Friday, November 10, 2017

រឿងភ្លើងឆេះព្រៃ


រឿងភ្លើងឆេះព្រៃ

និទានមុនចូលដេកៈ រឿង ភ្លើងឆេះព្រៃ មានសេចក្ដីដំណាលថា ក្នុងគ្រាមួយនោះកើតមានភ្លើងឆេះព្រៃឡើង បណ្ដាលសត្វតូចធំទាំងឡាយ ម្នាក់ៗក៏មានការភិតភ័យរត់គេចពីភ្លើងប្រសេចប្រសាច ប៉ុន្តែក្នុងពេលនោះដែរ មានមាន់ព្រៃមួយក្បាលមិនគេចដូចគេឯងទេ ត្រឡប់ជាហើរទៅឯកន្លែងមានទឹកទៅវិញ រួចយកចំពុះមាត់បៀមទឹក យកខ្លួនជ្រលក់ទឹកទាល់តែសើមជោក រួចហើរត្រឡប់មករកកន្លែងដើមវិញ ហាមាត់ រលាស់រោមដោយមានបំណង នឹងប្រោះទឹកពន្លត់ភ្លើងព្រៃនោះឲ្យរលត់ វាធ្វើយ៉ាងនេះម្ដងហើយម្ដងទៀត តែគ្មានបានប្រយោជន៍អ្វីឡើយ ។ ព្រះឥសូរសម្លឹងមើលឥរិយាបថរបស់មាន់ព្រៃនោះហើយ ក៏បានតែនឹកអស់សំណើច  ទើបនិយាយឡើងថា មាត់តូចៗ ស្លាបតូចៗប៉ុណ្ណេះមានដែរឬ អាចនឹងពន្លត់ភ្លើងឆេះព្រៃនេះបានហ្ន៎ អ្នកធ្វើទៅយ៉ាងនេះព្រោះអ្វី? “ មាន់ព្រៃឆ្លើយតបតថា រឿងដែលខ្ញុំធ្វើ ព្រោះជារឿងដែលគួរធ្វើព្រះឥសូរបានស្តាប់ក៏មានចិត្តខ្មាសអៀន ផ្លុំខ្យល់ចេញពីមាត់តែម្ដងទៅ ភ្លើងព្រៃក៏រលត់ទៅអស់ភ្លាមមួយរំពេច ។


ក្នុងរឿងនេះ អាចឆ្លុះបញ្ចាំងបង្ហាញឲ្យឃើញរឿងពិតថា គំនិតដែលនឹងជួយសង្គ្រោះអ្នកដទៃជាគំនិតដ៏ឧត្តមថ្លៃថ្លាខ្លាំងណាស់ ព្រោះជាការមើលឃើញទីរួចផុតចេញអំពីប្រយោជន៍ខ្លួន ។ ប្រយោជន៍ខ្លួននេះឯង ជាប្រយោជន៍ធំមាំជាងជញ្ជាំងថ្ម កំផែងដែក កម្រមានអ្នកណាអាចរំលាយឲ្យរាបស្មើបានណាស់ ហើយឈានទៅដល់ព្រំដែននៃការជួយសង្គ្រោះធ្វើប្រយោជន៍ដល់អ្នកដទៃ ហើយបើការជួយសង្គ្រោះប្រយោជន៍អ្នកដទៃនោះ ក៏ស្ថិតនៅលើមូលដ្ឋានភាពក្ដៅក្រហាយ នឹងអាចមកដល់ខ្លួនឯងផងដែរ រឹតតែពិបាកជាងជើងទាំងពីរ ។ គំនិតដែលជួយសង្គ្រោះអ្នកដទៃដោយសុចរិត ទើបជាគំនិតដ៏ឧត្តម មិនថា ស្ថិតនៅក្នុងក្រុមមនុស្សប្រភេទតូចទាប ថយថោក គ្មានយសស័ក្ដិដូចម្ដេចក្ដី ក៏អាចចាត់ទុកថា ខ្ពង់ខ្ពស់ថ្លៃថ្លាល្អប្រពៃបានដែរ ។

ក្នុងជីវិតជាក់ស្ដែង មិនថានឹងនៅផ្ទះ ឬនៅកន្លែងធ្វើការងារទេ បើសិនមានចិត្តជាសាធារណៈ គិតប្រយោជន៍រួម មិនថានឹងសម្លឹងមើលទៅទិសណាទេ រឿងដែលខ្លួនអាចជួយសង្រ្គោះអ្នកដទៃបាន រមែងមានពេញទាំងអស់ ចាប់ពីការជួយហុចនេះ ជួយចាប់នោះ ជួយមើល ជួយស្ដាប់ ជាដើម ។ បើសិនមានចិត្តចង្អៀតចង្អល់ មានគំនិតអាត្មានិយម គិតតែពីប្រយោជន៍សួនតួ មានភាពច្រណែនខ្លាចគេលើស ខ្លាចគេបានវិញនោះ ទោះបីដល់មានរឿងសំខាន់កើតឡើង ដែលខ្លួនរួមកម្លាំងកាយកម្លាំងចិត្ត ព្រួតដៃសហការគ្នាក្នុងពេលនោះ ក៏ខ្លួននឹកមិនឃើញ មិនដឹងថា ខ្លួនមានការពាក់ព័ន្ធអ្វីជាមួយទេ ។ គំនិតដូច្នេះ ទោះបីជានៅពេលធម្មតាក៏មិនធ្លាប់ធ្វើទៅ ដើម្បីសេចក្ដីរីកចម្រើនទាំងចំណែកផ្ទាល់ខ្លួន និងចំណែករួមឡើយ មិនចាំបាច់និយាយទៅដល់ករណីកើតក្ដីវិបត្តិដូចរឿងខាងលើថា តើអាចនឹងត្រូវរលាយអស់ទៅប៉ុនណាទេ? ផ្ទុយមកវិញ បើសិនម្នាក់ៗ មានសេចក្ដីសង្គ្រោះគិតបម្រុងនឹងជួយគ្នានិងគ្នា ក៏នឹងបានជាកម្លាំងដ៏មហាសាល លុបបំបាត់ភ័យវិបត្តិបានដោយមិនចាំបាច់អន្តរាគមពីព្រះឥសូ ឬព្រះអ្វីណាទាំងអស់ ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment