Thursday, September 28, 2017

ទ្វារនរក-សួគ៌




ទ្វារនរក-សួគ៌

មានអ្នកគុននិយមដាវសាមុរ៉ៃម្នាក់ឈ្មោះណូបុស៊ិកិ មករកគ្រូហាកូអ៊ិន ។ គ្រូហ្សិនដែលមានមនុស្សម្នារាប់អានច្រើនកុះករ ហើយសួរថា

តើឋានសួគ៌ និងនរកមានពិតទេ?

តេជគុណហាកូអ៊ិនសួរត្រឡប់ទៅវិញថា តើអ្នកជានរណា?

អ្នកគុននិយមដាវសាមុរ៉ៃតបថា ខ្ញុំកូណាជាអ្នកគុននិយមដាវសាមុរ៉ៃ

អ្នកឯងឬ ជាអ្នកគុននិយមដាវសាមុរ៉ៃ?តេជគុណហាកូអ៊ិន ធ្វើជាភ្ញាក់ផ្អើល ហើយសួរបន្តថា

ចៅហ្វាយរបស់អ្នកប្រហែលជាព្រិលភ្នែក ដែលរើសអ្នកឱ្យធ្វើជាអង្គរក្ស មុខមាត់របស់អ្នកគ្មានរាសីសោះ មើលទៅដូចជាអ្នកសុំទាន៥៥៥ហើយសើចបែបរៀងចំអន់លេង ។ ណូបុស៊ិកិ ខឹងក្ដៅស្លឹកត្រចៀកង៉ាង ញ័រអស់អង្គប្រាណ ធ្វើឫកដូចជាដកដាវចេញមកក្រៅ ប៉ុន្តែគ្រូហាកូអ៊ិនមិនណយប៉ុន្មានទេ នៅតែពោលស្តីបន្តទៅទៀតថា អើ តើអ្នកមានដាវដែរឬ តែអាត្មាថា ដាវរបស់អ្នកប្រហែលជាទាលពេកនឹងកាត់ករបស់អាត្មាមិនដាច់ទេមើលទៅនុ៎ះ” ។

ណូបុស៊ិកិ កាលបើត្រូវគេមើលងាយមើលថោកដូចនេះ ទើបស៊ួទ្រាំលែងបាន ដកដាវចេញពីស្រោមដោយភ្លេចខ្លួនភ្លាម លោកគ្រូហាកូអ៊ិន ពោលសំឡេងរៀងស្មើមកវិញថា

ហ្នឹងឯង ទ្វារនរកបើកហើយដោយសម្ដីមានប្រមាណប៉ុណ្ណេះ ធ្វើឱ្យអ្នកគុននិយមដាវសាមុរ៉ៃយល់ពីពាក្យអប់រំរបស់គ្រូហាកូអ៊ិនភ្លាម គេញញឹមញញែម ហើយសូកដាវចូលស្រោមវិញទៅ និងឱនក្បាលក្រាបសំពះសុំខមាទោសលោក ។ តេជគុណ ហាកូអ៊ិនទើបមានថេរដីកាឡើងថា ហ្នឹងឯង ទ្វារសួគ៌បើកហើយ

និទានរឿងព្រេងនេះអប់រំថា នរក-សួគ៌នោះស្ថិតនៅត្រង់ចិត្ត

អ្នកមានប្រាជ្ញាឃើញតម្លៃខ្លួនដែលហ្វឹកហ្វឺនល្អហើយ រមែងជាទីត្រេកអររីករាយដែលនឹងប្រឈមមុខជាមួយសេចក្ដីលំបាក ទោះបីសេចក្ដីលំបាកមានច្រើនខ្លាំងប៉ុនណាក៏ដោយ រមែងឱ្យផល មានតម្លៃសម្រាប់ចិត្តខ្លួន ជាតម្លៃខ្លួនឯង ជាផលដែលអាចគ្រប់គ្រងបានលើសេចក្ដីលំបាកដែលខ្លួនត្រូវតស៊ូ ប្រយោជន៍ដើម្បីហាត់ពត់ខ្លួនឱ្យប្រព្រឹត្តទៅតាមផ្លូវល្អ ផ្លូវត្រូវ មានផលសម្រេចសមតាមសេចក្ដីប្រាថ្នា ។ បណ្ឌិត ឬអ្នកសប្បុរសដែលមានបញ្ញា រមែងហ៊ាន រមែងព្រម ហើយនឹងទទួលយកសេចក្ដីលំបាកទាំងឡាយ ដើម្បីមានឱកាសបានហ្វឹកហាត់ខ្លួនឯង ។

សប្បុរស រមែងអាចនាំខ្លួនទៅកាន់ភាពស្អាតបរិសុទ្ធផ្សេងៗបាន នាំខ្លួនទៅកាន់ភាពរីកចម្រើនរុងរឿងបាន ហើយនឹងអាចនាំអ្នកដទៃទៅកាន់ភាពបរិសុទ្ធបាន និងនាំអ្នកដទៃទៅកាន់ភាពរីកចម្រើនរុងរឿងបានផងដែរ ។ លោកទើបពោលឡើងថា ខ្លួនដែលហ្វឹកហាត់បានល្អហើយ ជាពន្លឺ ជាគ្រឿងទ្រោលបំភ្លឺផ្លូវ ជាគ្រឿងនាំជីវិត ជាគ្រឿងញ៉ាំងជីវិតឱ្យភ្លឺស្វាងរុងរោចទាំងខ្លួនឯងផង និងអ្នកដទៃផង ។ យើងម្នាក់ៗដែលបានកើតមកជាមនុស្ស ដែលជាសត្វវិសេស ជាសត្វប្រសើរ ជាសត្វឧត្តម ត្រូវហ្វឹកហាត់ខ្លួនឱ្យក្លាយជាមនុស្សល្អ នៅឱ្យឆ្ងាយពីសេចក្ដីលោភ សេចក្ដីក្រោធ និងសេចក្ដីវង្វេង ដែលជាឫសគល់នៃអំពើអាក្រក់គ្រប់យ៉ាង ។

កិលេសគឺ លោភៈ ទោសៈ និងមោហៈ ឬសេចក្ដីលោភលន់ សេចក្ដីក្រេវក្រោធ និងសេចក្ដីវង្វេង ជាគ្រឿងស្មៅហ្មង មាននៅជាប់បុគ្គលណា មាននៅទីណា រមែងមានសេចក្ដីសៅហ្មងក្នុងបុគ្គលនោះ និងនៅទីនោះ វាមាននៅក្នុងចិត្តរបស់បុគ្គលណា រមែងស្មៅហ្មងចិត្តរបស់បុគ្គលនោះ ប្រៀបដូចជាកំទេចផេះផង់ធូលី ហុយដាក់លើវត្ថុណា  រមែងធ្វើឱ្យវត្ថុនោះប្រឡាក់ប្រឡូកសៅហ្មង ។ កិលេសទើបជាគ្រឿងគួរដល់ការគេចចេញ នៅឱ្យបានឆ្ងាយពីវា ទើបជាការល្អ សម្រាប់បុគ្គលមានប្រាថ្នាចង់បានសេចក្ដីសុខក្នុងជីវិត ។

កញ្ចក់បង្អួច កញ្ចក់ទ្វារ ឬកញ្ចក់ឆ្លុះមុខ ជាដើម ដែលមានសភាពថ្លាស្អាតដូចដើម តែមិនបានទទួលការដុសជូតយូរទៅ ល្អងផង់ធូលី ដែលមានស្រាប់ទូទៅ ដែលមិនអាចមើលឃើញដោយភ្នែកទទេរបាន រមែងជាប់តោងកាន់ច្រើនឡើងតាមកាលវេលាដែលកន្លងទៅ រមែងធ្វើឱ្យកញ្ចក់បង្អួចទ្វារ ឬកញ្ចក់ឆ្លុះមុខនោះ មានសភាពគគ្រិចមួហ្មងដោយផង់ធូលីក្រាសឡើង ទាល់តែបិទបាំងសភាពថ្លាស្អាតរបស់វាអស់រលីង យ៉ាងណា កិលេសទូទៅនៅគ្រប់ទីកន្លែង ទោះបីមិនអាចមើលឃើញដោយភ្នែកទទេរបាន ក៏វាមកតោងទុំជាប់ជាមួយនឹងចិត្តដែលមិនបានប្រយ័ត្នថែរក្សា ធ្វើឱ្យសភាពស្អាតបរិសុទ្ធរបស់ចិត្តដើមគ្រប់យ៉ាង មិនអាចប្រាកដឡើងបាន ក៏ដូច្នោះដែរ ។ ចូរយើងនឹកគិតរូបភាពកញ្ចក់ដែលមានផង់ធូលីជាប់ក្រាស ហើយគិតដល់ចិត្តដែលមិនបានព្យាយាមគេចចេញនៅឱ្យឆ្ងាយពីកិលេសនេះក៏ដូចគ្នាដែរ ។

ចិត្តដែលមានសភាពថ្លាស្អាតបរិសុទ្ធ មិនអាចប្រាកដបានឡើយ គឺចិត្តរបស់បុគ្គលដែលកៀកជិតជាមួយនឹងកិលេសច្រើន ។ កិលេសនៅរុំព័ទ្ធជុំជិតចិត្តយ៉ាងនែនក្រាស ច្រើនទៅដោយលោភៈ ច្រើនទៅដោយទោសៈ និងច្រើនទៅដោយមោហៈ ។ បុគ្គលណាដែលមានកិលេសប្រភេទនេះដុះក្នុងចិត្តច្រើន ក៏ជាហេតុនាំមកនូវសេចក្ដីក្ដៅក្រហាយច្រើនប្រការ ទាំងខ្លួនឯង និងអ្នកដទៃ រួមទាំងលោកនេះទាំងមូលផង ។ ចិត្តមានសភាពដូចនោះ ទើបជាទីរង្គាស ជាទីស្អប់ខ្ពើមបំផុតក្នុងលោក ។

