Thursday, August 30, 2018

ភាពស្ងប់ស្ងាត់របស់ផ្កា



ធម្មជាតិរបស់ផ្កាគឺស្រស់ស្អាត ភាពស្រស់ស្អាតរបស់ផ្កាគឺបរិសុទ្ធ ហើយភាពបរិសុទ្ធរបស់ផ្កាគឺជាភាពស្ងប់ស្ងាត់ ប៉ុន្ដែនៅក្នុងភាពស្ងប់ស្ងាត់នេះ គឺមានភាពផ្អែមល្អែមលាយឡំនឹងក្ដីស្រឡាញ់ ( ក៏ប៉ុន្ដែក៏មានផ្កាខ្លះវាបង្កប់ជាតិពុលដែរ )។ ផ្កាវាមិនដែលដឹងឡើយថាខ្លួនវាស្អាត មានតែមនុស្សទេដែលទៅសរសើរវាថាស្អាត ។ ធម្មជាតិបានបង្កើតផ្កាមកដើម្បីលម្អសម្រស់ផែនដី ប្រសិនបើទីឋានណាដែលមានផ្ការីកស្គុសស្គាយ ទីឋាននោះនឹងមានភាពស្រស់ស្អាតបរិសុទ្ធគួរឲ្យចង់រស់នៅ ។

ជីវិតមនុស្សយើងពេលខ្លះ មិនខុសពីផ្កាទេ យើងគ្រប់គ្នាតែងតែមានភាពស្អាតខុសប្លែកគ្នា ។ វាមិនអាចទេ ដែលមនុស្សម្នាក់ស្អាតដូចមនុស្សម្នាក់ទៀត ព្រោះមនុស្សយើងមានមុខខុសគ្នា ចិត្ដគំនិតខុសគ្នា ស្ថានភាពជីវិតខុសគ្នា ប៉ុន្ដែអ្វីដែលយើងមានដូចគ្នានោះ គឺភាពបរិសុទ្ធ ភាពផ្អែមល្ហែម លាយឡំនឹងក្ដីស្រឡាញ់ ដែលយើងមានចំពោះមនុស្សដែលយើងស្រឡាញ់ ។ ភាពស្រស់ស្អាតរបស់យើង ពេលខ្លះវាមិនឋិតនៅលើសម្បកក្រៅទេ គឺឋិតនៅក្នុងបេះដូងនៃភាពជាគុណតម្លៃ ក្រោមអត្ថន័យគុណធម៌ ។ ពេលខ្លះចិត្ដល្អ អាចធ្វើឲ្យមនុស្សធម្មតាម្នាក់ក្លាយជាស្រស់ស្អាតនិងគួរឲ្យស្រឡាញ់រាប់អាន ហើយពេលខ្លះទៀត ចិត្ដអាក្រក់ក៏អាចធ្វើឲ្យមនុស្សធម្មតាម្នាក់ ក្លាយជាគួរឲ្យរអើមបានដែរ ។

ធម្មជាតិបង្កើតជីវិតមក គឺដើម្បីឲ្យពួកគេឆ្លងកាត់ភាពវ័យក្មេង ហើយធ្វើដំណើរទៅកាន់វ័យជរា រួចក៏ដល់ទីបញ្ចប់ ។ មិនមែនមានតែជីវិតទេ ដែលប្រែប្រួលមិនទៀងនោះ សូម្បីតែអ្វីៗជុំវិញខ្លួនយើងក៏ប្រែប្រួលរហូតដែរ ។ គ្មានអ្វីដែលអាចគេចចេញពីទីបញ្ចប់បានឡើយ ផ្កាក៏ដូចគ្នា ដ្បិតតែវាស្រស់ស្អាត ប៉ុន្ដែមិនមែនជាភាពឋិតថេររបស់វាទេ ។ តើយើងខំប្រឹងបំផ្លាញគ្នាទៅវិញទៅមកដើម្បីអ្វីទៅ ?

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment