ជីវិតប្រៀបដូចជាចង្រុកនៃបញ្ហា
បែរមុខទៅណាក៏ឃើញតែបញ្ហាដែរ ហើយមានតែការឆ្លងកាត់វាទេ
ទើបយើងអាចទៅដល់កន្លែងដែលយើងចង់ទៅ ។
វាមិនសំខាន់ថាយើងអាចរីកចម្រើនលើសនេះបានឬមិនបាននោះទេ សំខាន់ត្រូវទប់លំនឹងឲ្យជាប់ជាដាច់ខាតកុំឲ្យតែដួលទៅទីទាបជាងនេះទៅបានហើយ
។ អ្វីៗក្នុងថ្ងៃអនាគតនឹងអាចដំណើរការបានល្អ
ប្រសិនបើយើងបានរៀបចំអ្វីៗក្នុងថ្ងៃនេះឲ្យបានត្រឹមត្រូវ ប្រកបដោយចក្ខុវិស្ស័យវែងឆ្ងាយ
។
ដើមឈើដ៏រឹងមាំដែលអាចប្រឈមមុខជាមួយខ្យល់ព្យុះបាន
គឺព្រោះតែងវាមានរាងកាយដែលអាចទន់ទោតាមខ្យល់បក នឹងមានឬសចាក់ក្នុងដីយ៉ាងរឹងមាំ
ដែលអាចទប់លំនឹងខ្លួនឯងបានយ៉ាងល្អ ។ជីវិតពេលខ្លះមិនខុសពីដើមឈើទេ
បើយើងចង់ឲ្យខ្លួនឯងអាចប្រឈមមុខជាមួយបញ្ហាបាន លុះត្រាតែយើងចេះបត់បែនចេះទន់ទោ
មិនមានះមិនប្រឆាំងរឹងទទឹង តែគឺទន់ទោតាមកាលៈទេសៈ តាមពេលតាមវេលា
គឺធ្វើខ្លួនដូចជាដើមឫស្សី កុំធ្វើខ្លួនដូចដើមស្រល់ ។
មនុស្សរឹងមាំពិតប្រាកដមិនមែនមនុស្សដែលអាចប្រឆាំងនឹងស្ថានការណ៍អាក្រក់ៗក្នុងជីវិតដោយមានះដោយកម្លាំងនោះទេ
តែជាមនុស្សដែលអាចគ្រប់គ្រងខ្លួនឯងបានល្អ គេមិនរឹងទទឹងហើយចេះទន់ទោទៅតាមកាលតាមវេលារបស់វា
។ ធ្វើមនុស្សឆ្លាតត្រូវចេះបែងចែកឲ្យដាច់ រវាងកាតព្វកិច្ចត្រូវដោះស្រាយ និងអារម្មណ៍។
មនុស្សដែលប្រើអារម្មណ៍ច្រើនលើបញ្ហា គេនឹងក្លាយជាមនុស្សឆេវឆាវ មានតែមនុស្សដែលប្រើសតិបញ្ញាប្រកបដោយទំនួលខុសត្រូវទេ
ទើបពួកគេអាចរកដំណោះស្រាយជីវិតប្រកបដោយចិត្ដដ៏ត្រជាក់បាន ។
ភ្លើងបញ្ហាមិនអាចរលត់ឡើយ
បើយើងព្យាយាមជ្រើសយកដំណោះស្រាយដោយកំហល់ មានតែព្យាយាមធ្វើចិត្ដឲ្យត្រជាក់ទេ
ទើបមនុស្សយើងអាចចាប់ផ្ដើមមានអារម្មណ៍ល្អ
អារម្មណ៍ល្អនឹងធ្វើឲ្យយើងអាចប្រឈមមុខជាមួយដំណោះស្រាយដោយស្ងប់ចិត្ដ។ ចិត្ដត្រជាក់គឺជាអំណាច
មនុស្សដែលមានចិត្ដត្រជាក់ជានិច្ចអារម្មណ៍របស់គេនឹងល្អជានិច្ច
អារម្មណ៍ល្អនាំឲ្យសប្បាយចិត្ដ ការងារអ្វីក៏ដោយឲ្យតែយើងធ្វើដោយសប្បាយចិត្ដ
វានឹងបានផលយ៉ាងគាប់ចិត្ដ
ព្រោះអារម្មណ៍ល្អៗតែងតែធ្វើឲ្យយើងនឹកឃើញដំណោះស្រាយល្អៗជានិច្ច៕
Cr. សម្បត្ដិ ខេមរា
No comments:
Post a Comment