Thursday, August 23, 2018

កុំស្អប់មនុស្សអាក្រក់



បិតាសន្ដិភាពប្រទេសឥណ្ឌា មហាត្មៈគន្ធី បានពោលថា " យើងមិនត្រូវស្អប់មនុស្សអាក្រក់ទេ អ្វីដែលយើងត្រូវស្អប់គឺអំពើអាក្រក់ " មនុស្សយើងនរណាៗក៏អាចក្លាយជាមនុស្សអាក្រក់បានដែរ ប្រសិនបើអំពើអាក្រក់មិនត្រូវបានបំបាត់ចោល ។ មានពេលខ្លះយើងបានយល់ច្រឡំចំពោះការជាន់ពន្លិចនរណាម្នាក់ជាមួយអំពើអាក្រក់របស់គេ ដោយយល់ថាធ្វើបែបនេះគឺដើម្បីកម្ចាត់មនុស្សអាក្រក់ ប៉ុន្ដែតាមសច្ចភាពនៃជាតិមនុស្សអាក្រក់ គឺកើតពីអំពើអាក្រក់ បើគ្មានអំពើអាក្រក់ ក៏គ្មានមនុស្សអាក្រក់ដែរ ។ យើងមិនអាចក្លាយជាអច្ឆរិយបុគ្គលដោយសារការជាន់ពន្លិចនរណាម្នាក់ឡើយ ទោះបីគេជាមនុស្សអាក្រក់ក៏ដោយ តែបើយើងអាចស្រាយចំណងអវិជ្ជារបស់គេបាន នោះទើបហៅថាបុគ្គលដ៏ប្រសើរ ។

ខុងជឺបានបង្រៀនទៀតថា "ចូរតបស្នងអំពើអាក្រក់ដោយអំពើល្អ តបស្នងអំពើល្អដោយភាពយុត្តិធម៌ " នៅក្នុងពិភពលោកដែលពោរពេញដោយកំហុសនេះ ពុំមាននរណាម្នាក់អាចគេចផុតពីកំហុសឡើយ ហើយនេះគឺជាមូលហេតុដែលយើងត្រូវមានមេត្ដាធម៌ចំពោះភាពជាមនុស្សដូចគ្នា ។ អំពើអាក្រក់ពេលខ្លះប្រៀបដូចក្រដាសសមួយសន្លឹកដែលគេសរសេរពាក្យថា " អាក្រក់ " ប៉ុន្ដែប្រសិនបើយើងគ្រាន់តែយកអ្វីម្យ៉ាងទៅលុបពាក្យអាក្រក់ចេញ រួចជំនួសមកវិញនូវពាក្យ " ល្អ " នោះគ្រប់គ្នាប្រាកដជាអានថាល្អ ទោះបីជាវាមានស្នាមខ្លះក៏ដោយ ហើយក្រដាសនៅតែជាក្រដាសដដែល មនុស្សក៏ដូចគ្នា ប្រសិនបើយើងផ្ដល់ការអប់រំត្រឹមត្រូវ គឺយើងបានលុបពាក្យអាក្រក់ចេញពីផ្ទៃមុខរបស់គេ ។ មនុស្សអាក្រក់ក៏ជាមនុស្សដែរ ពេលខ្លះដោយសារតែខ្វះសតិពិចារណា ឬដោយសារតែគេល្ងង់ ទើបគេបង្កើតបានជាកំហុសឆ្គងឡើងមក ។ ក្នុងនាមយើងជាមនុស្សដូចគ្នា យើងមិនគួរជ្រើសយកវប្បធម៌ជាន់ពន្លិចមកកែប្រែនរណាម្នាក់នោះទេ ។ ខុងជឺ បានបង្រៀនថា " គោលការណ៍របស់មនុស្សថ្លៃថ្នូរគឺសច្ចធម៌ " ប្រសិនបើយើងជាមនុស្សត្រឹមត្រូវ ប៉ុន្ដែយើងអប់រំនរណាម្នាក់ដោយប្រាសចាកពី សច្ចធម៌ យើងមិនខុសពីមនុស្សអាក្រក់ឡើយ ពេលខ្លះអាចអាក្រក់ជាងពួកគេទៅទៀត

យើងអាចមានខ្លួនឯងជាឧបមា  មានព្រះពុទ្ធដីកាថា អត្ដានំ ឧបមា កត្វា យកខ្លួនរបស់ខ្លួនឯងធ្វើជាឧបមា ប្រសិនបើយើងមិនប្រយ័ត្នជាន់ត្រូវបន្លា តើយើងចង់ដកវាចេញឬចង់ឲ្យគេចាក់វាបន្ថែម ? ក្នុងបរិបទសង្គមមនុស្សក៏ដូចគ្នាដែរ គ្មាននរណាម្នាក់អាចសប្បាយចិត្ដជាមួយការតិះដៀលទេ ប៉ុន្ដែគេនឹងសប្បាយចិត្ដជាមួយការណែនាំដ៏ត្រឹមត្រូវ ។ ខ្ញុំនិយាយនេះមិនបានកាន់ជើងមនុស្សអាក្រក់ទេ មនុស្សអាក្រក់ត្រូវតែមានទោស ដាក់ទោសគឺដើម្បីកែប្រែសារជាតិមនុស្សអាក្រក់ចេញ ប៉ុន្ដែមេត្ដាធម៌គឺត្រូវមានកាលទេសៈប៉ុណ្ណោះ ....

"កុំធ្វើអំពើណាដែលយើងមិនចង់ឲ្យគេធ្វើដាក់យើង" -ខុងជឺ-

Cr. ប្រាជ្ញាជីវិត

1 comment:

  1. ខ្វះរូបដាក់មែនលោកបង?

    ReplyDelete