Wednesday, August 29, 2018

រៀនទទួលការឈឺចាប់



ខណៈពេលដែលយើងបានឃើញនរណាម្នាក់ដើរទៅដល់គោលដៅនៃជីវិត យើងតែងតែសរសើរគេថា គេមានសំណាងណាស់ ។ ប៉ុន្ដែមានពេលខ្លះយើងមិនបានដឹងឡើយ ថាខាងក្រោយពាក្យសំណាងទាំងនេះ គេបានឆ្លងកាត់អ្វីខ្លះនោះមកទេ ?

ចេះឈឺចាប់ បណ្ដាលឲ្យចេះខ្មាសគេ ចេះខ្មាសគេបណ្ដាលឲ្យចេះតស៊ូ ។ មានពេលខ្លះរបត់នៃជីវិត បាននាំឲ្យយើងមកនូវគំនិតភ្លឺថ្លា បន្ទាប់ពីឆ្លងកាត់ឧបសគ្គឬរឿងរ៉ាវមិនសមបំណងមួយចំនួន ប៉ុន្ដែពេលខ្លះយើងបែរជាយល់ថាឧបសគ្គទាំងនោះគឺជារនាំងទៅវិញ! ទាំងដែលការពិតគឺយើងកំពុងតែទទួលបានថាមពលគំនិតពីរបត់នៃជីវិតទាំងនោះ។ ជីវិតគឺជាការរៀន ការរៀនគឺជាការដកពិសោធ ជីវិតដែលគ្មានការដកពិសោធ គឺជាការរស់នៅក្នុងបរិបទដដែលៗទៅមុខមិនរួចឡើយ ។ យើងមិនអាចក្លាយជាអ្វីដែលយើងបានគិតឡើយ ប្រសិនបើយើងនៅតែរស់នៅតាមរបៀបដដែលៗនោះ ។

មានពេលខ្លះ រឿងលំបាកៗវាមិនបានចូលមកដើម្បីបំផ្លាញយើងទេ គឺវាចូលមកដើម្បីបង្រៀនយើង ។ យើងគួររៀននិយាយពាក្យថាអរគុណទៅកាន់ឧបសគ្គជីវិតទាំងនោះ អរគុណឧបសគ្គដែលបានបង្រៀនឲ្យយើងស្គាល់រសជាតិនៃការតស៊ូក្នុងជីវិត ។ អរគុណការបរាជ័យ ដែលបានបង្រៀនយើងឲ្យឆ្លាតជាងមុន ។ អរគុណការមើលងាយពីអ្នកដទៃ ដែលបានជួយជម្រុញកម្លាំងនៃការតស៊ូឲ្យកាន់តែខ្លាំងក្លាឡើងរបស់យើង ។ អរគុណការលំបាកទាំងឡាយ ដែលបានបង្រៀនយើងឲ្យស្គាល់ពីរបត់នៃជីវិត និងចុងក្រោយគឺអរគុណខ្លួនឯង ដែលតែងតែឆ្លងកាត់រឿងរ៉ាវយ៉ាប់ៗជាច្រើនកន្លងមក ។

បើមិនមានភក់ក្នុងបាតបឹងទេ សមម្លេះមិនមានផ្កាឈូកដ៏ស្រស់ស្អាតរីកព្រោងព្រាតពេញបឹងនោះឡើយ។ ជីវិត បើមិនមានការលះបង់ខ្លះ ការឈឺចាប់ខ្លះ គឺមិនអាចទទួលបានផ្លែផ្កានៃជីវិតនោះឡើយ ៕

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment