Saturday, November 26, 2016

បង្កើតកម្មវិធីចិត្ត ជ្រើសរើសភពមុនដល់ពេលស្លាប់ តើបានធ្វើហើយឬនៅ?


បង្កើតកម្មវិធីចិត្ត ជ្រើសរើសភពមុនដល់ពេលស្លាប់ តើបានធ្វើហើយឬនៅ?

ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា នៅខណៈពេលហៀបនឹងផុតដង្ហើម ចិត្តរបស់បុគ្គលនោះនឹងតោងកាន់ក្នុងអារម្មណ៍ណាមួយក្នុងអារម្មណ៍ទាំង ៣ប្រការ ដូចខាងក្រោមនេះ

១) ឃើញកម្មដែលខ្លួនបានសាងទុកប្រាកដឡើង ប្រសិនបើឃើញកម្មខាងកុសល ដូចជា ឃើញខ្លួនកំពុងសាងបុណ្យកុសល  ដាក់បាត្រព្រះសង្ឃ សូត្រធម៌ថ្វាយបង្គំព្រះត្រៃរ័តន៍ អង្គុយតម្កល់ចិត្តធ្វើសមាធិ ជួយស្រោចស្រង់សង្គ្រោះអ្នកដទៃ ឬសកម្មភាពកុសលផ្សេងៗជាច្រើនទៀត ដែលជាគុណសម្បត្តិ។ ទិដ្ឋភាពដូចអ្វីដែលបានពោលប្រាកដឡើង វានឹងជួយឲ្យបុគ្គលជិតស្លាប់មានចិត្តឆ្អែតបីតិរីករាយ ឬចិត្តមានសេចក្ដីផូរផង់ ដឹកនាំជីវិតឲ្យទៅកើតក្នុងសុគតិភូមិ។ ប៉ុន្តែប្រសិនបើឃើញកម្ម ដែលជាបាបអកុសល ដែលខ្លួនបានធ្វើសន្សំទុក ដូចជា សម្លាប់សត្វ លួចឆក់ប្លន់ទ្រព្យសម្បត្តិ ប្រព្រឹត្តខុសក្នុងកាម កុហកជននានា ផឹកគ្រឿងស្រវឹងផ្សេងៗ សេពគ្រឿងញៀន លេងល្បែងស៊ីសង ឬទិដ្ឋភាពរបស់កម្មដែលជាបាបអកុលលេចឡើងឲ្យឃើញ ធ្វើឲ្យចិត្តតក់ស្លុត ឬចិត្តសៅហ្មង ដែលនឹងដឹកនាំឲ្យទៅកើតក្នុងទុគតិភូមិ។

២) ឃើញជាឧបករណ៍ប្រកបការធ្វើ (កម្មនិមិត្ត) ប្រសិនបើឧបករណ៍ប្រកបកម្មជាផ្នែកខាងកុសលបានដល់ ឃើញជាផ្កា ធូប ទៀន បាត្រ ចីវរ ដែលធ្លាប់នាំទៅបំពេញបុណ្យកុសលថ្វាយព្រះភិក្ខុសង្ឃ ឬឃើញជាអាហារ គ្រឿងស្លៀកពាក់ សៀវភៅ ប៊ិក ខ្មៅដៃ ខោអាវ ឧបករណ៍ផ្ទះបាយ ដែលធ្លាប់បរិចាគជួយឧបត្ថម្ភដល់បុគ្គល ដែលបានជួបប្រទះនូវឧប្បទ្ទវហេតុ ឬវត្ថុផ្សេងៗទៀត ដែលជាការប្រកបនូវបុណ្យកុសល។ ទិដ្ឋភាពដូចបានពោលនឹងជួយជម្រុញ ឬដាស់តឿនចិត្តឲ្យមានកម្លាំង មានបីតិរីករាយ ដែលវានឹងនាំទៅកើតក្នុងសុគតិភូមិ។ ប៉ុន្តែប្រសិនបើឃើញជាគ្រឿងអាវុធ គ្រឿងកាប់ប្រហារមនុស្ស សត្វ គ្រឿងឧករណ៍ដាក់សត្វ ស្រា បារី គ្រឿងឧបរណ៍ដែលប្រើសម្រាប់លេងល្បែងស៊ីសង ឬវត្ថុផ្សេងៗទៀត ដែលជាខាងអកុសល នឹងនាំឲ្យចិត្តតក់ស្លុត ឬចិត្តសៅហ្មង ដឹកនាំទៅក្នុងអបាយភូមិ។

៣) ឃើញជាសារដែលនាំទៅកើតក្នុងភពបន្ត (គតិនិមិត្ត)។ សារនោះអាចជារូបភាព សម្លេង ក្លិន ពណ៌ក៏មាន។ ប្រសិនជាផ្នែងខាងកុសល បានដល់ដូចជាឃើញវិមានល្អយ៉ាងវិចិត្រមកទទួល  បានឮសំឡេងតូតន្ត្រីពិរោះរណ្ដំចិត្ត ធុំក្លិនក្រអូបឈ្ងុយឈ្ងប់ជាងផ្កាផងទាំងឡាយណា ទាំងអស់ក្នុងលោកនេះ ដែលជារបស់ទិព្វ ក៏នាំទៅកើតក្នុងឋានសួគ៌។ ក៏ប៉ុន្តែ ប្រសិនបើសារជាផ្នែកខាងអកុសល ដូចជា ឃើញលោហិត ឃើញមានរូងដែលងងឹតសូន្យសុង មានទីសើមជោគជាំ ឃើញកំដៅភ្លើងឆេះ ដែលនាំឲ្យចិត្តភ័យញាប់ញ័រ នៅភពខាងមុខ ទៅកើតក្នុងនរក ឬឃើញជាព្រៃស្រោង ជាទន្លេ ជាសមុទ្រ ជាដើម នឹងជាការអូសទាញទម្លាក់ចិត្តឲ្យទៅកើតជាសត្វតិរច្ឆាន ឬកើតជាសត្វទឹក។

ពេលកើតមានដូចនេះ ក្នុងពេលហៀបនឹងដាច់ខ្យល់ស្លាប់ ជាពេលមួយដ៏សំខាន់ណាស់ ពីព្រោះជាកំឡុងពេលនៃការសម្រេចចិត្តថា នឹងទៅកើតក្នុងភពភូមិណាមួយ។ សួរថា តើពេលនឹងដាច់ខ្យល់ស្លាប់ មាននរណាខ្លះបង្កើតកម្មវិធីចិត្តរបស់ខ្លួនបានទេថា សូមឲ្យគិតតែរឿងដែលជាកុសលដើម្បីឲ្យចិត្តផូរផង់?

ធម្មជាតិរបស់ចិត្តដែលហៀបនឹងស្លាប់នោះ ប្រសិនបើឈឺកើតរោគសាហាវ  ដូចជា កើតរោគមហារីក កើតជំងឺបេះដូង ទឹកនោមផ្អែម មហារីកគ្រាប់ឈាម   ចិត្តនឹងទៅតោងជាប់ជាមួយការឈឺចាប់ ឬភាពស្លុតចិត្ត សៅហ្មងចិត្ត ទោះបីជាឥតមានជំងឺកើតរោគអាក្រក់ក៏ដោយ ប៉ុន្តែដឹងថា ខ្លួនកំពុងនឹងស្លាប់ ចិត្តក៏មានសេចក្ដីក្រវល់ក្រវាយ រសាប់រសល់ ច្របុកច្របល់ ភិតភ័យញាប់ញ័រជ្រួលច្រាល ព្រោះមិនដឹងវាសនាអនាគតរបស់ខ្លួន។ មនុស្សខ្លះទៀតក៏ព្រួយបារម្ភរឿងទ្រព្យសម្បត្តិ ព្រួយបារម្ភបុគ្គលដែលមានសម្ព័ន្ធភាពជិតស្និត  ហើយអ្នកខ្លះទៀត ក៏ខឹងក្រោធចងកំហឹង មួមៅក្ដៅក្រហាយ ចិត្តចងអាឃាតព្យាបាទចំពោះជនណាមួយ ឬប្រសិបើមានគំនិតអ្វីកើតឡើង ក៏អាចជារឿងអកុសល ដូចជា គិតនឹកដល់កម្មដែលជាអកុសលដែលខ្លួនបានធ្វើ បានប្រព្រឹត្តទុកមក។ ទាំងនេះសុទ្ធតែធ្វើឲ្យចិត្តសៅហ្មងទាំងអស់ បើកឱកាសឲ្យទៅកើតក្នុងអបាយភូមិ ទើបមានចំនួនច្រើនណាស់។

សួរថា តើការធ្វើទាន រក្សាសីល ជួយបិទទ្វារអបាយភូមិ(មិនចាំបាច់ទៅកើតក្នុងអបាយភូមិ)បានដែរឬទេ?

ឆ្លើយថា នៅមិនទាន់បាននៅឡើយទេ ពីព្រោះអី ទាន សីល នៅមិនទាន់ជាគោលការណ៍ហ៊ានធានាអះអាងថា នៅពេលជិតស្លាប់ ចិត្តនឹងមិនសៅហ្មងនោះទេ។ គោលការណ៍ធានាដែលនឹងបិទទ្វារអបាយភូមិបាន ត្រូវមានភាវនា ឬប្រតិបត្តិធ្វើសមថវិបស្សនាកម្មដ្ឋាន រហូតទាល់តែបានក្លាយជាព្រះអរិយបុគ្គល គឺមានព្រះសោតាប័ន និងព្រះសកទាគាមី ចិត្តចូលក្នុងផ្លូវងត្រង់ហើយ នឹងស្លាប់ដោយមិនវង្វេងស្មារតីទៅក្នុងអារម្មណ៍សៅហ្មង មានជាតិខាងមុខទៅកើតជាមនុស្ស ឬកើតក្នុងឋានសួគ៌ ចម្រើនភាវនាទៀត មិនលើសពី៧ជាតិ នឹងសម្រេចបានជាព្រះអរហន្ត។ ប្រសិនបើសម្រេចជាព្រះអនាគាមី នឹងទៅកើតក្នុងព្រហ្មលោក ហៅថា សុទ្ធាវាសព្រហ្ម(ព្រហ្មជាន់ទី១២-១៦) ហើយនឹងទៅសម្រេចជាព្រះអរហន្តក្នុងឋាននោះៗ។ ប្រសិនបើសម្រេចជាព្រះអរហន្តហើយ ក៏លែងមានកំណើតតទៅទៀតហើយ។ 

សួរថា តើមនុស្សខ្លះឧស្សាហ៍ធ្វើអំពើល្អទុកយ៉ាងច្រើន ដូចជា ទាន រក្សាសីល បាប អកុសល ក៏ធ្លាប់ធ្វើខ្លះ ក៏ប៉ុន្តែមិនច្រើនពេកទេ តែពេលស្លាប់កើតការភ្លាំងភ្លាត់ចិត្ត មានអារម្មណ៍សៅហ្មង នាំទៅកើតអបាយភូមិយ៉ាងនេះដូចជាអយុត្តិធម៌ពេក?

តាមការពិតទៅ ច្បាប់ធម្មជាតិបានផ្តល់ឲ្យភាពយុត្តិធម៌ជានិច្ច។ ពួកគេទៅកើតក្នុងអបាយភូមិបាន ពីព្រោះចិត្តដែលជាអកុសលក្នុងខណៈនោះ នាំទៅកើត មិនមាននរណាមួយមកលិខិតទេ ប្រសិនបើធ្វើបុណ្យកុសលទុកបានច្រើន ផលបុណ្យនឹងតាមទៅជាឧបការៈជួយឲ្យទុគតិ ដែលបានទៅកើតនោះខ្លីថយចុះ ដូចជា ធ្លាក់ទៅកើតក្នុងនរក ក៏នៅមិនបានយូរ។ ប្រសិនបើកើតជាសត្វតិរច្ឆាន បើសិនក្នុងសម័យកើតជាមនុស្សធ្លាប់ធ្វើទានទុកមកច្រើន ក៏កើតជាសត្វសម្បូរមានស៊ី ជួនកាលក៏មានមនុស្សនាំយកទៅចិញ្ចឹមមើលថែរក្សាយ៉ាងល្អ។ បើសិនក្នុងសម័យកើតជាមនុស្សធ្លាប់បានរក្សាសីលបរិសុទ្ធ ក៏នឹងក្លាយជាសត្វដែលមានសុខភាពរឹងមាំ មិនមានសត្វដទៃណា ឬមនុស្សណាមួយមកបៀតបៀនខ្លួនឡើយ។ បើសិនក្នុងសម័យកើតជាមនុស្ស ដែលជាអ្នកមានបញ្ញាច្រើនឆ្លៀវឆ្លាត ក៏កើតជាសត្វឆ្លៀវឆ្លាតរវាសរវៃជាដើម។

ព្រះពុទ្ធសាសនាជាសាសនាមួយពោលលើកឡើង តាមសភាវៈពិតតាមច្បាប់ធម្មជាតិ។ ព្រះពុទ្ធជាម្ចាស់ ពេលត្រាស់ដឹងសច្ចភាពដែលកំពុងមាននៅស្រាប់ ក៏នាំយករឿងដែលព្រះអង្គដឹងមកសម្ដែង ចង្អុលបង្ហាញផ្លូវឲ្យប្រជាពុទ្ធបរិស័ទបានប្រតិបត្តិតាម។ ប្រសិនបើត្រូវការសម្រេច ក៏ត្រូវព្យាយាមធ្វើដោយខ្លួនឯង មនុស្សដទៃធ្វើឲ្យខ្លួនមិនបានឡើយ។ ព្រះពុទ្ធសាសនាបានបំផ្លិចបំផ្លាញម៉ាស៊ីនគិតរបស់មនុស្ស ដែលត្រូវគេបង្រៀនឲ្យជឿតាមមកតាំងពីបុរាណថា មានអំណាចពិសេសដែលលិខិតចំណារជីវិតរបស់ខ្លួន ទើបអង្វរសុំយកចំពោះអំណាចនោះ ដោយការខ្វះភាពជឿជាក់បានក្នុងគុណតម្លៃរបស់ខ្លួន ដែលនាំឲ្យឈប់ខ្នះខ្នែងនឹងអភិវឌ្ឍខ្លួនឯងអសស់រលីងទៅ។

ប្រសិនបើប្រជាពុទ្ធបរិស័ទ មិនបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រគោលធម៌ ហើយមិនបាននាំយកវត្ថុដែលមានតម្លៃកាត់ថ្លៃមិនបាននេះមកប្រតិបត្តិទេ ការបានក្លាយជាប្រជាពុទ្ធបរិស័ទគឺ ទទេចែស គ្មានបានអ្វីទាំងអស់សម្រាប់ជីវិតរបស់ខ្លួន៕

Cr. តេជ. អធិបញ្ញោ



No comments:

Post a Comment