ស្នាមរបួសដែលមុតលើសាច់
វាពិតជាឈឺណាស់ ហើយវានឹងរឹតតែឈឺខ្លាំងបំផុត ប្រសិនបើយើងព្យាយាមចាក់វាបន្ថែម ។
ស្នេហាវាពិតជាផ្អែមណាស់ បន្ដែវាក៏ល្វីណាស់ដែរ ហើយវានឹងរឹតតែល្វីងទេ្វដង
ប្រសិនបើយើងបានដឹងថាវាលែងមានរសជាតិផ្អែមហើយ នៅតែប្រឹងលេបទាំងល្វីង
ចុងក្រោយអ្នកដែលស្ទើរស្លាប់គឺយើងខ្លួនឯង ។ អ្នកដទៃបានចាក់យើងមួយកាំបិត
យើងឈឺណាស់ទៅហើយ តើហេតុអ្វីយើងត្រូវចាក់ខ្លួនឯងបន្ថែមទៀត ? អ្នកដទៃធ្វើបាបយើង
ចុះហេតុអ្វីយើងត្រូវធ្វើបាបខ្លួនឯង ?
មានពេលខ្លះ
ការបាត់បង់វាធ្វើឲ្យយើងសោកស្ដាយ ប៉ុន្ដែមានរបស់ខ្លះទោះវាមានតម្លៃប៉ុនណាក៏ដោយ
បើវាមិនល្អសម្រាប់យើងហើយ ទោះបាត់ក៏មិនគួរឲ្យស្ដាយដែរ ។
របស់ខ្លះវាចូលមកដើម្បីឲ្យយើងស្រឡាញ់ ប៉ុន្ដែមិនមែនកម្មសិទ្ធិយើងទេ ។ មនុស្សខ្លះ
ចូលមកដើម្បីបង្រៀនយើងពីរសជាតិនៃក្ដីស្រឡាញ់ ក្រោយមកក៏ចាក់យើងមួយកាំបិត
រួចគេក៏ដើរទៅបាត់ដោយគ្មានស្ដាយស្រណោះ ។
សត្វចាបដែលយើងបានចិញ្ចឹម
ការដែលយើងដាក់វាក្នុងទ្រុង ទោះទ្រុងស្អាតប៉ុនណាក៏ដោយ វាមិនមែនបានន័យថាស្រឡាញ់ទេ
គេហៅថាឃុំឃាំង មនុស្សក៏ដូចគ្នា ទោះបីយើងឃុំឃាំងគេ បើចិត្ដគេចង់ទៅហើយ
ទោះបីឃាត់ក៏គ្មានន័យដែរ ឃាត់កាយបានតែមិនអាចឃាត់ចិត្ដបានឡើយ ។
បាត់បង់របស់ជាទីស្រឡាញ់
វាពិតជាឈឺណាស់ ស្ដាយណាស់ ប៉ុន្ដែការឈឺចាប់សោកស្ដាយមិនអាចធ្វើឲ្យគ្រប់យ៉ាងត្រឡប់ដូចដើមវិញឡើយ
។ រឿងមិនល្អក្នុងជីវិត មិនមែនមានតែយើងទេ ដែលជួបប្រទះ អ្នកដទៃក៏ដូចយើងដែរ
គ្រាន់តែយើងមិនបានដឹងប៉ុណ្ណោះ ។ សូម្បីតែផ្លូវដែលយើងដើររាល់ថ្ងៃ ក៏មានបត់បែន
មានជង្ហុក មានដុំថ្ម ចុះទម្រាំផ្លូវជីវិត តើលែងអីនឹងគ្មានរឿងខកបំណង ? ជីវិតគឺជាជម្រើស
គេអាចជ្រើសយកការបោះបង់យើង ចុះហេតុអ្វីយើងមិនអាចជ្រើសយកខ្លួនឯង ?
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment