Saturday, September 1, 2018

រឿងនិទានខ្លី! តើអ្វីទៅជាទ្រព្យសម្បត្ដិពិត ?



មានថ្ងៃមួយ ​គ្រួសារដែល​មាន​ទ្រព្យ​មហាសាល​ បាន​នាំកូនប្រុស​របស់គាត់​ធ្វើដំណើរទៅ​ជនបទ ក្នុង​គោលបំណង​បង្ហាញពីរបៀបរស់នៅ​របស់ប្រជាជន​ក្រីក្រ។ ឪពុកធ្វើ ដូច្នេះ​ ដើម្បីឲ្យកូនរបស់ខ្លួនបានដឹងគុណ ចំពោះ​ទ្រព្យសម្បិត្តិ​គ្រួសារខ្លួនរកបាន។

ពួកគេបាន​ចំណាយពេល​២ទៅ៣ថ្ងៃ​នៅឯស្រែចំការ ដែល​ជាពេល​វេលាសមល្មម ​អាចឲ្យ​​មើលឃើញយ៉ាងច្បាស់ ពី​ស្ថានភាព​រស់នៅ​របស់គ្រួសារក្រីក្រនៅ​ទី​នោះ។

នៅ​ពេល​ត្រឡប់មកផ្ទះវិញ ឪពុក​បាន​សួរទៅកាន់កូនប្រុសថា​ តើការធ្វើដំណើរនេះយ៉ាងម៉េចដែរ​?​ កូនបានឆ្លើយថា​វា​អស្ចារ្យណាស់​ពុក​។​ ឪពុក​បាន​សួរទៀតថា​ តើកូន​អាច​ឃើញពីរបៀបដែល​អ្នកក្រីក្ររស់នៅ​ទេ​?​ កូន​បាន​ឆ្លើយតប​ថា បាទ ខ្ញុំ​ឃើញ ។​​ ឪពុកសួរ​កូនបន្តថា តើកូនអាចរៀនបាន​អ្វីខ្លះ​ពីការ​ធ្វើដំណើរ​ប៉ុន្មានថ្ងៃនេះ​? កូនប្រុសស្ងាត់មួយភ្លែត ឪពុកក៏បន្តថា ពេលនេះ ឯងបានឃើញ និងដឹងហើយពីភាពលំបាករបស់ប្រជាជនក្រីក្រនៅតាមទីជនបទទាំងនោះ។

កូនក៏បានឆ្លើយតបវិញថា មិនមែនអ៊ីចឹងនោះទេពុក! កូនឆ្លើយតបបន្តយ៉ាង​ស្វាហាប់និងប្រៀបធៀបរវាងគ្រួសារខ្លួន និងបរិយាកាសរស់នៅរបស់អ្នកជនបទថា យើងមាន​ឆ្កែតែមួយក្បាលទេ ប៉ុន្តែ​ពួកគេមាន​រហូតដល់ទៅ​៤ , ៥ក្បាល​។ យើង​មាន​អាងហែលទឹកតូចមួយ​ប៉ុន្តែពួកគេមាន​ ព្រែកដែល​គ្មាន​កន្លែងទី​ចប់។ យើង​មានគោម​តូចៗ​ ២ ឬ៣​នៅក្នុង​សួនច្បារតែពួកគេ​មាន​ផ្កាយ​រាប់ពាន់ នៅ​ពេល​យប់​។ ​វាលហាល​ខាងមុខផ្ទះរបស់យើងជាប់ដែនកំណត់ដោយធ្លាស្មៅ ​តែ​ពួកគេ​មាន​ជើងមេឃទាំងមូលធំល្វឹងល្វើយ​។​ យើង​មាន​ដីតូច​ ខណៈដែល​ពួកគេ​មាន​វាលស្រែ​ចម្ការ​ដាច់កន្ទុយភ្នែក​។ ​យើង​មាន​អ្នកបម្រើ ២ទៅ៣​នាក់ដែល​បម្រើយើង ​ប៉ុន្តែ​ពួកគេ មានអ្នកភូមិទាំងពួងដែលធ្វើការដាំដុះផ្គត់ផ្គង់គ្នាទៅវិញទៅមកយ៉ាងច្រើន។ ​យើង​ទិញម្ហូបសម្រាប់អាហាររបស់យើង​តែពួកគេហូប​អាហារដែល​គេ​បាន​ដាំដុះ​។​ យើង​មាន​ជញ្ជាំង​ក្នុង​ការ​ការពារទ្រព្យ​សម្បិត្តិ​របស់យើង ​តែ​ពួកគេមាន​មិត្តភ័ក្តិ ញាតិមិត្ត ជួយការ​ពារ​ពួកគេ​។ សរុបសេចក្តីមក បន្ទាប់ពីបានធ្វើដំណើរប៉ុន្មានថ្ងៃនេះ ខ្ញុំគិតថា យើងនៅមានកម្រិតជីវភាពក្រជាងអ្នកជនបទទាំងនោះ មិនមែនមានជាងពួកគេនោះទេ។

ឪពុកឮហើយភ្ញាក់ផ្អើលនូវអ្វីដែលកូនបាននិយាយ ហើយអស់ពាក្យអ្វីដែលត្រូវនឹងឆ្លើយតបជាមួយកូនខ្លួនទៀត។

ចុងក្រោយកូនបានបន្ថែមថា ពុក!​ កូនអរគុណ ដែលបានបង្ហាញកូន ថានរណាមាន នរណាក្រ ហើយធ្វើឲ្យកូនយល់ថាតើពេលនេះ យើងមានជីវភាពក្រកម្រិតដល់ណា?

ទ្រព្យសម្បត្តិពិតប្រាកដ មិនត្រូវបានវាស់វែង ដោយទឹកប្រាក់ ឬទ្រព្យដែលយើងមាននោះឡើយវាមាននៅក្នុងមិត្តភាព ទំនាក់ទំនង និងក្តីអាណិតអាសូរដោយការចែករំលែកជាមួយអ្នកផងនេះឯង

No comments:

Post a Comment