Thursday, August 30, 2018

រៀនទទួលស្គាល់តថភាពនៃជីវិតនេះ !



មេឃនិងដីនៃធម្មជាតិបានបង្កើតយប់បង្កើតថ្ងៃមក គឺដើម្បីប្រាប់យើងថា មានពេលងងឹតមានពេលភ្លឺជារឿងធម្មតា ។ ជីវិតពេលខ្លះគឺវាប្រៀបបានដូចជាយប់និងថ្ងៃអ៊ីចឹងដែរ វាមិនអាចចេះតែងងឹតរហូតទេ គឺតែងតែមានពេលភ្លឺ។ បើយើងព្យាយាមគិតច្រើនកើតទុក្ខច្រើនពីភាពងងឹតនេះ យើងនឹងបាត់បង់ក្ដីសុខនៅទីភ្លឺ មួយនាទីដែលយើងចំណាយពេលគិតទៅរករឿងមិនល្អ ពេលយើងកំពុងដេក ឬកំពុងសម្រាក គឺយើងបានបាត់បងក្ដីសុខពីដំណេក ឬការសម្រាករបស់យើងអស់មួយនាទីដែរ ។

ផ្ទៃផែនដីមួយនេះមិនមែនរាបស្មើទេ វាតែងតែមានខ្ពស់និងទាបតាមតំបន់ជារឿងធម្មតា ហើយបើយើងចង់ឲ្យស្មើដូចចិត្ដយើងនោះគឺមិនអាចទៅរួចទេ យើងមិនអាចយំសោក អង្វរឬបញ្ជាឲ្យផ្ទៃផែនដីនេះរាបស្មើបានឡើយ។ ជីវិតគឺបែបនេះ មានរឿងល្អៗក៏មានរឿងអាក្រក់ៗដែរ យើងមិនអាចយំសោក សុំអង្វរកុំឲ្យរឿងអាក្រក់ៗចូលមកក្នុងជីវិតយើងនេះបានទេ រឿងខ្លះវាទាមទារឲ្យយើងត្រូវតែទទួលស្គាល់ការពិត ថាវាត្រូវតែបែបនេះ ថាវាត្រូវតែបែបនោះ ។

ជីវិតយើងមានរឿងខ្លះ យើងអាចគ្រប់គ្រងបាន ហើយរឿងខ្លះទៀតគឺមិនអាចទេ ហើយបើយើងព្យាយាមប្រឆាំងគឺយើងនឹងរង់គ្រោះ អ្នកដែលពិបាកជាងគេគឺខ្លួនយើងផ្ទាល់នេះតែម្តង ។ យើងត្រូវរៀនទទួលស្គាល់ការពិតខ្លះ រៀនកាត់ចោលនូវរឿងអាក្រក់ៗខ្លះ ទើបជីវិតមិនសូវកើតទុក្ខច្រើន៕

Cr. សម្បត្ដិ ខេមរា

No comments:

Post a Comment