Wednesday, October 5, 2016

១៧.សច្ចៈដ៏ប្រសើរ

សុរមេធអង្គុយជ្រងោកមុខគិតមួយស្របក់ហើយក៏សួរឡើងថា "ចុះការដែលគេនិយាយថា អរិយសច្ចៈជាធម៌​ជ្រាលជ្រៅ យល់ដឹងបានដោយកម្រ សិក្សាបានដោយកម្រនុះ តើជាការពិតទេ? លោកម្ចាស់ ! " 


"រឿងនេះមិនពិតទេ" ព្រះថេរៈឆ្លើយតប "តាមការពិត អរិយសច្ចៈជាធម៌ដែលអ្នកផង អាចសិក្សាបានគ្រប់ពេល​ វេលាដោយមិនបាច់ខ្នះខ្នែងអ្វីច្រើនទេ មិនបាច់ដើរផ្លូវទៅណា មិនបាច់មានឧបករណ៍ជាគ្រឿងជំនួយណា ៗ ក្រៅតែពីប្រើបញ្ញាធម្មតានេះឯង ព្រោះហេតុអ្វី? ព្រោះថា អរិយសច្ចៈស្ថិតនៅនឹងយើងគ្រប់គ្នា សេចក្តីទុក្ខក៏​ពេញ​ណែន​ណាន់នៅនឹងខ្លួនយើង សមុទ័យ គឺ ហេតុប្រកើតទុក្ខក៏អាត់ណែននៅនឹងខ្លួនយើង និរោធនិងមគ្គ ដែលយើងត្រូវអប់រំប្រកើតនៅនឹងខ្លួនយើង ដោយខ្លួនយើងនិងរបស់យើង កាលបើអរិយសច្ចៈស្ថិតនៅនឹងខ្លួន​យើងទៅហើយបែបនេះ ហេតុនោះយើងអាចសិក្សាអរិយសច្ចៈបានគ្រប់ពេលវេលា គ្រប់ទិវារាត្រី ទាំងទី​បិទ​បាំង​ទាំង​ទីកណ្តាលវាល ទាំងខណៈឈរ ដើរ អង្គុយឬទាំងខណៈដេក" 
"លោកម្ចាស់ ! ខ្ញុំកណាទើបតែដឹងនៅថ្ងៃនេះឯងថា អរិយសច្ចៈជាធម៌ដែលអ្នកណា ៗក៏អាចសិក្សាបាន​សព្វកាល ខ្ញុំកណាជាប់ផុងលង់ក្នុងរណ្តៅនៃរំយល់ដឹងខុសមកយ៉ាងយូរអង្វែង ទើបចេះតែព្រងើយកន្តើយ​ចំពោះអរិយសច្ចៈ កាលពីខ្ញុំកណានៅក្នុងសម្នាក់របស់អាចារ្យសញ្ជ័យ លោកក៏ណែនាំបង្ហាត់បង្រៀនត្រឹមតែថា គ្មានការពិតណាដែលមនុស្សអាចដឹងបានទេ អ្វីដែលមនុស្សដឹងបានមិនមែនជាការពិតទេ ឥឡូវនេះ ខ្ញុំកណា​យល់ឃើញថា ចម្លើយបែបនោះបានមើលរំលងសេចក្តីសំខាន់របស់សម្មតិសច្ចៈ សូម្បីតែបរមត្ថសច្ចៈ ឬ សច្ចៈ​ណាក៏ដោយក៏មិនចាប់អារម្មណ៍ នៅទីបំផុត ក៏មិនដឹងសច្ចៈអ្វីទាំងអស់ ព្រោះយល់ថា សច្ចៈជាធម្មជាតដែល​មនុស្សមិនអាចដឹងបាន ចាត់ជាការប្រដាច់ខ្លួនចេញពីប្រយោជន៍ដែលគួរទទួលបានពីការយល់ដឹងសច្ចៈ ម៉េចក៏ខ្ញុំកណាទៅឈ្លក់វង្វែងនឹងលទ្ធិបែបនោះយូរម្លេះ?" 
"កុំស្រមុតចិត្តឡើយ ឧបាសក ! "ព្រះថេរៈលួងលោម "អតីតកាលដែលកន្លងផុត ចូរឲ្យកន្លងផុតទៅចុះ ទោះបី​ត្រេកអរឬស្តាយក្រោយយ៉ាងណា មិនអាចឧទ្ធរសើរើធ្វើថ្មីបានទេ កុំយកមកជាអារម្មណ៍ឡើយ រឿងដែល​សំខាន់បំផុត គឺ  ចាប់ផ្តើមថ្មីតាំងពីឥឡូវនេះទៅ មិនទាន់ហួសពេលទេ ញោមនៅក្មេងល្ហក់នៅឡើយ នៅមាន​ពេល​សម្រាប់សិក្សានិងបដិបត្តិច្រើនទៀត"
"បពិត្រទានម្ចាស់ ! "សុរមេធស្រដីឡើង "ទានម្ចាស់មានថេរដីកាត្រឹមត្រូវណាស់ ខ្ញុំកណានឹងចាប់ផ្តើមសិក្សា​និង​បដិបត្តិអរិយសច្ចៈតាំងពិពេលនេះតទៅ ប៉ុន្តែនៅពេលភ្នកនឹកដល់សម្តីរបស់ទានម្ចាស់ថា អរិយសច្ចៈ​ជាធម្មជាតដែលមនុស្សអាចយល់ដឹងបានដោយមិនពិបាក ហើយក៏គិតប្រៀបធៀបនឹងចំនួនព្រះ​អរិយបុគ្គល ទៅ ឃើញថា មិនសូវសមសមាមាត្រទេ ពោលគឺ ប្រសិនបើអរិយសច្ចៈយល់ដឹងបានដោយងាយ ចុះហេតុអ្វី​បាន​ ជាមនុស្សនៅតែមិនដឹងអរិយសច្ចៈនិងក្លាយជាព្រះអរិយបុគ្គលទាំងអស់ទៅ?"  
សំណួររបស់សុរមេធធ្វើឲ្យព្រះថេរៈដឹងភ្លាមថា គេជាមនុស្សឆ្លៀវឆ្លាស ប្រសប់គិតសួរដេញដោល​រឿងដែល​គួរគិត​និងគួរសួរដេញដោលយ៉ាងពិតប្រាកដ សាកសមនឹងការទទួលបានការលើកតម្កើងឲ្យជាសាវ័ក​ សំខាន់របស់មេលទ្ធិសញ្ជ័យវេលដ្ឋបុត្រ ។ 
"ម្នាលឧបាសក ! "ព្រះថេរៈមានថេរដីកា "មូលហេតុដែលមនុស្សមិនសូវយល់ដឹង​អរិយសច្ចៈមិនមែន​ព្រោះ​ អរិយសច្ចៈជាធម៌ដែលពិបាកយល់ដឹងនោះទេ ប៉ុន្តែព្រោះមនុស្ស​ភាគច្រើនមិនសូវចាប់អារម្មណ៍សិក្សា ហេតុដែលមិនចាប់អារម្មណ៍សិក្សា ក៏ព្រោះតែអរិយសច្ចៈចាប់ផ្តើមឡើងដោយទុក្ខ មនុស្សភាគច្រើនស្អប់និង​ក្រលាចទុក្ខ មិនចង់ពើបប្រទះទុក្ខ អ្នកខ្លះសូម្បីតែពាក្យថា ទុក្ខ ក៏មិនចង់ឮ គ្រាន់តែឮពាក្យថា កើត ចាស់ ឈឺ ស្លាប់ ក៏ផ្កើតសេចក្តីមិនសប្បាយចិត្តទៅហើយ ព្រោះហេតុនោះ ទើបគ្មានអ្នកណាចង់សិក្សារឿងទុក្ខ មិន​ហ៊ាន​ប្រឈមមុខនឹងទុក្ខ ព្យាយាមគេចវេះចាកទុក្ខ មិនទទួលស្គាល់ថា ខ្លួនកំពុងតែមានសេចក្តីទុក្ខ កាលបើ​ដូច្នេះ ទើបមិនអាចយល់ដឹងអរិយសច្ចៈបាន និងគ្មានផ្លូវណានឹងរួចផុតចាកទុក្ខបានទេ ប្រៀប​ដូច​ជាអ្នកជម្ងឺ​ដែលមិនព្រមទទួលស្គាល់ថា ខ្លួនកើតជម្ងឺ គង់គ្មានផ្លូវណានឹងជាសះស្បើយចាកជម្ងឺបានឡើយ"
សុរមេធអង្គុយឈ្ងោកមុខ ភ្ងក់ក្បាលចុះឡើងជាសញ្ញាយល់ស្របហើយក៏និយាយឡើងថា "បពិត្រទានម្ចាស់ ! ពាក្យអធិប្បាយរំគាយសេចក្តីរបស់ទានម្ចាស់ពេញជាត្រឹមត្រូវតាមសភាពពិតណាស់ ខ្ញុំកណានេះក៏ស្អប់ទុក្ខ និង​ព្យាយាមគេចវេះចាកទុក្ខដែរ ប៉ុន្តែកាន់តែព្យាយាមគេចវេះ មើលទៅហាក់ដូចជាកាន់តែមានទុក្ខច្រើនឡើង " 
"គ្មានអ្នកណាគេចវេះចាកទុក្ខបានឡើយ ព្រោះទុក្ខមិនមែនជារបស់ខាងក្រៅខ្លួនដែលនឹងគេចវេះបានដូច​យ៉ាង​មនុស្ស សត្វ ឬ វត្ថុ ប៉ុន្តែទុក្ខជារបស់ដែលនៅជាប់នឹងខ្លួនយើងគ្រប់គ្នា ប្រៀបដូចជាសុន័ខ ១ មានមុខ​របួស​ធំ​នៅ​ត្រង់ក្បាល មានដង្កូវខួងគ្រប់ពេលវេលា ធ្វើឲ្យសុន័ខនោះទទួលរងទុក្ខវេទនាយ៉ាងខ្លាំង បានព្យាយាមរត់​គេចចាកសេចក្តីឈឺចាប់នោះ ត្រសុលត្បុលចូលទៅក្រោមដើមឈើ ដោយគិតថានឹងទទួលសេចក្តីធូរស្បើយ នៅពេលឃើញថានៅតែឈឺចាប់ដដែល  ក៏រត់ជជ្រុលមមុលទៅជ្រកក្រោមរូងឈើ តាមកន្លៀតថ្ម តាម​ពំនូក​ចំបើងជាដើម ប៉ុន្តែនៅតែមិនអាចរួចផុតពីសេចក្តីឈឺចាប់បាន សុន័ខនោះរត់ជជ្រុលជជ្រកទៅមកតាម​កន្លែង​ផ្សេង ៗយ៉ាងនោះរហូតដល់ស្លាប់ទៅនៅទីបំផុត មនុស្សដែលព្យាយាមគេចវេះចាកសេចក្តីទុក្ខ ថ្វីបើទុក្ខមាន​នៅពេញនឹងខ្លួនឯង ក៏គង់គ្មានផ្លូវណានឹងរួចផុតចាកទុក្ខបានឡើយ នៅទីបំផុត ក៏ស្លាប់ទៅ​ចោលម្សៀតគួរ​នា​ដូចយ៉ាងសុន័ខនោះដូច្នោះឯង វិធីល្អបំផុតមិនគួរគេចវេះចាកទុក្ខទេ គួរប្រឈមមុខនឹងសេចក្តីទុក្ខយ៉ាងអង់​អាច សិក្សារឿងទុក្ខយ៉ាងល្អិតល្អន់ រហូតដល់យល់ដឹងច្បាស់រឿងទុក្ខព្រមទាំងសមុដ្ឋានរបស់ទុក្ខ ហើយក៏រាវរក​វិធីរំលត់សមុដ្ឋានោះចោលដោយវិធីសាស្រ្តដែលត្រឹមត្រូវ នៅទីបំផុត ទុក្ខនោះនឹងរលត់ទៅឯង" 
"បើអញ្ចឹង នៅពេលចាប់ផ្តើមសិក្សាអរិយសច្ចៈទាំង ៤ តើខ្ញុំកណាគួរតែចាប់ផ្តើមសិក្សាសេចក្តីទុក្ខជាដំបូង​មែនទេ? ទានម្ចាស់ ! "សុរមេធសួរឡើង
