទើបគួរដល់ការក្រាបសំពះដាក់លើត្បូងដោយអាវយវៈដ៏ឧត្តមរបស់ខ្លួន ធ្វើឱ្យអ្នកដែលទទួលបានសុភាសិតអប់រំមួយនេះ មានការចាប់អារម្មណ៍ ប្រព្រឹត្តធ្វើខ្លួនទៅតាមពាក្យទូន្មានរបស់លោកមួយនេះ ដើម្បីជាការតបស្នងសងគុណ និងនាំយកទឹកចិត្តដ៏ស្អាតបរិសុទ្ធ ដែលមានចំពោះមនុស្សយើងគ្រប់គ្នាទាំងអស់ ។



No comments:

Post a Comment