Thursday, November 9, 2017

រឿងកុំចេះត្រឹមតែធ្វើតាម


រឿងកុំចេះត្រឹមតែធ្វើតាម

គោលគតិធម៌ៈ រឿងកុំចេះត្រឹមតែធ្វើតាមក្នុងវិន័យសម្រាប់ព្រះភិក្ខុសង្ឃក្នុងសិក្ខាបទមួយបានបញ្ញត្តិទុកថា ភិក្ខុមានបាត្របែបស្រាំធ្លុះនៅមិនទាន់ដល់ដប់ធ្នាប់ទេ សុំបាត្រថ្មីពីគ្រហស្ថដែលមិនមែនជាញាតិ មិនបានបវារណា បានមក ត្រូវអាបត្តិនីស្សគ្គិយបាចិត្តិយ ធ្វើឲ្យព្រះថេរៈមួយអង្គ ពេលលោកឆាន់ហើយ លាងបាត្រ និងជូតបាត្រដល់ស្អាតស្ងួតល្អហើយ ក៏លើកឡើងឆ្លុះនឹងពន្លឺថ្ងៃដើម្បីពិនិត្យមើលថា តើមានស្នាមប្រេះស្រាំធ្លុះធ្លាយដែលមានស្រាប់ថា រីករាលដាលទៅដល់ដប់ធ្នាប់ហើយឬនៅ ពេលនៅមិនទាន់ដល់ ថ្ងៃបន្ទាប់មក ក៏ប្រតិបត្តិធ្វើដូច្នោះជារឿយៗ ។ ចំណែកខាងភិក្ខុកម្លោះ និងសាមណេរតូច ឃើញព្រះថេរៈជាមេខ្លួនប្រតិបត្តិធ្វើដូច្នោះជារៀងរាល់ថ្ងៃ ក៏គ្មានអង្គណាមួយសួរដេញដោលក្នុងរឿងនេះ ប៉ុន្តែក៏នាំគ្នាយល់ចូលចិត្តគិតតែខ្លួនឯងថា  ពេលសាមណេរឆាន់រួចហើយ ក៏ត្រូវលើកបាត្រឡើងឆ្លុះមើល ទើបនឹងត្រឹមត្រូវ ទើបនាំគ្នាលើកបាត្រឡើងឆ្លុះជាហូរជាហែ រហូតដល់មានពាក្យគេថា ព្រះថេរៈឆ្លុះបាត្រ

ការធ្វើតាមៗគ្នាទៅបែបនេះ ជាធម្មជាតិម្យ៉ាងរបស់មនុស្ស ព្រោះវាងាយស្រួលជាងការត្រូវប្រើប្រាស់គំនិត ប៉ុន្តែក៏មានភាពប្រថុយប្រថានណាស់ដែរ ព្រោះមិនដឹងពីទីទៅនិងមក ។ បើសិនតាមខុស ដូចជាដើរតាមក្រោយ អ្នកដែលកំពុងដើរខុសផ្លូវ  ឬទុកណាជាត្រូវមកតាំងពីដើមក្ដី ក៏គ្មានអ្វីហ៊ានធានាអះអាងថា វានឹងត្រឹមត្រូវគ្រប់ពេលដែរ ព្រោះកិច្ចការគ្រប់យ៉ាង គ្រប់រឿង មានការប្រែប្រួលទៅតាមកាលលំហជានិច្ច។ ពាក្យនិយាយត្រង់ថា មានគេប្រាប់ទុកមកយ៉ាងនេះ មានគេធ្វើមកយ៉ាងនេះ ទើបមិនអាចអារកាត់រកខុសត្រូវអ្វីបានឡើយ ។

យ៉ាងណាក៏ដោយ រឿងដែលធ្លាប់ធ្វើមកពីមុន មិនមែនថានឹងខុសទាំងអស់ ដែលគេប្រកាន់ប្រតិបត្តិតាមដោយតឹងរឹងរហូតដល់សព្វថ្ងៃនេះទេ  ព្រោះជារឿងល្អក៏មានច្រើនណាស់ដែរ ប្រការសំខាន់គឺត្រូវស្គាល់ហេតុផល និងវត្ថុបំណងឲ្យបានច្បាស់លាស់សិន ព្រោះបើដឹងហើយ នឹងធ្វើតាម ឬធ្វើផ្សេងពីហ្នឹងក៏មិនមែនជារឿងអ្វីត្រូវទាស់ខុស ខូចខាត ប៉ុន្តែបើធ្វើត្រឹមតែជឿថា គេប្រាប់មកយ៉ាងនេះ  គេធ្វើមកយ៉ាងនេះ ក៏ជារឿងមួយគួរឲ្យមានក្ដីបារម្ភច្រើន ព្រោះថាកិច្ចការ ឬមុខរបរអ្វីណានីមួយក៏ដោយ បើសិនពេលកើតមានភាពភ្លាំងភ្លាត់ហើយ លទ្ធផលដែលបានមក មិនមែនគ្រាន់តែជារឿងគួរឲ្យអស់សំណើច ដូចជារឿងព្រះថេរឆ្លុះមើលបាត្រខាងដើមជាឧទាហរណ៍ស្រាប់ប៉ុណ្ណោះទេ ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment