Tuesday, November 21, 2017

ស្រឡាញ់បរិសុទ្ធ


ស្រឡាញ់បរិសុទ្ធ

ធម្មៈនិងសេ្នហា ស្រឡាញ់បរិសុទ្ធសេចក្ដីស្រឡាញ់ជាវត្ថុទ្រទ្រង់លោក ជាគ្រឿងចិញ្ចឹមជីវិតមនុស្ស និងមានអត្ថន័យច្រើនប្រការ ច្រើនរសនិយម ប៉ុន្តែក្នុងផ្នែកខាងព្រះពុទ្ធសាសនាបានសរុបសេចក្ដីស្រឡាញ់នេះ ទុកជា ៣ ប្រភេទគឺ៖

១) តណ្ហាបេមៈ  ស្រឡាញ់ដោយតណ្ហា បានដល់សេចក្ដីស្រឡាញ់ម្យ៉ាងដែលប្រុស និងស្រីស្រឡាញ់គ្នា ដែលទទួលបានទាំងទឹកឃ្មុំ និងថ្នាំពុល គឺឲ្យផលល្អក៏មាន ឲ្យផលអាក្រក់ក៏មាន វាអាស្រ័យលើការគ្រប់គ្រងបានប៉ុនណា ទោះនឹងបានផលផ្នែកខាងល្អក៏ដោយ ប៉ុន្តែស្ថិតនៅក្នុងរង្វង់នៃការប្រាថ្នាចង់បានរបស់ខ្លួនឯង ឥតមានផ្លូវណាមួយក្រៅពីចូលក្នុងន័យថា អាត្មានិយមនោះ ឯង ។

២) គេហសិតបេមៈ  ស្រឡាញ់ដោយខ្សែស្រឡាយ ជាសេចក្ដីស្រឡាញ់ក្នុងវង់ត្រកូល រវាងឪពុកម្ដាយបងប្អូន តាយាយ និងកូនចៅ កូនក្មួយ ជាដើម ។ សេចក្ដីស្រឡាញ់ប្រភេទនេះ ទោះជាមានរឿងល្អ ប៉ុន្តែក៏មានលក្ខណៈភាពជាបក្សពួកបង្កប់នៅច្រើន មានឱកាសដែលអួសទាញទៅកាន់ភាពអាត្មានិយមបានដូចក្នុងប្រការទីមួយដែរ ។

៣) មេត្តាបេមៈ ស្រឡាញ់ប្រកបដោយមេត្តាចិត្ត គឺប្រាថ្នាល្អចំពោះអ្នកដទៃ ដោយសុទ្ធចិត្ត ព្រោះជាសេចក្ដីស្រឡាញ់ដែលកើតឡើង ពីការយល់ចិត្តអ្នកដទៃដោយពិត មើលឃើញយល់ទៅក្នុងហេតុបច្ច័យទាំងឡាយដែលធ្វើឲ្យគេមានដូច្នេះ ជាសេចក្ដីស្រឡាញ់ដែលកើតឡើងពីបញ្ញា ដែលយល់ដល់សភាវៈពិត ដោយមិនមានកម្លាំងប្រាថ្នារបស់ខ្លួនចូលទៅជ្រាតជ្រែកឡើយ ។


សេចក្ដីស្រឡាញ់ពីរយ៉ាងដំបូង ធ្វើឲ្យជីវិតផ្អែមល្ហែមល្អូកល្អើន និងធ្វើឲ្យមានរសជាតិល្វីងជូរចត់ពេលវាខុសបំណង ធ្វើឲ្យពិភពលោកស្រស់បំព្រង នឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែក ជាក្ដីស្រឡាញ់នៅក្នុងវង់ក្រចក មានតែតួខ្លួន និងបក្សពួកជាមូល ទើបមានសេចក្ដីប្រថុញប្រថានលាយឡំ ប៉ុន្តែសេចក្ដីស្រឡាញ់ទី ៣ ស្រឡាញ់ដោយមានចេតនាល្អចំពោះគ្នា ជួយជ្រោមជ្រែងឈឺឆ្អាលខ្វាយខ្វល់ដល់គ្នានិងគ្នា ចេះឲ្យអភ័យគ្នា ជាសេចក្ដីស្រឡាញ់បរិសុទ្ធ មានសុវត្ថិភាព មានប្រយោជន៍ដល់ម្ចាស់នៃក្ដីស្រឡាញ់ និងមិត្តភក្តិរួមលោកយ៉ាងច្រើនអនេក ។ បើអាចបណ្ដុះឲ្យកើតមានជាគូជាមួយក្ដីស្រឡាញ់ទាំងពីរខាងដើមនោះបាន លោកនេះក៏ស្រស់បស់ ល្អសោភា ទៅដោយអានុភាពនៃសេចក្ដីស្រឡាញ់បរិសុទ្ធ ដោយមិនចាំបាច់សង្ស័យអ្វីឡើយ ៕


No comments:

Post a Comment