Saturday, November 5, 2016

ទីណាមានសេចក្តីស្រឡាញ់ ទីនោះមានទ្រព្យសម្បត្តិ និងភាពជោគជ័យ


ថ្ងៃមួយ ពេលស្រ្តីជាភរិយាបើកទ្វារផ្ទះភ្លាម នាងបានឃើញតាចាស់មានពុកមាត់បីនាក់ អង្គុយនៅមុខផ្ទះ។  នាងមើលពួកគាត់ទៅ ឃើញគួរឲ្យអាណិត ក៏អញ្ជើញពួកគាត់ចូលផ្ទះ ដើម្បីបានទទួលទានអាហារ។

តែលោកតាចាស់ម្នាក់និយាយទៅកាន់នាងថា ពួកយើងមិនអាចចូលបានទេ បើគ្មានការអនុញ្ញាតិពីប្តីរបស់នាង តើប្ដីរបស់នាងនៅផ្ទះដែរទេ?”
ចាសនៅ! នាងក៏ទៅប្រាប់ប្ដីអំពីរឿងនេះ ប្តីនាងក៏យល់ព្រម នាងក៏បានអញ្ជើញតាចាស់ទាំងបីចូលម្ដងទៀត
ពេលនេះតាចាស់ម្នាក់និយាយថា យើងមិនអាចចូលទាំងបីនាក់ទេ
នាងក៏សួរតាចាស់នោះថា ហេតុអ្វី?”
តាចាស់នោះក៏និយាយប្រាប់នាងថា យើងទាំងបីនាក់ជាទេវតាប្រែក្រឡាខ្លួន ខ្ញុំជាទេវតាទ្រព្យសម្បត្តិ បើចូលផ្ទះនឹងនាំឲ្យមានទ្រព្យសម្បត្តិហូរហៀរ។ ឯតាម្នាក់នោះជាទេវតាលាភសក្ដិយស បើរើសឲ្យចូលផ្ទះ នោះសមាជិកក្នុងផ្ទះជួបតែភាពជោគជ័យ មានលាភ មានសក្ដិ។ រីឯតាទីបីនោះ គាត់គឺជាទេវតានៃក្ដីស្រឡាញ់ បើអញ្ជើញគាត់ចូលផ្ទះ គាត់នាំឲ្យគ្រួសារមានសុភមង្គល ស្រឡាញ់គ្នា ផ្អែមល្ហែម។ ចូរនាងទៅពិភាក្សាជាមួយប្ដីនាង តើសម្រេចអញ្ជើញអ្នកណាឲ្យចូលផ្ទះ?”
នាងសប្បាយចិត្តរត់ទៅពិភាក្សាជាមួយប្ដី។ ប្តីនាងឲ្យអញ្ជើញទេវតានៃលាភសក្ដិយស តែប្រពន្ធចង់អញ្ជើញទេវតានៃទ្រព្យសម្បត្តិឲ្យចូល។ ចំណែកខាងកូននិងលោកយាយចង់អញ្ជើញទេវតានៃសេចក្ដីស្រឡាញ់ឲ្យចូល។ ស្រ្តីជាប្រពន្ធក៏សួរតាចាស់ទាំងបីនាក់ថា តើមួយណាជាទេវតានៃសេចក្ដីស្រឡាញ់? សូមអញ្ជើញចូលមក
តាចាស់ម្នាក់ក៏ងើបដើរចូលមក ស្រាប់តែតាចាស់ទាំងពីរនាក់ទៀត ក៏ដើរចូលតាមដែរ។ នាងឆ្ងល់ តាចាស់ក៏បកស្រាយថា បើនាងរើសយកទ្រព្យសម្បត្តិ ឬលាភសក្តិយស យើងទាំងពីរនាក់នឹងនៅខាងក្រៅ តែបើនាងរើសយកសេចក្ដីស្រឡាញ់ យើងទាំងពីរនាក់ក៏ត្រូវចូលមកដែរ ព្រោះថាបើក្នុងផ្ទះនាង មានសេចក្ដីស្រឡាញ់ និងសុភមង្គលហើយ នោះវានាំឲ្យទ្រព្យសម្បត្តិ និងលាភសក្ដិយស នឹងកើតមានឡើងឯកឯង។
ចូរចាំថា ទីណាមានសេចក្តីស្រឡាញ់ ទីនោះមានទ្រព្យសម្បត្តិ និងភាពជោគជ័យ៕


ប្រភព៖ plus.google.com

No comments:

Post a Comment