Friday, November 24, 2017

រឿង រើសស៊ីរើសប្រើ


រឿង រើសស៊ីរើសប្រើ

ធម្មៈក្រោយបាយថ្ងៃត្រង់ រឿង រើសស៊ីរើសប្រើក្នុងអតីតកាល វត្ថុបរិភោគឧបភោគដាស់ភ្ញោចចិត្តឲ្យកើតចំណងមានប្រមាណតិច មនុស្សទើបមិនសូវជួបប្រសព្វជាមួយបញ្ហា រឿងការចាយវាយច្រើនខ្លាំងប៉ុនណាទេ ប៉ុន្តែសម័យសព្វថ្ងៃនេះ វត្ថុឧបភោគបរិភោគដែលប្រលោមចិត្តឲ្យមានចំណង់ច្រើនខ្លាំងឡើង បញ្ហាចំណូលមិនគ្រប់គ្រាន់ក្នុងការចំណាយចាយវាយ ទើបកើតមានច្រើនផងដែរ ។ ដោយការពិចារណាទៅលើសភាពជាក់ស្ដែង វត្ថុបរិភោគឧបភោគដូចបានពោល មានត្រឹមតែវត្ថុរោលរាលចិត្តប៉ុណ្ណោះ មូលហេតុចម្បងដែលធ្វើឲ្យមានការចំណាយហួសពីការចំបាច់របស់អ្នកប្រើប្រាស់ មាន ៣ ប្រការគឺ៖


១) មូលហេតុមកពីតម្រូវការរបស់មនុស្ស ដែលមានឈ្មោះថា មនុស្សនោះច្រើនតែមានតម្រូវការច្រើនបន្ថែមឡើងជារឿយៗ រកទីបំផុតគ្មាន ដូចជា ពេលខ្លួនមានចំណូលតិច នឹងទិញអាហារទទួលទានទីណាក៏បាន សុំឲ្យត្រឹមតែផ្ទៃបានស្អែតក៏គ្រប់ ហៅថា រស់ងាយ ស៊ីងាយ ។ បន្តមកទៀត មានចំណូលកើនបន្ថែមឡើង ក៏លែងចង់ទៅទទួលទានអាហារដូចពីមុនតទៅទៀត ត្រូវផ្លាស់ប្ដូរជាអាហារតាមហាងធំៗ ទំនើបៗ ដែលមានតម្លៃថ្លៃៗឡើង ទាំងដែលហាងបាយពីមុន គ្រាន់តែហូបមួយចំអែតក្រពះ ដែលមានតម្លៃអាហារល្មមគួរសមប៉ុណ្ណោះ ។

២) មូលហេតុពីការយល់លោកដែលមិនសក្ដិសម គឺយល់ថា របៀបបែបផែននៃការទ្រទ្រង់ជីវិត ដែលប្រាកដតាមរសនិយមផ្សេងៗ ដែលមានលក្ខណៈដុតអារម្មណ៍ឲ្យកើតនូវការបរិភោគ (ការប្រើប្រាស់) និងការចាយវាយច្រើនឡើងនោះ ជារបៀបបែបផែនដែលត្រឹមត្រូវ គួរប្រកាន់យកជាវិធីទ្រទ្រង់ជីវិតរបស់មនុស្សធម្មតាទូទៅ ទើបខ្លួនខិតខំព្យាយាមទ្រទ្រង់ជីវិតតាមរបៀបបែនផែននោះ ទីបំផុតខ្លួនក៏ត្រូវចាយវាយលុយកាក់ហួសចំណូលដែលខ្លួនទទួលបាន ។

៣) មូលហេតុឥទ្ធិពលបរិស្ថានសង្គម ការដែលមនុស្សយើងមានការទំនាក់ទំនងជាមួយមនុស្សក្នុងសង្គម និងត្រូវការជាទីពេញនិយមពីក្រុមមនុស្សក្នុងសង្គម ក៏ជាមូលហេតុមួយដែលធ្វើឲ្យកើតនូវការប្រើខ្សែជីវិត និងការប្រើប្រាស់យ៉ាងអស់ពីខ្លួនបាន ដូចជា ឃើញថា បើមានគេប្រើសម្ភារៈម៉ាកប្រែនដ៍ៗយ៉ាងនោះ ឬទៅទីកន្លែងនោះហើយ ឃើញសុទ្ធតែមនុស្សលំដាប់ មានមុខមានមាត់ ជនល្បីល្បាញ ខ្លួនក៏ត្រូវព្យាយាមធ្វើយ៉ាងដូចពួកគេដែរ ដើម្បីឲ្យបានជាការពេញនិយមរបស់មនុស្សទាំងនោះ ទើបមានមនុស្សចំនួនច្រើនណាស់ដែលដឹងខ្លួនថា ត្រូវចាយវាយខ្ពស់ និងអស់ពីខ្លួន ប៉ុន្តែក៏នៅស្ទាបស្ទង់ វាស់វែងចិត្តមិនបាន ។


បើសិនបានដឹងទាន់មូលហេតុនៃបញ្ហាទាំងនេះហើយ ត្រូវចេះលៃលកធ្វើខ្លួនជាថ្មី ដោយចេះប្រើខួរក្បាលគិត និងមានហេតុផលជាមូលដ្ឋាន ក៏នឹងធ្វើឲ្យកើតភាពរឹងមាំ អាចនឹងជម្រើសស៊ីជម្រើសប្រើតាមហេតុផល និងតាមក្រិត្យក្រមរបស់ខ្លួន មិនស៊ីមិនចាយទៅតាមកម្លាំងទាក់ទាញរបស់វត្ថុជន្លទាំងនោះបាន ។ ពេលនោះឯង បញ្ហាចំណូលមិនគ្រប់ជាមួយការចំណាយ ក៏លែងកើតជាបញ្ហាចោទតទៅទៀតដែរ ៕


No comments:

Post a Comment