យើងអាចឈរនៅទីនេះ
គឺមានន័យថាយើងបានដើរចេញពីអតីតកាលហើយ អ្វីដែលយើងកំពុងសម្លឹង គឺសម្លឹងទៅមុខ ។
រាល់យប់ដែលយើងបានគេងលក់ គឺជាពេលដែលយើងបានស្លាប់ ហើយរាល់ពេលដែលយើងក្រោកពីដំណេក
គឺយើងកំពុងចាប់ផ្ដើមជីវិតថ្មី ។ អតីតកាលពេលខ្លះ បានផ្ដល់ឲ្យយើងនូវស្នាមញញឹម ហើយពេលខ្លះក៏ធ្វើឲ្យយើងស្រក់ទឹកភ្នែក
។ មិនថាពីមុនយើងជាអ្វីនោះទេ ក៏មិនសំខាន់ថារឿងមិនល្អពីមុនវាអាក្រក់យ៉ាងណានោះដែរ
ព្រោះថាយើងបានឆ្លងកាត់វារួចមកហើយ យំឬសើចក៏សុទ្ធតែជារសជាតិជីវិត
គ្រប់យ៉ាងយើងអាចឆ្លងផុតដោយជោគជ័យ ទោះពេលខ្លះវាធ្វើឲ្យយើងឈឺចាប់ខ្លះក៏ដោយ
ប៉ុន្ដែវាគឺជាមេរៀនដ៏មានតម្លៃបំផុតសម្រាប់ជីវិតទៅថ្ងៃក្រោយ ។
ស្ថាបនិកក្រុមហ៊ុន
Apple លោក "Steve Jobs " បាននិយាយថា " អ្នកមិនអាចទទួលបានលេខមួយទេ
ប្រសិនបើអ្នកមិនឆ្លងកាត់លេខសូន្យ "
ខ្ញុំជឿថានឹងមានរឿងលំបាកៗជាច្រើនដែលកើតមានលើជីវិតរបស់យើងនៅថ្ងៃអនាគត
ហើយរឿងលំបាកៗទាំងនោះ មានខ្លះគឺយើងធ្លាប់ឆ្លងកាត់រួចមកហើយ ហើយមានខ្លះទៀតយើងមិនដែលឆ្លងកាត់ទាល់តែសោះ
ក៏មិនអាចដឹងថាវានឹងមកដល់ពេលណាដែរ ។
គ្រប់រឿងលំបាកៗគឺសុទ្ធតែចាប់ផ្ដើមចេញពីលើកដំបូងទាំងអស់ បន្ទាប់ពីឆ្លងកាត់លើកដំបូងហើយ
យើងទទួលបានគំនិតល្អជាងមុន រួចយើងក៏ចាប់ផ្ដើមធ្វើវាជាលើកទីពីរ
ហើយលើកទីពីរគឺធ្វើឲ្យយើងស្គាល់វាច្បាស់ជាងមុន អាចធ្វើវាបានងាយស្រួលជាងមុន
ម្លោះហើយភាពលំបាកៗតែងតែផ្ដើមចេញពីលើកដំបូង ។
ពុំមានបុគ្គលណាម្នាក់ដែលចេះហែលទឹកដោយមិនត្រូវបានឈ្លក់ទឹកពីរបីដងនោះទេ
ហើយក៏ពុំមាននរណាម្នាក់ចេះជិះកង់ដោយមិនមានការដួលពីរបីដងនោះដែរ ។ គ្រប់របត់ជីវិត
គឺសុទ្ធតែជាមេរៀន គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍
ដោយសារតែយើងយល់ថាវាជារឿងស្រាលៗ ទាំងដែលការពិតចំណុចចាប់ផ្ដើមនៃបុព្វហេតុជីវិត
គឺតែងតែចាប់ផ្ដើមពីរឿងស្រាលៗនេះឯង ។
ចំណុចចាប់ផ្ដើមនៃការរៀនហែលទឹក
គឺត្រៀមខ្លួនសម្រាប់ការលង់ទឹក ។ នៅក្នុងតម្រាស៊ុនជឺបានសរសេរថា " ធ្វើសង្គ្រាមត្រូវគិតដល់ការបរាជ័យជាមុន " ចំណុចចាប់ផ្ដើមនៃធ្វើដំណើរទៅកាន់ក្ដីសុបិន
គឺជាការចាប់ផ្ដើមត្រៀមខ្លួនសម្រាប់ការបរាជ័យ ។ ការបរាជ័យក្នុងជីវិត
ជារឿងជៀសមិនផុតឡើយ តែការប្រឹងប្រែងដោយកម្លាំងកាយចិត្ដ ប៉ុន្ដែនៅតែបរាជ័យទៀត វាគឺជាការបរាជ័យដ៏មានតម្លៃបំផុត
ព្រោះយើងអាចចំនេញបានមេរៀនថ្មីៗ និងថាមពលថ្មីៗសម្រាប់អភិវឌ្ឍន៍ចិត្តគំនិត ។ កុំខ្លាចជាមួយការសាកល្បង
ព្រោះពេលខ្លះវីរៈបុរស ក៏អាចកើតចេញពីជនតូចតាចទាំងនេះបានដែរ ៕...
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment