មន្តស្នេហ៍
ធម្មៈនិងជីវិត
មន្តស្នេហ៍… ធម្មជាតិរបស់មនុស្សគ្រប់រូប រមែងត្រូវការជាទីស្រឡាញ់របស់អ្នកដទៃ
មិនត្រូវការជាទីស្អប់ខ្ពើមរបស់អ្នកណាមួយឡើយ ។
វិធីធ្វើឲ្យអ្នកដទៃគេស្រឡាញ់មានច្រើនវិធី ច្រើនរបៀបទៅតាមជំនឿរបស់បុគ្គលម្នាក់ៗ
មិនវៀរលែងឡើយ សូម្បីតែការងាកមុខងាកចិត្តទៅពឹងពររកគ្រូស្នេហ៍ ឬគ្រូវេទមន្តបាលីគាថា ដើម្បីសូធ្យផ្លុំអន្ទងចិត្តឲ្យមនុស្សដទៃគេមកស្រឡាញ់ គេមកចូលចិត្តក៏មាន ។ សម្រាប់ព្រះពុទ្ធសាសនា បានអប់រំថ្នាក់មូលដ្ឋានប្រតិបត្តិសម្រាប់ទាក់ទាញចិត្តមនុស្សឲ្យកើតក្ដីស្រឡាញ់ចូលចិត្ត
ដែលលោកហៅថា សង្គហវត្ថុ ឬមន្តស្នេហ៍មាន ៤ ប្រការគឺ៖
១) ទាន ជាអ្នកឲ្យ
ត្រេកអរក្នុងការចែករំលែក បែងចែកឲ្យទាំងដើម្បីជួយសង្គ្រោះអ្នកដទៃ
ទាំងដើម្បីសម្ដែងទឹកចិត្ត ។
២) បិយវាចា
និយាយអ្វីក៏និយាយប្រកបដោយពាក្យពេចន៍ពីរោះពិសាគួរឲ្យចង់ស្ដាប់ ទោះបីត្រូវគេតិះដៀលនិន្ទាពោលមូលបង្កាច់បង្ខូចខ្លួនក៏ដោយ ក៏សម្ដែងហេតុផលដោយពាក្យសម្ដីសុភាពរាបសា
មិនពោលត្រគោះបោះបោកកំបុតកំបុយ ឬប្រើអារម្មណ៍ ជំនួសសតិបញ្ញាឡើយ ។
៣) អត្ថចរិយា ធ្វើខ្លួនឲ្យជាប្រយោជន៍
ជួយទំនុកបំរុងអ្នកដទៃដោយកម្លាំងកាយ កម្លាំងសតិបញ្ញា ទោះបីគេមិនហានិយាយក៏មានទឹកចិត្ត
មិនមើលងាយមើលថោកអ្នកដទៃ ។
៤) សមានត្តតា ដាក់ខ្លួនឲ្យសមរម្យគឺដាក់ខ្លួនឲ្យស្មើដើមស្មើចុង
និងសក្ដិសមជាមួយនឹងឋានៈជីវភាពរបស់ខ្លួន ដូចជា ក្នុងឋានៈជាកូន ជាឪពុកម្ដាយ
ជាស្វាមីភរិយា ជាមិត្តភក្ដិ ជាដើម ។
សេចក្ដីស្រឡាញ់ជារឿងរបស់ចិត្ត
ការដែលពោលរឿងរបស់ចិត្តនោះ ក៏ត្រូវអាស្រ័យអំពើល្អជាស្ពានចម្លងឲ្យកើតភាពជ្រួតជ្រាបជាប់ចិត្តចំពោះគ្នា
។ មន្តស្នេហ៍ទើបមិនមែនជាមន្តខ្មៅដែលមើលមិនឃើញនោះទេ ប៉ុន្តែជាមន្តសដែលបើកចំហ មិនមែនមន្តសេកផ្លុំ
ប៉ុន្តែជាមន្តកសាងឡើង ដូចពាក្យពោលទុកថា
វិជ្ជាអាគមផ្សំស្នេហ៍
សំដែងស្នេហ៍បោកថាមន្តខ្លាំង
ខាត់ពេលខាតទ្រព្យខ្លួនត្រូវចាំ
ព្រោះមន្តខ្លាំងមានពេញខ្លួនយើង
កិរិយាវាចាអធ្យាស្រ័យ
ត្រូវប្រាស្រ័យអ្នកផងរបងយើង
ប្រជាយល់ភក្ដ្រិតែងស្រឡាញ់យើង
មិនសេកផ្លុំឡើងក៏ខ្លាំងឯង ។
No comments:
Post a Comment