កិត្តិយសនៃជីវិត
និទានធម្មៈ
កិត្តិយសនៃជីវិត…មានរឿងសេចក្ដីដំណាលថា មេស្វាមួយមានកូនពីរក្បាល កូនមួយជាកូនសំណព្វចិត្ត
និងកូនមួយទៀតជាកូនសម្អប់ ។
មេស្វាបានចិញ្ចឹមមើលថែកូនដែលខ្លួនស្រឡាញ់ ទុកឲ្យជិះលើខ្នង
ឲ្យអាហារដែលល្អៗដល់កូនសំណព្វចិត្តនេះស៊ីជានិច្ច ។ ចំណែកខាងកូនសម្អប់វិញ ចិញ្ចឹមទុកឲ្យនៅតែក្រោមពោះ
ឲ្យអាហារគ្នាស៊ីវិញសុទ្ធតែអាក្រក់ៗ ។ ពេលដើរទៅណាឆ្ងាយៗ កូនដែលនៅលើខ្នងមេរបស់វា
តែងតែទទួលបានភាពសុខស្រួល ខណៈដែលកូននៅក្រោមពោះមេរបស់វាវិញ ច្រើនតែត្រូវបោកប៉ះនឹងដី
មែកព្រឹក្សាលតាវល្លិ៍ ឈ្លក់ទឹក បានទទួលសេចក្ដីទុក្ខវេទនាឈឺចាប់ គ្រប់ពេលវេលា ។
ពេលក្រោយមកទៀត មិនយូរ មេស្វាក៏ស្លាប់ចោលកូន ខណៈដែលកូនស្វាទាំងពីរនោះនៅតូចៗនៅឡើយ ។
ប្រាកដណាស់ថា កូនស្វាដែលបានទទួលការចិញ្ចឹមមើលថែយ៉ាងល្អនៅលើខ្នងម៉ែរបស់វានោះ
មិនអាចរកស៊ីអ្វីដោយខ្លួនឯងបាន មិនយូរប៉ុន្មានក៏ស្លាប់ទៅតាមម៉ែរបស់វា ។ ចំណែកខាងកូនស្វាដែលត្រូវចិញ្ចឹមមើលថែនៅក្រោមពោះម៉ែរបស់វាមករហូត
ត្រឡប់ជាអាចរកស៊ីចិញ្ចឹមជីវិតខ្លួនឯងបាន មិនស្លាប់ទៅតាមម៉ែរបស់វាឡើយ ។
កិត្តិយសនៃជីវិតៈ
ក្នុងការទ្រទ្រង់ជីវិតឲ្យប្រព្រឹត្តទៅបានដោយស្រួលរហូតដល់ត្រើយនោះ
ក្នុងខាងដើមគ្រប់ជីវិតច្រើនតែត្រូវពឹងពររកអ្នកដទៃជួយមុនជានិច្ច
ក្រោយពីនោះត្រូវព្យាយាមពឹងពាក់លើខ្លួនឯងឲ្យបាន បើសិនជានៅចាំតែពឹងពាក់អ្នកដទៃ
ឬចាំទទួលជំនួយពីអ្នកដទៃតែម្ខាងសុទ្ធនោះ ជីវិតរមែងជួបសេចក្ដីក្ដៅក្រហាយក្នុងពេលចុងក្រោយជាក់ជាមិនខានឡើយ
។ ការមិនពឹងពាក់លើខ្លួនឯង ឬធ្វើខ្លួនឯងឲ្យជាទីពឹងមិនបាននោះ
មិនមែនតែចំពោះជីវិតរបស់គេប៉ុណ្ណោះទេ នឹងក្ដៅក្រហាយ ថែមទាំងបង្កភាពកង្វល់លំបាកដល់អ្នកដទៃផងដែរ
ព្រោះអ្នកដែលត្រូវទទួលខុសត្រូវមនុស្សប្រភេទនេះ រមែងត្រូវការចំណាយកម្លាំងកាយ
កម្លាំងចិត្ត កម្លាំងសតិបញ្ញាស្មារតីបន្ថែមឡើងទៀត តាមដែលអាច
ដើម្បីពុនរែកបន្ទុកមនុស្សប្រភេទនេះបន្ត ។
ការទីពឹងខ្លួនឯងបាន
អ្នកប្រាជ្ញប្រកាន់ថា ជាកិត្តិយសរបស់ជីវិត ។ កិត្តិយសនឹងត្រូវទាបចុះតម្លៃភ្លាមៗ
កាលបើត្រូវសុំជំនួយសង្គ្រោះពីអ្នកផងទាំងឡាយ
ឬត្រូវមានជីវិតនៅក្រោមការឧបត្ថម្ភរបស់អ្នកដទៃជារឿយៗ ។
លោកទើបអប់រំដំបូន្មានឲ្យលើកតម្កើងកិត្តិយសរបស់ខ្លួនឯង សូម្បីតែរឿងស្រេកឃ្លាន
ដែលជាតម្រូវការចាំបាច់របស់រាងកាយពិតមែនក៏ដោយ ក៏លោកអប់រំឲ្យលើកតម្កើង
ដូចពាក្យលោកពោលទុកថា ទោះក្រទ្រាំស៊ូខាំមាត់ ស៊ីអំបិលប្រហុក មិនដើរសំកុកលាដៃសុំគេឯង
អត់ទ្រាំលំបាកតួយ៉ាងសត្វខ្លារក្សាស័ក្ដិ ស៊ូស្គមស្គាំងគ្មានអ្វីដាក់ រកចាប់សត្វស៊ីដោយខ្លួនឯង ៕
ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:
Post a Comment