ដើមឈើមួយដើមៗ
ទម្រាំតែវាធំ វាបានឆ្លងកាត់ពីកូនរុក្ខជាតិតូចមួយ
ហើយក៏បន្តលូតលាស់ជាមួយឧបសគ្កជាច្រើន ប៉ុន្ដែការតស៊ូលូតលាស់បន្ដិចម្ដងៗ
រយៈពេលប៉ុន្មានឆ្នាំក្រោយវានឹងធំ ហើយវានឹងលែងខ្លាចខ្យល់ភ្លៀងទៀតហើយ
ព្រោះជីវិតរបស់វាត្រូវបានរកឃើញថាមពលពិតប្រាកដ ។ កូនរុក្ខជាតិ
គឺប្រៀបដូចកូនចិត្ដនៃក្ដីសង្ឃឹមរបស់យើងដែរ ឲ្យតែយើងរក្សាវាក្នុងចិត្ដ
មុននឹងក្រោយវាគង់តែក្លាយមកជាការណ៍ពិតនៅថ្ងៃណាមួយមិនខាន ។
ឆាកជីវិតមានព្យុះមានភ្លៀងជារឿងគេចមិនផុត
ហើយមានតែការតស៊ូទេ ទើបយើងអាចបន្ដជីវិតរបស់យើងនៅលើផែនដីនេះតទៅទៀតបាន ។
ពុំមានអ្វីឋិតថេរ ហើយក៏គ្មានរឿងសមបំណងច្រើនដែរ ជីវិតមានតែពាក្យមួយមាត់គត់ គឺ “តស៊ូ”
យើងអាចបាត់បង់គ្រប់យ៉ាង តែមិនអាចបាត់បង់ការតស៊ូនេះបានទេ ។ គ្មាននរណាម្នាក់យកទំនិញមកឲ្យយើងស្រួលៗនោះឡើយ
លុះត្រាតែយើងយកលុយទៅទិញ ជីវិតក៏ដូចគ្នា គ្មានជោគជ័យណាបានមកដោយស្រួលៗដោយមិនមានការពលីខ្លះនោះដែរ
។
យើងអាចនឹងឋិតនៅចំណុចមួយដែលកំពុងទន់ខ្សោយ
ប៉ុន្ដែប្រសិនបើយើងបន្ដភាពទន់ខ្សោយនេះតទៅទៀត ថ្ងៃក្រោយយើងនឹងដួលងើបលែងរួច ។
បន្លាដែលមុតចូលសាច់ យើងប្រាកដជាដឹងហើយថាឈឺ ប៉ុន្ដែបើយើងមិនដកវាចេញ
តើពេលណាទើបយើងអាចបន្ដដំណើរទៅមុខទៀតបាន ? បើយើងមិនដកភាពទន់ជ្រាយចេញពីជីវិត
តើធ្វើម៉េចទើបអាចតតាំងជាមួយកម្លាំងខ្យល់ព្យុះនៃជីវិតបានទៅ ?
ញញឹមហើយបន្ដដំណើរទៅមុខជានិច្ច
ព្រោះគ្មាននរណាម្នាក់ដែលមិនធ្លាប់ជួបរឿងអសកម្មក្នុងជីវិតនោះទេ ជួនកាលយើងថាយើងលំបាក
ប៉ុន្ដែយើងពិតជាមិនបានដឹងឡើយថា នៅមានគេលំបាកជាងយើងរាប់សិបដងច្រើនទៀត ។ ការឈឺចាប់
ការបរាជ័យ ការបាត់បង់ ត្រូវតែទទួលស្គាល់ថាវាជាការពិត ហើយចងចាំវាទុកជាមេរៀនជីវិត
ដើម្បីបង្កើនភាពរឹងមាំឲ្យខ្លួនឯងទៅថ្ងៃក្រោយ ។ ជីវិតដែលរឹងមាំពិតប្រាកដ
មិនមែនជាការទ្រាំជាមួយការឈឺចាប់ទេ គឺចេះរស់នៅនិងចេះបត់បែនជាមួយរសជាតិពិតនៃជីវិត
៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment