Wednesday, August 29, 2018

កូនសោជីវិត!



នៅពេលដែលយើងរៀនជិះកង់ យើងតែងតែគិតថាការជិះកង់វាជារឿងលំបាកបំផុត ប៉ុន្ដែក្រោយពេលយើងចេះជិះ យើងក៏និយាយឡើងថា ការជិះកង់គ្មានអ្វីលំបាកទេ ប៉ុន្ដែកាលដែលយើងមិនទាន់ចេះជិះ យើងពុំដែលហ៊ាននិយាយពាក្យងាយស្រួលចំពោះការជិះកង់នេះទេ ។ ជីវិតមានរឿងងាយៗជាច្រើនដែលយើងត្រូវយល់ ប៉ុន្ដែនៅពេលដែលយើងមិនទាន់យល់ យើងក៏គិតថាវាជារឿងដែលមិនងាយយល់ ហើយប្រសិនបើយើងទុកវាចោលដោយមិនព្រមឈ្វេងយល់ នោះទើបជាការមិនយល់ពិតប្រាកដ ។

ឆាកជីវិត មានរឿងជាច្រើនដែលយើងត្រូវដឹងត្រូវឆ្លងកាត់ ដើម្បីពង្រឹងការយល់ដឹងឲ្យកាន់តែទូលំទូលាយ មនុស្សដែលមានការយល់ដឹងកាន់តែល្អ ការគិតក៏កាន់តែវែងឆ្ងាយ ការគិតគូរបានវែងឆ្ងាយ បណ្ដាលឲ្យយើងមើលឃើញដល់អនាគត ។ ការសុបិនចំពោះរកគោលដៅមួយ វានឹងក្លាយជាការសុបិនជារៀងរហូត ប្រសិនបើយើងគ្រាន់តែស្រមៃលេងៗហើយបំភ្លេចចោល ប៉ុន្ដែប្រសិនបើយើងព្យាយាមស្វែងរកច្រកចេញណាមួយដើម្បីធ្វើដំណើរទៅកាន់ក្ដីសុបិននោះៗយើងនឹងឃើញវិធីសាស្ត្រជាច្រើន ដើម្បីប្រើជាមធ្យោបាយសម្រាប់ដំណើរការមួយនោះ ។

យើងមិនអាចទទួលបានផ្លែស្វាយដោយមិនចំណាយប្រាក់ទិញនោះទេ ប៉ុន្ដែយើងអាចមានផ្លែស្វាយច្រើនរហូតហូបមិនអស់ ប្រសិនបើយើងមានដើមស្វាយជារបស់ខ្លួនឯង ។ យើងមិនអាចទទួលបានត្រីមកបរិភោគដោយមិនចំណាយអ្វីសោះឡើយ ប៉ុន្ដែយើងនឹងមានត្រីបរិភោគមិនអស់ ប្រសិនបើយើងចេះពីវិធីរកត្រី ។ យើងមិនអាចទទួលបានអ្វីដែលយើងត្រូវការពីមនុស្សគ្រប់គ្នាបានទេ ប៉ុន្ដែយើងនឹងមានរបស់ដែលយើងត្រូវការជាច្រើន ប្រសិនបើយើងព្យាយាមបង្កើតវាឡើងមកដោយខ្លួនឯង ហើយយើងក៏មិនអាចទទួលបានអ្វីដែលយើងស្រមៃនោះដែរ ប្រសិនបើយើងគ្រាន់តែស្រមៃហើយបំភ្លេចចោល ។

ឆាកជីវិតគឺពិតជាឯកោណាស់ ប៉ុន្ដែយើងនឹងមិនឯកោទេ ប្រសិនបើយើងមានជីវិតមួយដែលមានអ្វីដែលយើងចង់បាន ប៉ុន្ដែវានឹងគ្មានន័យអ្វីទាំងអស់ ប្រសិនបើជីវិតពុំមានវត្តមាននូវអ្វីដែលយើងធ្លាប់ចង់បាន ។ មានសំណួរតែមួយគត់ដែលយើងត្រូវឆ្លើយតបជាអត្ថន័យនាំជីវិតនេះថា តើយើងនឹងបន្ដរស់នៅក្នុងស្ថានភាពដដែលៗដល់ពេលណា ? ប្រសិនបើយើងខ្លាចខ្មោច យើងនឹងមិនហ៊ានដើរទៅណាមកណាពេលយប់ឡើយ ប៉ុន្ដែប្រសិនបើយើងមិនខ្លាច ទីឋានណាក៏ដោយ ក៏យើងអាចដើរបានដែរ ហើយមានមេរៀនជាច្រើនដែលយើងបានរៀនពីភាពភ័យខ្លាចទាំងនោះ ដែលវាជាមេរៀនដែលមនុស្សភ័យខ្លាចមិនដែលបានរៀន ។ ភាពកំសាកគឺជាសោគុក ដែលឃុំឃាំងមហិច្ឆតារបស់មនុស្សមិនឲ្យងើបរួច ហើយការជឿជាក់លើខ្លួនឯង គឺជាកូនសោមួយដ៏សំខាន់ក្នុងការស្រាយបញ្ហាជីវិត៕

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment