Thursday, November 9, 2017

និទានធម្មៈ រឿងឈូករីងទឹក


និទានធម្មៈ រឿងឈូករីងទឹក

ពាក្យថា ឈូកជាឈ្មោះរុក្ខជាតិទឹកមួយប្រភេទ មានក្រអៅវែងមុជទៅក្នុងល្បាប់ភក់ ស្លឹកមានបន្ទះរាងមូលៗ ដើមស្លឹកនិងដើមផ្ការឹង មានបន្លាដុំពាស់ពេញដើម ស្លឹកនិងផ្កាដុះផុតចេញមកលើផ្ទៃទឹក ប្រពៃណីខ្មែរក៏ដូចជាប្រពៃណីអ្នករាប់អាន់ព្រះពុទ្ធសាសនាមានជំនឿជឿថា ផ្កាឈូកជាផ្កាវិសេសថ្លៃថ្លា ប្រើសម្រាប់បូជាព្រះរតនត្រៃ ជាសក្ការៈវត្ថុជាទីគោរពរាប់អាន សូម្បីតែក្នុងពេលមិនមានផ្កាឈូកក្នុងដៃ អ្នកកាន់ព្រះពុទ្ធាសាសនាតែងតែធ្វើដៃប្រណមក្រពុំជារូបផ្កាជំនួស ក្រៅពីនេះ ផ្កាឈូកក៏នៅមានន័យឧបមាជំនួសចិត្តបានទៀតផង ។

ធម្មជាតិរបស់ផ្កាឈូកនោះ នឹងរីកចម្រើនធំឡើងបែកចេញជាពន្លកស្លឹក និងមានផ្កាបាន ក៏ព្រោះតែមានទឹកចិញ្ចឹមវា បើគុម្ពឈូកណាមិនមានទឹកចិញ្ចឹមដើមទេ គុម្ពឈូកនោះក៏ស្វិតស្រពោនទៅម្ដងបន្តិចៗក្នុងរយៈពេលដំបូង បើខ្វះទឹកច្រើនថ្ងៃជាប់គ្នា ក៏ក្លាយទៅជាឈូកស្ងួតខះទឹក និងត្រូវស្ងួតស្លាប់ទៅក្នុងទីបំផុតយ៉ាងប្រាកដ ។

ចិត្តរបស់មនុស្សយើង ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងឈូកនេះដែរ គឺនឹងនៅក្នុងសភាពថោកទាប សៅហ្មង ឃោឃៅ ឬអាត្មានិយម ។ ពេលមានមេត្តា យល់ចិត្តយល់ថ្លើម ដល់គ្នានិងគ្នា ម្យ៉ាងទៀត បើខ្វះមេត្តាធម៌ដែលបានពោលមកនេះ ជាទង្វើមួយដែលគ្មានអ្នកណាមួយ មកចង់សេពគប់រាប់អានខ្លួន បើសិនជាចាស់ទុំវិញ ប្រហែលជាគ្មានអ្នកណាគេចង់មកពឹងពររកខ្លួនឡើយ ព្រោះតែសភាពខ្វះទឹកចិត្តនេះឯង ។

ក្នុងអតីត មានឧបមាភាសិតមួយបទថា បក្សីគ្មានរោម មនុស្សគ្មានចំណេះ រមែងឡើងទៅកាន់ទីខ្ពស់មិនបានប៉ុន្តែក្នុងស្ថានភាពសព្វថ្ងៃនេះ មានចំណេះតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ល្មមទេ ចាំបាច់ត្រូវផ្ដល់ភាពសំខាន់ដល់ការទំនាក់ទំនង មានបក្សមានពួកជាបរិវារ បន្ថែមចូលទៅមួយទៀត ។  ដូចជាពាក្យមួយបទថា បក្សីគ្មានរោម មនុស្សគ្មានចំណេះ និងបរិវារ រមែងឡើងទៅកាន់ទីខ្ពស់មិនបាន។ បរិវារដូចបានពោលមកខាងដើម នឹងកើតនូវភាពនិយមចូលចិត្ត គោរពរាប់អាន លុះត្រាតែបុគ្គលនោះ មានមេត្តា សម្ដែងទឹកចិត្ត ចងស្ពានមេត្រីភាពជាមួយអ្នកដទៃសិន គេទើបមកទទួលក្ដីមេត្តា និងទឹកចិត្តមិត្តមេត្រីភាពតបមកវិញ ដូចពាក្យមួយឃ្លាពោលថា បរិវារមកព្រោះទឹកចិត្តមាន បរិវារគេចវៀងព្រោះទឹកចិត្តស្រុត បរិវារទៅអស់ព្រោះទឹកចិត្តស្ងួត

ព្រោះហេតុដូច្នេះ បុគ្គលសង្ឃឹមភាពរីកចម្រើនដល់ខ្លួនឯង ទើបគួរមានមេត្តា សំដែងទឹកចិត្តមេត្រីភាពចំពោះអ្នកដទៃជានិច្ច កុំមើលរំលងជាដាច់ខាត បើពុំដូច្នេះទេ អាការៈរបស់ឈូកស្ងួតទឹក នឹងរង់ចាំថ្ងៃស្វិតស្រពោនស្លាប់ទៅ ដោយមិនចាំបាច់សង្ស័យឡើយ ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment