Friday, November 24, 2017

ដឹងទាន់ចិត្ត


ដឹងទាន់ចិត្ត

ធម្មៈអប់រំចិត្ត ស្តីពី ដឹងទាន់ចិត្តមនុស្សគ្រប់គ្នា ម្នាក់ៗធ្លាប់បានជួបប្រទះជាមួយរឿង ដែលទាស់ចិត្តថ្នាំងថ្នាក់ចិត្ត ដែលជាការនាំឲ្យខ្លួនកើតទុក្ខដូចៗគ្នាទាំងអស់ ប៉ុន្តែសេចក្ដីទុក្ខជាច្រើនកើតឡើង ពីគំនិតរបស់មនុស្សផ្ទាល់ខ្លួនឯង ពោលគឺ ពេលមានបញ្ហាកើតឡើង មនុស្សក៏នាំយកបញ្ហាទាំងនោះមកសញ្ជឹងគិត ម្ដងហើយម្ដងទៀត  មិនព្រមលែងចេញឲ្យផុតទៅ ទាល់តែជាប់នៅក្នុងការរាំងស្ទះគំនិតរបស់ខ្លួនឯង ដូចជា ពេលត្រូវគេជេរស្តី ការពិត ការជេរ ឬពាក្យជេរ ក៏មានត្រឹមតែសំឡេងដែលមកប៉ះផ្ទប់នឹងត្រចៀក ប៉ុន្តែពេលមិនមានសតិគឺការដឹងខ្លួន ចាំគ្រប់គ្រងទុក ក៏ភ្លេចខ្លួនទៅតាក់តែងសំឡេងនោះបន្ត ដោយសេចក្ដីក្រោធខឹងកើតឡើង ហើយគិតវិលវល់តែក្នុងរឿងនោះ រឹងរិតតែឃើញមុខមនុស្សជេរ រឹងរិតតែយករឿងដែលគេជេរមកខឹងបន្ត ទៅជាយ៉ាងនេះម្ដងហើយម្ដងទៀត សូម្បីតែរឿងដែលគេជេរ បានចប់ទៅក្លាយជាអតីតកាលទៅហើយក្ដី ក៏នៅតែប្រឹងទាញវាមកគិតឲ្យខ្វល់ដូច្នេះ ទើបធ្វើឲ្យកើតទុក្ខរីងរៃទៅ ឧបមាដូចជាមនុស្សយកម្ជុលមកចាក់ឲ្យឈឺចុកចាប់ ហើយគេចបាត់ទៅ ពេលនៅម្នាក់យើងហ្នឹងឯង ក៏យកម្ជុលចុងស្រួចនោះមកចាក់លើខ្លួនឯងបន្តទៅទៀត ។

មានវិធីសាស្ត្រមួយ ដែលអាចនាំសេចក្ដីទុក្ខប្រភេទនេះឲ្យចេញពីចិត្តបាន គឺការដឹងទាន់គំនិត ។ ត្រង់ចំណុចនេះវាមានន័យថា ការប្រើសតិឃុំគ្រងគ្រប់ពេលណាដែលខ្លួនគិត និងព្យាយាមស្ទាបស្ទង់គំនិតដែលខ្លួនបានសាងឡើងជាវិបាកកម្ម ឬបង្កបង្កើតទុក្ខដល់ខ្លួនឯង ដូចជា ពេលបានឮពាក្យគេជេរ ហើយមានអារម្មណ៍ខឹង ក៏ឲ្យយកអារម្មណ៍ខ្លួនដាក់ចូលទៅ មើលឲ្យឃើញសភាវៈក្រោធ ដែលកំពុងកើតឡើង គ្រាន់តែដឹងទាន់អាការៈរបស់ចិត្តយ៉ាងនេះប៉ុណ្ណោះ ចិត្តយកទៅតាក់តែងបន្តមិនបាន ចុងក្រោយនឹងឃើញត្រឹមតែខ្លួនដឹងដែលកើតឡើង តាំងនៅ និងរលត់ទៅ ឧបាទានការប្រកាន់មាំ ដែលនាំឲ្យខ្លួនកើតទុក្ខនោះ នឹងត្រូវបានរម្ងាប់ចុះទៅដោយស្វ័យប្រវត្តិ ។

មនុស្សសាមញ្ញទូទៅ ដែលមិនមែនជាព្រះអរិយបុគ្គល ក៏អាចហ្វឹកហ្វឺនចិត្តឲ្យមានសតិគ្រប់គ្រងបានគ្រប់ពេលវេលាបាន ។ ចិត្តដែលដឹងទាន់ចិត្តយ៉ាងហ្នឹងឯង និងមិនច្របូកច្របល់ មិនជ្រួលច្រាល មិនញាប់ញ័រ មិនភ្លេចភ្លាំងទៅគិតរឿងផ្ដេសផ្ដាស់ឲ្យមកធ្វើបាបខ្លួនឯងឡើយ ។ សេចក្ដីទុក្ខ នឹងទ្រោមចុះ ស្ងប់រម្ងាប់ចុះ សេចក្ដីសុខនឹងកើតមានឡើង បន្ថែមឡើង ៕


No comments:

Post a Comment