លោកនេះមិនមែនមានន័យត្រឹមតែផ្កាយមួយដួងក្នុងចក្រវាឡនេះទេ ប៉ុន្តែលោកនេះមានន័យគ្រប់មនុស្សសត្វ គឺសំដៅដល់យើង សំដៅដល់គេនោះឯង យើងក្ដៅក្រហាយ នោះមានន័យថាលោកនេះក្ដៅក្រហាយ កុំគប្បីបែងចែកថា លោកនេះយើង លោកនោះគេឱ្យសោះ ក៏គប្បីប្រកាន់យល់ថា ជាលោករួមទាំងអស់គ្នា ។

កិលេសជាគ្រឿងសៅហ្មង ភាពសៅហ្មងមិនធ្វើឱ្យបុគ្គលណាមានសេចក្ដីសុខ វាធ្វើឱ្យបុគ្គលនោះមានសេចក្ដីទុក្ខ ក្ដៅក្រហាយប៉ុណ្ណោះ។ សព្វថ្ងៃនេះ ភាពក្តៅក្រហាយនេះនៅមានពាសពេញលោក ព្រោះមនុស្សសុខចិត្តព្រមឱ្យកិលេសគ្របសង្កត់ចិត្តខ្លួនយ៉ាងក្រាស។ សេចក្ដីទុក្ខ សេចក្ដីក្ដៅក្រហាយដែលកើតឡើងដល់លោកនេះ ប្រាកដឱ្យដឹង ប្រាកដឱ្យឃើញ គឺជាកញ្ចក់ឆ្លុះឱ្យមើលឃើញពីភាពក្រាសរបស់កិលេស ដែលកំពុងចូលហ៊ុំព័ទ្ធចិត្តរបស់មនុស្សលោកទាំងឡាយ ។ ការដែលធ្វើឱ្យមានសេចក្ដីទុក្ខ សេចក្ដីក្ដៅក្រហាយឱ្យស្រាលស្ដើងចេញពីលោកនេះទៅបាន ទើបវាស្ថិតនៅត្រង់ការធ្វើចិត្តរបស់បុគ្គលម្នាក់ៗ កុំព្រមសុខចិត្តឱ្យកិលេសចូលមកជ្រៀតជ្រែកចិត្តក្រាសច្រើនពេក ឱ្យវាមានតិចតួចបំផុតទើបជាការប្រសើរ ។

បុគ្គលដែលមានកិលេសគ្របសង្កត់ចិត្តច្រើន បង្កឡើងនូវភាពក្ដៅក្រហាយឱ្យដល់ខ្លួនឯងផង និងដល់អ្នកដទៃផង ។ ការនិយមចូលចិត្តគ្នាថា បុគ្គលនោះ ជាបុគ្គលអាក្រក់ ទោះបីខ្លួនឯងគិតថា ខ្លួនឯងជាមនុស្សល្អ ប៉ុន្តែតាមការពិត រកមនុស្សល្អមិនបានឡើយ មនុស្សដែលកិលេសគ្របសង្កត់ចិត្តច្រើន មិនអាចហៅថាជាមនុស្សល្អបានទេ គប្បីនឹកឃើញដល់សច្ចភាពមួយនេះ ហើយនឹងបានស្គាល់ខ្លួនឯងកាន់តែច្បាស់ឡើង ត្រឹមត្រូវឡើង គប្បីកែសម្រួលខ្លួនឯងយ៉ាងណា ឱ្យក្លាយទៅជាមនុស្សល្អ ឱ្យបានទើបជាការគួរ គ្មានអ្នកប្រាជ្ញណាចូលចិត្តមនុស្សពាល មនុស្សអាក្រក់ទេ ហើយក៏គ្មានអ្នកប្រាជ្ញណា មានចិត្តប្រាថ្នាចង់រស់នៅរួម ជាមួយមនុស្សអាក្រក់នេះដែរ គ្រាន់តែមនុស្សគ្រប់គ្នាមិនទាន់យល់ឃើញត្រូវ ទើបគ្រប់គ្នាមិនទាន់បានស្គាល់ពីខ្លួនឯងថា ជាមនុស្សមិនល្អ ថែមទាំងបង្កភាពក្ដៅក្រហាយដល់លោកនេះទៀតផង បណ្ដាលមកពីកិលេសគ្របសង្កត់ អួសទាញចិត្តរបស់មនុស្សយើងគ្រប់គ្នាហ្នឹងឯង ។


No comments:

Post a Comment