"ពិតមែនហើយ ឧបាសក ! "ព្រះថេរៈឆ្លើយតប "គួរចាប់ផ្តើមដោយទុក្ខជាដំបូង ហេតុអ្វីបានជា​ចាប់ផ្តើមឡើង​ដោយទុក្ខមុន? ក៏ព្រោះថាទុក្ខជារបស់ពិតដែលមើលឃើញបានដោយងាយ ព្រោះជារបស់ដែលមាននៅប្រចាំ​ជីវិតយើងគ្រប់ពេលវេលា សូម្បីបើខណៈដែលយើងកំពុងតែអង្គុយសន្ធនាគ្នានេះ យើងក៏កំពុងត្រូវសេចក្តីទុក្ខ​បៀតបៀនដែរ ដូចជា លោកកំពុងតែសោយអារម្មណ៍ក្តៅស្អុះស្អាប់ ស្រេកឃ្លាន ឈឺបត់ជើងតូច បត់ជើងធំ រួយស្រពន់តាមជើងតាមខ្នង សេចក្តីឈឺចាប់មិនផាសុកទាំងនេះចាត់ជាសេចក្តីទុក្ខទាំងអស់ លោកត្រូវខំ​ពិចារណាមើលឲ្យឃើញទុក្ខទាំងនេះនិងទុក្ខដទៃទៀត រហូតដល់ដឹងថា តួខ្លួនដែលប្រកបដោយកាយនិង​ចិត្តនេះគឺជាគំនរនៃសេចក្តីទុក្ខ ជីវិត គឺ ដំណើរការរំដោះទុក្ខរយៈវែងតាំងពីកើតដល់ស្លាប់ កាលបើឃើញ​ទុក្ខ​យ៉ាងជាក់ច្បាស់យ៉ាងនេះហើយ លោកនឹងកើតសេចក្តីសង្វេគស្លុតចិត្ត នឿយណាយក្នុងទុក្ខ នុះគឺជាទ្វារ​ដំបូងដែលបើកទៅកាន់អរិយសច្ចៈដទៃ ៗតទៅ"
សុរមេធអង្គុយជញ្ជឹងគិតមួយស្របក់ហើយក៏ស្រដីឡើងថា "បពិត្រទានម្ចាស់ ! តាមដែលខ្ញុំកណាបានស្តាប់​ទាន​ម្ចាស់មក ឃើញថា ជីវិតនេះទាំងមូលជាប្រជុំនៃសេចក្តីទុក្ខ គ្មានច្រឡោះប្រហោងណាសម្រាប់​សេចក្តីសុខ​ឡើយ ប៉ុន្តែសេចក្តីពិតដែលមានប្រាកដទូទៅ ខ្ញុំកណានៅឃើញមនុស្សមួយចំនួនមាន​សេចក្តីសុខស្រណុកស្រណាន សម្តែងថា គេក៏មានសេចក្តីសុខខ្លះដែរ ហេតុនោះ ជីវិតគួរតែមានសេចក្តីសុខខ្លះ ឬយ៉ាងណា សូមពន្យល់ឲ្យខ្ញុំកណាបាត់សេចក្តីសង្ស័យផង" 
"ម្នាលឧបាសក ! បើពោលដោយសម្មតិសច្ចៈ សេចក្តីសុខក៏មាននៅក្នុងលោកនេះ ហៅថា លោកិយសុខ ប៉ុន្តែជាសេចក្តីសុខប្រដោះអាសន្ន សុខលាយឡំដោយទុក្ខ ប៉ុន្តែបើពោលដោយបរមត្ថសច្ចៈ សេចក្តីសុខ​គ្មានទេ អ្វីដែលសង្គមមនុស្សយល់ថាជាសេចក្តីសុខនោះ នៅពេលពិចារណាមើលឲ្យល្អិតល្អន់គ្រប់​ជ្រុង​ជ្រោយទៅ ឃើញថា មិនមែនជាសេចក្តីសុខពិតទេ គ្រាន់តែជាសេចក្តីស្រួល សប្បាយ ស្រណុកប៉ុណ្ណោះ ឧទាហរណ៍ដូចជា កូនរបស់សេដ្ឋីអ្នកមានទ្រព្យ រស់នៅក្នុងវិឡាដ៏វិចិត្រ ទៅណាមកណាដោយរថដ៏វិចិត្រ​ទឹមដោយសេះ មិនបាច់ធ្វើការងារធ្ងន់ ព្រោះមានខ្ញុំបរិវារធ្វើជំនួសគ្រប់យ៉ាង ទោះទៅទីណា ធ្វើអ្វី បរិភោគអ្វី មានសេចក្តីងាយស្រួលគ្រប់យ៉ាង មិនទើសទាស់ទាក់ទាល់អ្វីទេ មនុស្សទូទៅមើលឃើញថា កូនរបស់​សេដ្ឋីនោះមានសេចក្តីសុខ ប៉ុន្តែតាមសេចក្តីពិត គេមានត្រឹមតែសេចក្តីងាយស្រួលប៉ុណ្ណោះ មិនមែនជា​សេចក្តីសុខទេ ព្រោះអាស្រ័យទ្រព្យរបស់ខ្លួននោះឯង កូនរបស់សេដ្ឋីនោះមិនមានសេចក្តីលំបាកកាយ ព្រោះមិនត្រូវធ្វើការធ្ងន់ ព្រោះបានបរិភោគអាហារឆ្អែតស្កប់ស្កល់ មិនមានសេចក្តីលំបាកចិត្តព្រោះត្រូវការ​របស់ណាក៏ទិញយកមកបានដោយទ្រព្យ មហាជននិយាយថា គេពិតជាមានសេចក្តីសុខមែន ប៉ុន្តែនោះ​គ្រាន់​តែជាសេចក្តីសប្បាយប៉ុណ្ណោះ មិនមែនជាសេចក្តីសុខពិតទេ កូនរបស់សេដ្ឋីនោះចាយវាយទ្រព្យទៅ​ដោយ​ការទស្សនាមហោស្រព មើលល្បែងល្បាំផ្សេង ៗ ស្តាប់តន្ត្រី និងចម្រៀងដ៏ពីរោះ មនុស្សទូទៅលើក​តម្កើងគេថាមានសេចក្តីសុខ ប៉ុន្តែនោះគ្រាន់តែជាសេចក្តីស្រណុកប៉ុណ្ណោះ មិនមែនជាសេចក្តីសុខពិតទេ ម្នាលឧបាសក ! ព្រោះមនុស្សភាគច្រើនយល់ថា សេចក្តីស្រួល សេចក្តីសប្បាយ សេចក្តីស្រណុក ទាំង ៣ យ៉ាងនេះជាសេចក្តីសុខសុភមង្គល ទើបស្រវាស្រទេញស្វែងរកទ្រព្យ ដើម្បីនាំទៅដូរយកសេចក្តីស្រួល សេចក្តីសប្បាយ សេចក្តីស្រណុកនោះ ព្រោះអ្វីទាំងអស់នេះអាចដូរយកបានដោយទ្រព្យ ប៉ុន្តែសេចក្តីសុខ​ពិត​វិញមិន​អាចដូរយកដោយទ្រព្យបានទេ" ។ 
"ម្នាលឧបាសក ! ម្យ៉ាងទៀត សេចក្តីសុខខាងសង្គមនោះគ្រាន់តែជាសេចក្តីធូរស្បើយបណ្តោះអាសន្ន​ នៅពេលដែលសេចក្តីទុក្ខត្រូវបន្ធូរបន្ថយឲ្យស្រាលចុះប៉ុណ្ណោះ ប្រៀបដូចជាបុរសមានបូសធំនៅដើមដៃ ទទួលរងសេចក្តីឈឺចាប់ពើតផ្សាយ៉ាងខ្លាំង គេទើបឲ្យគ្រូពេទ្យផ្សំថ្នាំបំពោកមុខបូសនោះ គ្រាន់តែបំពោកថ្នាំ​ហើយ សេចក្តីឈឺចាប់ក៏ថ្ងបចុះ គេទើបឧទានឡើងថា ពិតជាសុខមែន ៗ ប៉ុន្តែនៅពលមិនយូរ ថ្នាំអស់ឫទ្ធិ សេចក្តីឈឺចាប់ក៏វិលត្រឡប់មកវិញ គេបានសោយទុក្ខវេទនាដដែល ព្រោះដើមហេតុពិតនៃសេចក្តីឈឺចាប់ គឺ ក្បាលបូសនៅមាន គេនឹងមានសេចក្តីធូរស្បើយយ៉ាងពេញលេញល្គឹកណាតែគេច្របាច់ក្បាលបូសចេញនិង​ ព្យាបាលរបួសបូសនោះឲ្យជាសះស្បើយប៉ុណ្ណោះ
ម្នាលឧបាសក ! សេចក្តីទុក្ខជាមូលដ្ឋានរបស់ជីវិតដែលស្ថិតនៅរៀងរហូត សេចក្តីសុខដែលសង្គម​មនុស្ស​យល់ថាជាសេចក្តីសុខនោះ គ្រាន់តែជាលំនឹកដែលកើតឡើងនៅពេលដែលសេចក្តីទុក្ខថ្ងបចុះប៉ុណ្ណោះ ប្រៀបដូចជាសម្រេកស្រេកឃ្លានជាមូលដ្ឋានរបស់ជីវិត នៅពេលត្រូវសម្រេកស្រេកឃ្លានបៀតបៀននិង​មិន​មានអាហារបរិភោគ អ្នកផងតែងមើលឃើញភ្លាមថាជាសេចក្តីទុក្ខ ប្រសិនបើបានបរិភោគអាហាររហូត​ដល់ឆ្អែត​ស្កប់ស្កល់ហើយ គម្លានក៏បាត់ទៅបណ្តោះអាសន្ន ពេលនេះឯងដែលមនុស្សនឹកគិតថា ខ្លួនមានសេចក្តីសុខ ប៉ុន្តែនៅពេលមិនយូរ គម្លានក៏វិលត្រឡប់មករំខានទៀត ត្រូវបរិភោគអាហារបណ្តោះទុក្ខម្តងទៀត មនុស្ស​បរិភោគអាហារមួយថ្ងៃ ៣ ដង និងបរិភោគតាំងពីកើតដល់ស្លាប់ ក៏នៅតែមិនអាចបណ្តោះគម្លាន​បាន​យ៉ាង​ដាច់​ស្រឡះ ព្រោះហេតុនោះ គម្លានទើបជាមូលដ្ឋានរបស់ជីវិត នេះគ្រាន់តែជាសេចក្តីទុក្ខរាយរង គឺ គម្លានប៉ុណ្ណោះ នៅមានសេចក្តីទុក្ខជាច្រើនទៀតដែលមនុស្សត្រូវកែកុន បើនិយាយដោយបរមត្ថសច្ចៈ ជីវិតនេះ គឺ ដំណើរ​ការ​រំដោះទុក្ខរយៈយូរ បណ្តោះទុក្ខបែបនេះបាត់ទៅ ទុក្ខបែបផ្សេងក៏កើតឡើង ទុក្ខបែបនោះបាត់​ទៅ ទុក្ខមួយទៀត​ក៏កើតឡើង ការដែលមនុស្សមើលមិនឃើញសេចក្តីទុក្ខក៏ព្រោះតែកម្លៅនិងសំនប់ស៊ប់ស៊ាំប៉ុណ្ណោះ មិនមែន​មានន័យថា សេចក្តីទុក្ខមិនមាននោះទេ សេចក្តីទុក្ខមាន ប៉ុន្តែមនុស្សមើលមិនឃើញឬមិនចាប់ភ្លឹកនុះឯង" 
"បពិត្រទានម្ចាស់ ! "សុរមេធនិយាយទាំងដកដង្ហើមធំ "គ្រាន់តែបានស្តាប់ទានម្ចាស់រៀបរាប់រឿង​សេចក្តីទុក្ខ​ប៉ុណ្ណោះ ខ្ញុំកណាក៏រងទុក្ខមិនសប្បាយចិត្តទៅហើយ" 

ព្រះថេរៈសើចតិច ៗហើយមានថេរដីកាថា "សុរមេធ ដូចដែលអាត្មាធ្លាប់និយាយហើយ មនុស្សយើងមិនចូល​ចិត្តសេចក្តីទុក្ខ មិនចង់បានឮពាក្យថា ទុក្ខ នៅពេលបានឮបានស្តាប់ពាក្យថា ទុក្ខ ក៏សោយអារម្មណ៍មិន​សប្បាយចិត្តជាធម្មតា មនុស្សភាគច្រើននៅពេលបានឮរឿងទុក្ខ ក៏មិនសប្បាយចិត្តដែរ ប៉ុន្តែអ្នកខ្លះគ្រាន់តែ​មិនសប្បាយចិត្ត ក៏លែងនិយាយ លែងស្តាប់ លែងសិក្សារឿងទុក្ខទៀត មិនហ៊ានឈានដើរទៅតាម​ផ្លូវនៃ​អរិយសច្ចៈ ត្រឡប់ជាទៅរស់នៅក្នុងសង្គមនៃអវិជ្ជា​ហេតុនោះ ទើបគ្មានថ្ងៃណានឹងរួចផុតចាកសេចក្តីទុក្ខ​បាន ការដែលលោកកើតសេចក្តីមិនសប្បាយចិត្តព្រោះបានស្តាប់រឿងទុក្ខនេះ សម្តែងថា លោកកំពុងតែឈរ​នៅ​ច្រកទ្វារនៃអរិយសច្ចៈហើយ ចូរឈានដើរតទៅទៀត" ។ 

No comments:

Post a Comment