Thursday, November 23, 2017

សត្វស្វាដណ្ដើមផ្លែឈើ


សត្វស្វាដណ្ដើមផ្លែឈើ

 និទានគុណធម៌ ស្ដីពី សត្វស្វាដណ្ដើមផ្លែឈើមានសត្វស្វាតូចពីរក្បាល ទៅជួបផ្លែឈើធំមួយផ្លែ ។ សត្វស្វាទាំងពីរក៏លោតចូលទៅកន្រ្ទប់ព្រមគ្នា រួចក៏ទាញដណ្ដើមផ្លែឈើគ្នាទៅមកៗ ។ ភាគីម្ខាងៗនិយាយថា ផ្លែឈើនេះជារបស់ខ្ញុំ ខ្ញុំឃើញមុនប្រកែកគ្នាទៅមួយសន្ទុះធំ ក៏មិនអាចព្រមព្រៀងចិត្តគ្នាបាន ទោះជាស្វាមួយក្បាលទៀតមានគំនិតថា យើងគួរចែកផ្លែឈើនេះម្នាក់ពាក់កណ្ដាលល្អជាងក៏ដោយ តែកើតមានបញ្ហាមួយទៀតថា តើនឹងប្រគល់ផ្លែឈើនេះទៅឲ្យអ្នកណាជាអ្នកចែក ព្រោះបើសិនឲ្យស្វាមួយក្បាលជាអ្នកចែក ស្វាមួយក្បាលទៀតក៏ពោលថា ខ្លួនជាភាគីចាញ់ប្រៀប បានចំណែកដែលតិចជាង  រួចហើយស្វាទាំងពីរបន្តការប្រកែកគ្នានេះទៅទៀតថា ខ្ញុំចែកខ្លួនឯងៗ។ ក្នុងទីបំផុតក៏ព្រមចិត្តគ្នា ទៅរកស្វាធំមួយក្បាលឲ្យជាអ្នកចែកផ្លែឈើឲ្យពួកខ្លួន ។

ចំណែកស្វាធំក៏ពោលថា យើងនឹងបែងចែកឲ្យអ្នកបានស្មើគ្នាដោយយុត្តិធម៌ថាហើយក៏ចែកផ្លែឈើចេញជាពីរចំណែក ។ ចំណែកខាងធំទុកក្នុងដៃស្ដាំ ចំណែកខាងតូចទុកក្នុងដៃធ្វេង ហើយក៏មើលផ្លែឈើទាំងពីរចំណែក ពេលមើលឃើញចំណែកផ្លែឈើក្នុងដៃស្ដាំធំជាង ក៏ខាំស៊ីចំណែកនោះដើម្បីឲ្យស្មើនឹងចំណែកខាងធ្វេង ពេលខាំស៊ីស្រេចហើយក៏មើលផ្លែឈើទាំងពីរចំណែកម្ដងទៀត រួចហើយឃើញចំណែកក្នុងដៃធ្វេងត្រឡប់ជាធំជាង ក៏ខាំស៊ីចំណែកនោះ ធ្វើដូច្នេះរហូតដល់ផ្លែឈើអស់រលីងទាំងពីរចំណែក បណ្ដោយឲ្យស្វាតូចទាំងពីរនោះអង្គុយមើលមុខគ្នា រួចហើយធ្វើភ្នែកអៀមមៀមដោយសេចក្ដីសោកស្ដាយ ។
       
បើសិនស្វាទាំងពីរអាស្រ័យការសាមគ្គីផ្សះផ្សារគ្នា  អាចស្រុះស្រួលគ្នាបាន មិនបារម្ភតែថានឹងបានតិច ឬច្រើន មានទំនុកចិត្តគ្នា ឲ្យកិត្តិយសគ្នា ព្រមសុខចិត្តឲ្យអ្នកណាក៏បានជាអ្នកចែក ឬបើសិនមានសេចក្ដីសន្តោស គឺត្រេកអរក្នុងចំណែកដែលខ្លួនបាន ពេញចិត្តក្នុងចំណែកដែលខ្លួនមាន ជាដើម ។ ស្វាតូចទាំងពីររមែងបានភ្លក់រសជាតិផ្លែឈើដ៏មានឱជារសនោះយ៉ាងប្រាកដ ប៉ុន្តែកើតហេតុដូច្នេះ ព្រោះតែខ្វះការសាមគ្គី មានតែការសង្ស័យមិនទុកចិត្តគ្នាទៅវិញទៅមក អាស្រ័យសេចក្ដីលោភលន់ជាទីតាំង ទើបវាបាត់បង់ផ្លែឈើដែលគួរបាន យ៉ាងគួរឲ្យអាណិតអាសូរបំផុត ៕



No comments:

Post a Comment