Friday, November 10, 2017

រឿង មនុស្សរបស់ពិភពលោក


រឿង មនុស្សរបស់ពិភពលោក

និទានធម្មៈជីវិតៈ រឿង មនុស្សរបស់ពិភពលោករឿងនេះមានសេចក្ដីដំណាលថា មានបុរសជរាម្នាក់កំពុងជីកអន្លុងយ៉ាងខ្នះខ្នែង ចំកណ្ដាលថ្ងៃត្រង់ចែស ក្នុងវេលារសៀលមួយ ។ ខណៈពេលនោះ មានក្មេងកម្លោះម្នាក់ដើរមកជួបឃើញ ទើបសួរថា តើតាកំពុងធ្វើអ្វី? បុរសជរាឆ្លើយតបថា តាកំពុងជីកអន្លុងដើម្បីដាំកូនស្វាយ ។ ចម្លើយនោះកាន់តែធ្វើឲ្យក្មេងកម្លោះនោះ កាន់តែចម្លែកចិត្តខ្លាំងឡើង ទើបសួរបន្តទៅទៀតថា តើនេះលោកតាមានអាយុប៉ុន្មានហើយ? ពេលជ្រួតជ្រាបថា បុរសជរាម្នាក់នោះមានអាយុ៨០ឆ្នាំហើយ ទើបនិយាយឡើងថា ស្វាយមួយដើមនេះត្រូវចំណាយពេលមិនតិចជាង ៥ ឆ្នាំទេ ទើបនឹងមានផ្លែផ្កា លោកតាអាចនឹងស្លាប់មុន  និងនឹងបានទទួលទានផ្លែស្វាយនេះ ។ បើកើតមានបែបនោះ វាមិនសក្ដិសមទំនងជាមួយការបណ្ដាក់ទុន ដោយការហត់នឿយលំបាកយ៉ាងនេះទេ ។

បុរសចាស់ជរាពន្យល់ថា ស្វាយដែលតាកំពុងដាំនេះ ទុកណាជាតាស្លាប់ទៅមុនមែនក្ដី ប៉ុន្តែប្រយោជន៍ផលរបស់ស្វាយនេះ នឹងធ្លាក់ទៅលើអ្នកដទៃជាបន្ត ដូចជាខ្លួនចៅប្រុសឯងផ្ទាល់ ពេលដែលខ្លួនឯងកើតមក ក៏មិនបានកើតក្នុងផ្ទះ ដែលខ្លួនឯងសាងទុកឯណា កើតមកហើយ ក៏នៅអាស្រ័យក្នុងផ្ទះដែលអ្នកដទៃកសាងឡើងទុកឲ្យដូចគ្នា ។ ការធ្វើរឿងអ្វីមួយ ទើបមិនគួរមើលឃើញត្រឹមតែប្រយោជន៍ខ្លួនត្រូវទទួលបានទេ ប៉ុន្តែត្រូវគិតដល់ប្រយោជន៍អ្នកដទៃផងដែរ ជាពិសេសអ្នកជំនាន់ក្រោយៗទៀត ។

ក្នុងរឿងនេះផ្ដល់ជាគំនិតអប់រំថា ការធ្វើអ្វីមួយមានបំណងគិតប្រយោជន៍ខ្លួន ទុកណាជារឿងនោះជារឿងត្រឹមត្រូវក្ដី តែជារឿងតូចចង្អៀតណាស់ ។ បើសិនជាពួកអ្នកវិទ្យាសាស្ត្រគិតថា យើងនឹងគិតស្វែងរកថាមពល និងឧបករណ៍អគ្គិសនីទៅធ្វើអ្វី ធន់ទ្រាំរស់នៅងងឹតសូន្យសុងទៅទៀត មិនប៉ុន្មានឆ្នាំយើងក៏ស្លាប់ចោលទៅហើយ អ្នកដទៃគេក៏អាចរស់នៅបានដូចគ្នា ពិភពលោកយើងនេះគង់ប្រហែលជាមិនមានថាមពលអគ្គិសនីប្រើប្រាស់ដូចសព្វថ្ងៃនេះទេ ទោះបីក្នុងករណីដោយឡែកទីទៃពីនេះក៏ដោយ ដែលបានឃើញជាទូទៅច្បាស់ថា ការណ៍ដែលយើងមានជីវិត នៅបានយ៉ាងសុខស្រួលសប្បាយដូចសព្វថ្ងៃនេះមួយភាគ ក៏ព្រោះបានសោយផលដែលអ្នកដទៃគិតស្រាវជ្រាវរាវរក និងកែច្នៃប្រឌិតឡើងទុកឲ្យនោះឯង ។ 

មនុស្សដែលគិតពីប្រយោជន៍របស់អ្នកដទៃ ឬប្រយោជន៍រួម ជាមនុស្សដែលពិភពលោកត្រូវការគ្រប់យុគសម័យកាល ព្រោះតែបានជួយស្ថាបនា អភិវឌ្ឍពិភពលោកឲ្យមានតម្លៃ ឲ្យមានសោភ័ណស្រស់ល្អល្អះ និងគួរឲ្យចង់រស់នៅ ទុកណាជាដាំដើមស្វាយមួយដើម ដែលជារឿងតូចតាចក៏ដោយ ប៉ុន្តែវិធីគិតមានក្ដីបំណងប្រាថ្នារបស់គាត់ធំធេង និងមានគុណតម្លៃ សក្ដិសមណាស់ដែលកើតមកជា មនុស្សរបស់ពិភពលោកយ៉ាងពិតប្រាកដ ៕

ប្រែ.គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment