Wednesday, November 22, 2017

លំនាំជីវិត


លំនាំជីវិត
ធម្មៈនិងជីវិត រឿងលំនាំជីវិតពាក្យលំនាំ មានន័យដល់ឥរិយាបថ ឬឫកពារអាកប្បកិរិយានៃទង្វើ ។ ជីវិតរបស់មនុស្សគ្រប់គ្នាឧបត្តិឡើងមកក្នុងលោកនេះ សុទ្ធតែមានលំនាំជីវិតផ្សេងៗគ្នាទៅតាមឋានៈជីវភាព ភេទ និងមុខរបរ ទើបមិនមានអ្នកណាហ៊ានចង្អុលប្រាប់ទៅថា លំនាំជីវិតរបស់បុគ្គលណាល្អជាង ព្រោះគ្រប់លំនាំជីវិត រមែងមានចំណុចល្អ និងចំណុចអាក្រក់ ឲ្យពេលលេញល្អឥតខ្ចោះបែបមួយរយភាគរយរកបានក្រ ប៉ុន្តែបើនិយាយដោយសរុបរួមមក លោកកំណត់លំនាំជាលក្ខគោលធំៗ ដែលជាលំនាំដ៏សមស្រប ជាមួយការហួងហែងពេលវេលា នៃជីវិតរបស់មនុស្សយើង ទុកជា ៣ ដំណាក់កាលគឺ៖

១) លំនាំជីវិតក្នុងបឋមវ័យ ជារយៈពេលដែលត្រូវដើរតួនាទីទៅក្នុងរឿងសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ទើបត្រូវខ្វាយខ្វល់ស្វះស្វែងរកចំណេះវិជ្ជាទុកឲ្យបានច្រើនទៅតាមលទ្ធភាពដែលខ្លួនឯងមាន ដែលខ្លួនឯងអាចធ្វើទៅបាន ព្រោះការបង់បោះចោលចំណេះដឹងគឺជាការបោះបង់ចោលនូវទ្រព្យសម្បត្តិ ក្នុងទីដែលខ្លួនឯង អាចនាំយកទៅប្រើបា្រស់បានពេញមួយជីវិត ។


២) លំនាំជីវិតមជ្ឈិមវ័យ ត្រូវឲ្យមានភាពសំខាន់ជាមួយការប្រកបតួនាំទីការងារ ដោយពឹងផ្អែកលើចំណេះដឹងដែលខ្លួនបានសិក្សាសូត្ររៀនមក និងសតិបញ្ញាការឆ្លៀវឆ្លាត ព្រមទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដែលកំពុងមានភាពស្វាហាប់រឹងប៉ឹងពេញលេញ ជាគ្រឿងជំនួយ ។

៣) លំនាំជីវិតក្នុងបច្ឆិមវ័យ ត្រូវកសាងសន្សំបុណ្យកុសលទុក និងតម្កល់ចិត្តក្នុងភាពស្ងប់ត្រជាក់ឲ្យដល់ខ្លួនឯង ព្រមទាំងផ្សព្វផ្សាយចែករំលែកគុណសម្បត្តិផ្សេងៗឲ្យដល់អ្នកដទៃ និងដាក់ខ្លួនឲ្យសក្ដិសមជាបូជនីយបុគ្គលរបស់មនុស្សជំនាន់ក្រោយៗទៀត ។


យ៉ាងណាក៏ដោយ រឿងដែលនិយាយខាងលើ ពុំមែនមានន័យថា បើនៅក្មេងធ្វើបុណ្យកុសលមិនបានទេ បើនៅក្នុងវ័យធ្វើការនឹងសិក្សារៀនសូត្រមិនបានក៏ទេដែរ គ្រាន់តែមិនត្រូវបោះបង់លក្ខគោលដែលគួរតោងប្រកាន់យក ជាគោលដៅជីវិតក្នុងដំណាក់កាលនីមួយៗ បើពុំដូច្នោះទេ លំនាំ ឬការធ្វើនោះ នឹងក្លាយទៅជាលំនាំជីវិតខុស រួមទាំងខុសកាលវេលា ដែលជាការមួយធ្វើឲ្យជីវិតភ្លាត់ខុសពីប្រយោជន៍ ទៅគួរឲ្យសោកស្តាយជាទីបំផុត ៕



No comments:

Post a Comment