Friday, November 10, 2017

រឿងអេះខុសកន្លែងរមាស់


រឿង អេះខុសកន្លែងរមាស់

រឿងនេះ មានសេចក្ដីដំណាលថា មានសិស្សស្រីម្នាក់ មានសេចក្ដីកង្វល់ក្នុងចិត្តជាមួយការប្រឡងលើកទីពីររបស់ខ្លួន ដែលប្រព្រឹត្តទៅនៅថ្ងៃស្អែក ទើបខ្លួនចូលទៅរកលោកមួយអង្គឯវត្ត ដើម្បីសុំឲ្យលោកចាក់ទឹកលើករាសី ឲ្យពរឲ្យជ័យ ឲ្យមានសំណាងល្អក្នុងការប្រឡងនេះ ។ លោកក៏មានក្ដីមេត្តាអាណិតក៏ជួយ ដោយគិតត្រឹមតែថា ប្រយោជន៍ដើម្បីឲ្យនាងបាត់អស់ភាពកង្វល់ក្នុងចិត្ត និងមានចិត្តស្វាហាប់មុនមាំរឹងប៉ឹងឡើង ក្នុងការប្រឡងរបស់ខ្លួន ។ ក្រោយពីថ្ងៃនោះមក សិស្សស្រីម្នាក់នោះក៏មិនធ្លាប់បានឈានជើងចូលក្នុងវត្តនោះទៀតឡើយ បានតែឮមិត្តភក្ដិរបស់នាងនិយាយប្រាប់ថា ក្រោយពីប្រឡងចប់សព្វគ្រប់ទៅ សិស្សស្រីម្នាក់នោះ ដើរទៅឃោសនាគ្រប់ទីកន្លែង ប្រាប់គេប្រាប់ឯងថា លោកវត្តនេះមិនពូកែទេ ស្រោចទឹកក៏មិនត្រូវក្បួនវិធី មិនសក្ដិសិទ្ធិ ធ្វើឲ្យនាងប្រឡងធ្លាក់ ។ ប៉ុន្តែតាមការពិតទៅ មិត្តភក្ដិរបស់នាងប្រាប់ថា នាងស្ទើរតែមិនបានមើលសៀវភៅបន្តិចឡើយ ចូលចិត្តដើរលេងច្រើនជាង មូលហេតុនេះឯង ដែលធ្វើឲ្យនាងប្រឡងធ្លាក់ ។ លោកអ្នកឆ្លៀសវៃប្រៀបធៀបឧបមាហេតុការណ៍ ដូចបានពោលខាងលើថា ការបន្ទោសអ្នកដទៃនោះ ដូចជាមនុស្សកើតរមាស់ឡើងនៅត្រង់ខ្នង ប៉ុន្តែយកដៃទៅអេះឯក្បាលទៅវិញ អាការៈរមាស់ទើបវាមិនបាត់ គេហៅថាអេះខុសកន្លែងរមាស់នោះឯង។

ការរវល់តែទៅពោលទោសអ្នកដទៃ កាលបើកើតមានការភ្លាំងភ្លាត់អ្វីមួយឡើងក្នុងជីវិត អាចនឹងធ្វើឲ្យមានអារម្មណ៍ប្រសើរឡើងខ្លះ ប៉ុន្តែនោះមិនមែនជាវិធីដោះស្រាយកំហុស ដែលបានកើតឡើងទេ ផ្ទុយទៅវិញ ត្រឡប់ជាធ្វើឲ្យកើតមានបញ្ហារីកកាន់តែខ្លាំងឡើង ដែលអាចសរុបលទ្ធផលបានជា ៤ ប្រការគឺ៖

១) បាត់បង់មិត្តភាព ការពោលបន្ទោសអ្នកដទៃ ជាការដៅកំហុសឲ្យដល់គ្នា ទុកណាគេមានចំណែកពាក់ព័ន្ធពិតក៏ដោយ ប៉ុន្តែវានាំឲ្យកើតនូវការមិនពេញចិត្ត ជាផ្លូវបង្កនូវកម្មពៀរវេរាឡើងបាន ។

២) បាត់បង់ភាពក្លាហាន បាត់បង់ការឧស្សាហ៍ កើតមានឡើងតែការបន្ទោសអ្នកដទៃ ឈ្មោះថា ជាអ្នកសន្សំទម្លាប់និស្ស័យភាពមនុស្សទន់ជ្រាយឡើងទុកក្នុងខ្លួន មិនក្លាហានហ៊ានព្រមទទួលយកកំហុស ឬព្យាយាមរកវិធីដោះស្រាយបញ្ហា ដែលបានកើតឡើងនោះឡើយ ។

៣) បាត់ចរិយាវាចា ការពោលទោសអ្នកនេះ អ្នកនោះជាការសាងទម្លាប់ភាពជាមនុស្សចាក់ចូចអុចអាលរករឿង ពូកែរអ៊ូ និងមានវាចាអាក្រក់ផ្សេងៗកើតឡើង ធ្វើឲ្យជាមនុស្សខ្វះនូវការទុកចិត្តលើ ក្នុងពាក្យសម្ដីរបស់ខ្លួន ។

៤) បង់ខាតពេលវេលា ការរវល់តែបន្ទោសអ្នកដទៃ ព្យាយាមរកកំហុសគេ មិនមែនជាវិធីដោះស្រាយបញ្ហា រឹតតែរវល់រកកំហុសគេ បន្ទោសអ្នកដទៃទៅយូរប៉ុនណា ក៏រឹតតែធ្វើឲ្យពេលវេលា ដែលនៅសល់ សម្រាប់ដោះស្រាយបញ្ហាអស់ឆាប់លឿនប៉ុណ្ណោះ ។

ដូចនោះ កាលណាកើតមានកំហុសភ្លាំងភ្លាត់ឡើងក្នុងជីវិត ឬកិច្ចការក្នុងសកម្មភាពណាមួយ ទើបមិនគួរបោះចោលការទទួលខុសត្រូវ ដោយការបន្ទោសអ្នកនេះ អ្នកនោះទេ ប៉ុន្តែគួរប្រញាប់ប្រញាល់ស្វែរកមូលហេតុពិត និងវិធីដោះស្រាយបញ្ហាក្នុងឱកាសដំបូង ជំនួសការដាក់បន្តុបបន្ថែមបញ្ហា ដែលគេហៅថា ដោះស្រាយឲ្យត្រូវចំណុចនៃបញ្ហា រួចហើយអាការៈដែលគេហៅថា អេះខុសកន្លែងរមាស់ ក៏នឹងមិនកើតមានឡើងយ៉ាងពិតប្រាកដ ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment