និទានធម្មៈមុនចូលដេកៈ រឿងសត្រូវជីវិត
និទានធម្មៈមុនចូលដេកៈ
រឿងសត្រូវជីវិត… ពាក្យថា សត្រូវ មានន័យថាខ្មាំង បរបក្ស គូបដិបក្ស អ្នកចងកម្មពៀរ
ព្យាបាទតាមអាឃាត បៀតបៀនតាមញាំញី មានតួនាទីក្នុងការបំផ្លាញ
រំខានសេចក្ដីស្ងប់សុខរបស់អ្នកដទៃ ។ ពេលណាមានសត្រូវ ជីវិតនឹងជួបប្រទះនូវសេចក្ដីក្ដៅក្រហាយ
រស់នៅគ្មានក្ដីសុខ ។ ការមានសត្រូវសូម្បីត្រឹមតែម្នាក់ ក៏ជារឿងធំដែរ ព្រោះអាចមកបៀតបៀនបំផ្លិចបំផ្លាញ
ទាល់តែជីវិតត្រូវវិនាសសាបសូន្យបាន ឧបមាដូចជាអគ្គី(ភ្លើង) សូម្បីត្រឹមតែកើតឡើងតូចតាច
ក៏អាចបំផ្លាញរបស់ធំធេងបាន ។ សត្រូវនេះលោកពោលទុកថា មាន ២ ប្រភេទគឺ៖
១)
សត្រូវខាងក្រៅ បានដល់អ្នកសាងភាពក្ដៅក្រហាយ ដែលនៅក្រៅខ្លួនយើងគ្រប់ប្រភេទ
មិនថានឹងជាមនុស្ស សត្វ ឬគ្រោះភ័យវិបត្តិបណ្ដាលមកពីធម្មជាតិ ជាសត្រូវដែលមកក្នុងរូបភាពរបស់សត្រូវ
ដែលអាចឲ្យយើងមើលឃើញបានដោយភ្នែក ឮសំឡេងបានដោយត្រចៀក មានតួខ្លួនប៉ះពាល់ត្រូវបាន
ទើបអាចរកផ្លូវលបគេច ឬដាក់ផែនការប្រយុទ្ធប្រឆាំងក្នុការការពារ ធ្វើឲ្យជីវិតមានសុវត្ថិភាព
ឬយ៉ាងហោចណាស់ក៏បានទទួលភាពក្ដៅក្រហាយថយចុះខ្លះៗដែរ ។
២) សត្រូវខាងក្នុង
បានដល់កិលេសដែលនៅដេកត្រាំក្នុងខន្ធសន្តានចិត្តរបស់យើង
ដែលរង់ចាំអូសទាញឲ្យទៅធ្វើអំពើអាក្រក់ផ្សេងៗ ពោលដោយសង្ខេបមាន ៣ គឺ លោភៈ
បានដល់សេចក្ដីលោភលន់ចង់បានវត្ថុរបស់ក្នុងផ្លូវទុច្ចរិត ទោសៈ បានដល់គំនិតប្រទូសរាយចងអាឃាតគំនុំគុំគួនអ្នកដទៃ
និងមោហៈ បានដល់ការវង្វេងមិនដឹងការពិត ឃើញខុសជាត្រូវ ឃើញត្រូវជាខុស ឃើញខ្មៅថាស
ឃើញសថាខ្មៅ ឃើញល្អថាអាក្រក់ ឃើញអាក្រក់ថាល្អ ជាដើម ។ សត្រូវប្រភេទនេះជាសត្រូវរបស់ជីវិត
ដែលមកក្នុងរូបភាពជាមិត្ត គួរឲ្យខ្លាចខ្លាំងជាងសត្រូវណាៗ ទាំងអស់ ព្រោះអាចបោកបញ្ឆោតបញ្ចុះបញ្ចូលចិត្តឲ្យយើងនោះស្ម័គ្រចិត្ត
នឹងបំផ្លិចបំផ្លាញខ្លួនឯងឲ្យវិនាស ។
មនុស្សដែលយកឈ្នះសត្រូវខាងក្រៅ
សូម្បីតែនឹងមានឈ្មោះថា ជាមនុស្សពូកែ ជាវីរបុរសវីរនារី ប៉ុន្តែបើតាមគតិធម៌វិញ
មិនទាន់ប្រកាន់ថា ជាកំពូលអ្នកប្រយុទ្ធទេ ដោយសារជ័យជំនះនោះអាចត្រឡប់ចាញ់វិញបាន
ឈ្នះហើយក៏នៅជាទុក្ខ ។ ចំណែកខាងបុគ្គលដែលយកឈ្នះសត្រូវខាងក្នុង ដែលប្រកាន់ថា ជាសត្រូវជីវិតគឺ
មិនត្រូវបាន លោភៈ ទោសៈ និងមោហៈគ្រប់សង្កត់ញាំញីហ្នឹងឯង
ទើបជាកំពូលអ្នកចម្បាំងដ៏ពិតប្រាកដ ព្រោះតែគ្មានឱកាសត្រឡប់ចាញ់វិញបាន ជាជ័យជំនះដែលកំចាត់បង់នូវភ័យពៀរទាំងឡាយ
ឲ្យស្ងប់ទ្រោមចុះរាបបាន ។ ព្រះពុទ្ធបរមគ្រូជាម្ចាស់ ទើបទ្រង់សរសើរទុកថា “អត្តា ហវេ ជិតំ សេយ្យោ” ប្រែជាសេចក្ដីថា “ការឈ្នះខ្លួនហ្នឹងហើយប្រសើរបំផុត” ៕
ប្រែ.គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment