Thursday, November 23, 2017

មនុស្សជាមួយការហ្វឹកហ្វឺន


មនុស្សជាមួយការហ្វឹកហ្វឺន
     
ធម្មៈនិងជីវិត មនុស្សជាមួយការហ្វឹកហ្វឺនដូចអ្វីដែលយើងទាំងអស់គ្នាបានជ្រួតជ្រាបមកហើយថា មនុស្សជាសត្វវិសេសដែលចេះរៀនសូត្រ និងហ្វឹកហ្វឺនខ្លួនឯងបានល្អជាងសត្វប្រភេទខ្លះៗ រហូតដល់អាចនាំយកសត្វដទៃមកបង្វឹកប្រើការងារតាមពាក្យបង្គាប់បញ្ជាខ្លួនបាន ទាំងដែលសត្វទាំងនោះមានមាឌធំៗ មានកម្លាំងខ្លាំងជាងមនុស្ស ប៉ុន្តែមិនធ្លាប់ប្រាកដទេថា មានសត្វណាដែលមានអំណាចលើមនុស្សបាន ព្រោះតែការហ្វឹកហាត់នេះឯង ក្រៅពីធ្វើឲ្យមានប្រៀបជាងសត្វហើយ ថែមទាំងជាហេតុឲ្យមនុស្សគ្នាឯង មានប្រៀបជាងគ្នាឯងបានទៀតផង ។ ក្នុងការហ្វឹកហ្វឺននេះឯង ផ្នែកខាងសាសនា លោកសំដែងថា លក្ខគោលនៃការហ្វឹកហាត់នេះមាន ៣ យ៉ាងគឺ៖

១) ផ្នែកសម្ព័ន្ធភាពនិងបរិស្ថាន ត្រូវហ្វឹកហាត់អភិវឌ្ឍ ដើម្បីឲ្យអាចរស់នៅជាមួយមិត្តរួមលោកបានល្អ មានការអនុគ្រោះដល់បរិស្ថាន មិនថាជាមនុស្ស សត្វ និងធម្មជាតិទេ ។

២) ផ្នែកចិត្ត ត្រូវហ្វឹកហាត់ចិត្ត ឲ្យមានចិត្តស្ងប់ត្រជាក់ឋិតថេរ មានសីលធម៌ ឲ្យជាប្រភពកំណើតគុណសម្បត្តិគ្រប់យ៉ាង ជាដើមផ្លូវនៃការអនុវត្តិប្រតិបត្តិត្រូវ ។  

 ៣) ផ្នែកបញ្ញា  ត្រូវហ្វឹកហាត់ពិនិត្យមើលលើបញ្ហាផ្សេងៗ ក្នុងក្របនៃហេតុផល ចាប់ផ្ដើមពីរឿងដែលអាចមើលឃើញងាយ យល់ងាយ ទៅដល់រឿងដែលអាចមើលល្អិតល្អន់កប់ជ្រៅ ទាល់តែគិតខុស ឃើញខុស ថយចុះសន្សឹមៗទៅតាមលំដាប់ ធ្វើឲ្យជីវិតដំណើរការទៅតាមគន្លងត្រឹមត្រូវ ល្អប្រពៃបានដោយស្វ័យប្រវត្តិ ។   

បើសិនត្រឡប់ក្រោយទៅមើលពួកក្រុមនៃបញ្ហា ក៏នឹងឃើញថា មិនរួចផុតពីរឿងដែលបានពោលមកគឺ បញ្ហាទាក់ទិនជាមួយនឹងការចាត់ចែងសភាពបរិស្ថាន បានដល់ ធម្មជាតិ មនុស្ស និងសត្វ ដែលមានការពាក់ព័ន្ធខ្លះ បញ្ហាពាក់ព័ន្ធជាមួយសភាពចិត្តដែលជាដើមផ្លូវនៃប្រព្រឹត្តិកម្មខ្លះ បញ្ហាពាក់ព័ន្ធជាមួយទស្សនគតិ និងជំនឿខ្លះ ។ បើសិនហ្វឹកហាត់អភិវឌ្ឍខ្លួនក្នុងផ្នែកទាំង ៣ ដូចបានពោលខាងដើមឲ្យបានល្អប្រពៃនុ៎ះ ជីវិតក៏នឹងពោរពេញទៅដោយគុណភាព ដូចព្រះពុទ្ធទ្រង់សំដែងទុកថា ក្នុងក្រុមមនុស្ស បុគ្គលហ្វឹកហាត់ហើយ ជាបុគ្គលប្រសើរបំផុត



No comments:

Post a Comment