Sunday, November 12, 2017

ឆ្លាត និង ឆ្លៀវ


ឆ្លាត និង ឆ្លៀវ

នាយឆ្លាត និងនាយឆ្លៀវ ដែលជាមិត្តសម្លាញ់និងគ្នាយ៉ាងស្អិតរមួត ម្នាក់ៗបបួលគ្នាទៅផ្ញើខ្លួន ធ្វើជាសិស្សរៀនសូត្រវិជ្ជាការក្នុងសំណាក់គ្រូម្នាក់ដ៏ល្បីឈ្មោះ ។ គ្រូបង្រៀនវិជ្ជាការចំណេះចេះដឹងទាំងប៉ុន្មានដល់សិស្សទាំងពីរនេះស្មើគ្នា ដោយគ្មានការលាក់លៀមទុកអ្វីឡើយ ។ បន្តបន្ទាប់មកដល់ថ្ងៃមួយ សិស្សទាំងពីរបានសុំគ្រូអាចារ្យត្រឡប់ទៅលេងភូមិ ។ នៅតាមផ្លូវសិស្សទាំងពីប្រទះឃើញដានជើងធំៗរបស់សត្វមួយប្រភេទ ។ នាយឆ្លាតក៏ពោលឡើងថា ដានជើងដំរីនាយឆ្លៀវក៏ពោលបន្ថែមទៀតថា មែន! ដំរីមួយក្បាលនេះខ្វាក់ភ្នែកម្ខាង”  ។ ពេលធ្វើដំណើរទៅទៀត ពួកគេប្រទះឃើញស្នាមទឹកសើម ជោកលើដីក្បែរផ្លូវ នាយឆ្លាតពោលឡើងថា ស្នាមបន្ទោរបង់ទឹកមូត្រមនុស្សស្រីនាយឆ្លៀវក៏ពោលឡើងថា មែន! មនុស្សស្រីម្នាក់នេះមានគត៌ទៀតផង។ ក្រោយពីបន្តដំណើរទៅអស់មួយសន្ទុះធំ ក៏បានជួបដំរីខ្វាក់ភ្នែកម្ខាង និងចូលដល់ឧបចារៈនៃភូមិ ជួបជាមួយស្រ្តីមានគត៌ម្នាក់ ដូចអ្វីដែលនាយឆ្លៀវប្រាប់គ្រប់យ៉ាង ។

ពេលត្រឡប់មកកាន់សំណាក់របស់គ្រូអាចារ្យវិញ នាយឆ្លាតបាននិយាយរឿងដែលកើតឡើងឲ្យគ្រូអាចារ្យស្ដាប់ ក្នុងលក្ខណៈបែបរៀងអន់ចិត្តថា លោកគ្រូអគតិលំអៀងបង្រៀនវិជ្ជាការឲ្យនាយឆ្លៀវច្រើនជាង ។ គ្រូអាចារ្យទើបហៅនាយឆ្លៀវមកសាកសួរ ។ នាយឆ្លៀវប្រាប់បញ្ជាក់ឡើងថា ដែលខ្លួនដឹងថា ដំរីខ្វាក់ភ្នែកម្ខាង ព្រោះសង្កេតមើលពីដើមឈើស្មៅជុំវិញខាង ត្រូវដំរីទាញយឺតស៊ីតែម្ខាង និងដឹងថា ជាស្នាមបន្ទោរបង់ទឹកមូត្ររបស់ស្ត្រីមានគត៌ ក៏ព្រោះតែនៅក្បែរនោះ មានស្នាមបាតដៃទាំងពីរប្រាកដឡើង បញ្ជាក់ថា ស្រ្តីនោះប្រើដៃទាំងពីរច្រត់ទៅលើដី ជួយទប់ជ្រោងខ្លួន ខណៈដែលក្រោកឡើង ។   

និទានធម្មៈក្នុងរឿងនេះផ្តល់ជាគតិអប់រំថា ភាពឆ្លាតជាលទ្ធផលពីការអប់រំសិក្សា បង្កឲ្យកើតជាសញ្ញា គឺ ភាពចាំបាន ដឹងបានក្នុងរយៈខ្លីៗ ធ្វើឲ្យការមើលឃើញវត្ថុផ្សេងៗដោយចំៗត្រង់ៗ និងមានកំណត់ ប៉ុន្តែភាពឆ្លៀវ ជាលទ្ធផលមកពីការអភិឌ្ឍរឿងដែលអប់រំមកហើយ ធ្វើឲ្យកើតមានបញ្ញា ពុទ្ធិចំណេះដឹង ញាណស្ទាបស្ទង់ដឹងរយៈឆ្ងាយ អាចមើលឃើញអ្វីៗក្នុងការធ្វើវិភាគគិតថ្លឹងថ្លែងបានយ៉ាងល្អិតល្អន់ជ្រាលជ្រៅ និងគិតបានម៉ត់ចត់គ្រប់ជ្រុងជ្រោយ ។ ភាពឆ្លាតប្រៀបបាននិងមានសតិបញ្ញាល្អ ប៉ុន្តែឆ្លៀវជាគ្រឿងដាស់តឿនសតិ និងជាតួអង្គទ្រទ្រង់ឲ្យសតិបញ្ញា ដំណើរទៅយ៉ាងត្រឹមត្រូវ ។ ភាពឆ្លាតអាចវ៉ាស់វែងអំពីកម្រិតបាន ដូចជា ឆ្លាតតិច ឆ្លាតខ្លាំង ប៉ុន្តែភាពឆ្លៀវមិនអាចវ៉ាស់ស្ទង់ពីកម្រិតលំដាប់បានទេ ដរាបណាដែលមានភាពឆ្លៀវ ក៏អាចជួយឲ្យកើតភាពឆ្លាតឡើងបានមិនច្រើន ក៏តិចដរាបនោះដែរ ។ 

ដូចនោះ មិនថាឆ្លៀវនឹងល្អជាងឆ្លាតក្នុងផ្នែកណាក៏ដោយ ចំណុចសំខាន់ស្ថិតនៅត្រង់ថា មនុស្សឆ្លាតមិនត្រូវខ្វះឆ្លៀវ ។ មនុស្សឆ្លៀវត្រូវចេះគិតវិភាគយ៉ាងឆ្លាត រឹតតែឆ្លាតខ្លាំង រឹតតែឆ្លៀវខ្លាំង ដូចពាក្យខ្មែរយើងពោលទុកថា អ្នកចេះដប់មិនស្មើអ្នកប្រសប់មួយ ដូចនេះ ជីវិតរបស់មនុស្សយើងនោះ រមែងចម្រើនរុងរឿងបានយូរអង្វែងយ៉ាងពិតប្រាកដ ៕ 

ប្រែ.គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment