Friday, August 24, 2018

អវិជ្ជា_ជាប្រធាននៃអកុសលទាំងឡាយ!



ប្រសិនបើយើងមិនយល់ យើងនឹងខឹងគេដាច់ក្បាលដាច់កន្ទុយ តែប្រសិនបើយើងចេះយល់ពីហេតុផល យើងនឹងដឹងថាហេតុអ្វីបានជាមានបញ្ហាអសកម្មកើតឡើង ។ ប្រសិនបើយើងមិនយល់ យើងនឹងយល់ថាមនុស្សអាក្រក់គួរឲ្យស្អប់ ប៉ុន្ដែប្រសិនបើយើងយល់ យើងនឹងដឹងថាមនុស្សអាក្រក់គួរឲ្យអាណិត ។ ហេតុអ្វីបានជាយើងត្រូវអាណិតមនុស្សអាក្រក់ ? នោះគឺមកពីយើងមិនយល់ពីប្រភពនៃមនុស្សអាក្រក់ ថាហេតុអ្វីបានជាមានមនុស្សអាក្រក់ ។ ពាក្យថាអាក្រក់នរណាៗក៏អាចនិយាយបាន ហើយនរណាៗក៏អាចក្លាយជាមនុស្សអាក្រក់បានដែរ ប្រសិនបើតម្រូវការជីវិត ឬបរិយាកាសជីវិតតម្រូវឲ្យធ្វើជាមនុស្សអាក្រក់ ។

ភាពជាមនុស្សអាក្រក់គឺពិតជាឯកោបំផុត ព្រោះក្នុងលោកនេះពុំមានមនុស្សអាក្រក់ណាត្រូវបានគេសាទរនោះទេ ហើយក៏គ្មានទីឋានណាគេចង់ស្វាគមន៍មនុស្សអាក្រក់នោះដែរ គឺមានតែការស្អប់និងការរអើមចំពោះពួកគេតែប៉ុណ្ណោះ ។ មនុស្សអាក្រក់ដែលគួរឲ្យរអើមខ្លាំងបំផុត គឺកើតឡើងដោយសារការខ្វះសេចក្ដីល្អក្នុងចិត្ដ ហើយការខ្វះសេចក្ដីល្អក្នុងចិត្ដគឺបណ្ដាលមកពីខ្វះការអប់រំចិត្ដ ដែលជាហេតុបណ្ដាលឲ្យភ្លើងនៃភាពច្រណែនឈ្នានីស ភ្លើងនៃការចង់បានហួសហេតុ ភ្លើងនៃការចងគំនុំសងសឹក ដណ្ដើមលួចប្លន់ ការបៀតបៀនអ្នកដទៃក្នុងផ្លូវអាក្រក់ផ្សេងៗ ឆេះឡើងក្នុងចិត្ដរបស់ពួកគេ ហើយភ្លើងនោះបានដុតពួកគេទាំងថ្ងៃទាំងយប់ឲ្យក្ដៅក្រហាយដេកមិនលក់បាយមិនឆ្ងាញ់គ្មានក្ដីសុខផ្លូវចិត្ដ ហើយជីវិតមួយនេះពោរពេញទៅដោយការភ័យខ្លាច ។

ព្រះពុទ្ធបានត្រាស់សម្ដែងថា " អវិជ្ជា ជាប្រធាននៃអកុសលទាំងឡាយ " មនុស្សអាក្រក់បែងចែកជាច្រើនប្រភេទ ហើយគ្រប់ផ្នែកនិមួយៗនៃភាពអាក្រក់ គឺសុទ្ធតែផ្សំឡើងពីភាពអវិជ្ជា ព្រោះដោយសារភាពអវិជ្ជា ទើបមានភាពអសកម្មក្នុងជីវិតកើតឡើង ហើយភាពអសកម្មទាំងនោះហើយ ដែលជាប្រភពនៃអំពើអាក្រក់ទាំងឡាយ ។

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment