Wednesday, November 23, 2016

ក្រិត្យក្រម ១៥ ប្រការ នៃការអភិវឌ្ឍចិត្តក្នុងជីវិតប្រចាំថ្ងៃ


ក្រិត្យក្រម ១៥ ប្រការ នៃការអភិវឌ្ឍចិត្តក្នុងជីវិតប្រចាំថ្ងៃ

១) ព្រមទទួលយកក្នុងភាពអាក្រក់របស់ខ្លួនដោយផ្លូវកណ្ដាល
 ព្រោះយើងមិនអាចកែខៃចិត្តឲ្យល្អឡើងបានឡើយ ប្រសិនណាបើយើងមើលមិនឃើញវត្ថុដែលជាតួបញ្ហា កិលេសមួយណាដែលកើតមានច្រើន។ ចូរនាំគ្នាអូសទាញវាចេញមកឲ្យឃើញច្បាស់  ហើយបន្ទាប់ពីនោះមក ចាំប្រុងប្រយ័ត្នមិនឲ្យវាចេញមកបង្កហេតុ រហូតដល់ធ្វើឲ្យយើង និងអ្នកដទៃក្ដៅក្រហាយ។

២) តាំងចិត្តចាត់ការជាមួយភាពអាក្រក់របស់ខ្លួនឯង
តាំងចិត្តថា ពីនេះជាដើមទៅ នឹងចាត់វិធានការជាមួយអំពើអាក្រក់របស់ខ្លួនឯង មិនចាំបាច់ត្រូវប្រញាប់តក់ក្រហល់ចាត់ការពេកទេ ប៉ុន្តែត្រូវធ្វើយ៉ាងសន្សឹមៗជានិច្ច ឲ្យបានល្អឡើងរាល់ថ្ងៃៗ ត្រួតពិនិត្យមើលខ្លួនឯងរាល់ថ្ងៃថា តើចិត្តរបស់យើងបានទទួលការដុសខាតទៅច្រើន តិចមកដល់កម្រិតណាហើយ? នឹងត្រូវធ្វើរាល់ថ្ងៃ ល្អប្រសើរឡើងរាល់ថ្ងៃ មិនត្រូវប្រញាប់ទាន់ហន់ពេកទេ មិនត្រូវប្រៀបធៀបខ្លួនឯងជាមួយអ្នកណាឡើយ។ សូមឲ្យដឹងក្នុងភាពអាក្រក់របស់ខ្លួនឯងហើយ ដុសខាតទៅរឿយៗ ធ្វើតាមដែលអាចធ្វើទៅបាន កុំឲ្យកើតមានអារម្មណ៍តានតឹង។ សូមធ្វើឲ្យតែល្មមៗ ប៉ុន្តែធ្វើឲ្យជាប្រចាំរាល់ថ្ងៃ។

៣) គ្រប់គ្រង់កាយ និងវាចា ដោយកាន់សីល
ប្រយ័ត្នប្រយែងនៅត្រង់ចិត្តនៅមានគំនិតអាក្រក់ នៅគ្រប់គ្រង់ឲ្យគិតល្អមិនទាន់បាន ឲ្យគ្រប់គ្រងកាយ និងវាចា ដោយការទទួលយកនូវនិច្ចសីល ព្រោះសីលប្រៀបប្រដូចជាកោះការពារ មិនឲ្យយើងទៅបៀតបៀនខ្លួនឯង និងអ្នកដទៃ។ ក្នុងប្រការនេះ កុំអាលទៅចាប់អារម្មណ៍ថា ចិត្តនឹងល្អ ឬមួយយ៉ាងម៉េច ជាបឋម គ្រប់គ្រង់ទង្វើ និងពាក្យសម្ដីរបស់យើងឲ្យបានល្អ គឺវាគ្រប់គ្រាន់ពេកហើយ។

៤) យុត្តិសាស្ត្រកុំទៅរិះគន់អ្នកដទៃជាដាច់ខាត
ព្រោះទង្វើដូចនេះ ជាការជន្លកិលេសរបស់យើងឲ្យពុះកញ្ជ្រោល ជាការបញ្ចុកនំចំណីអាហារ ឲ្យអំពើអាក្រក់របស់ខ្លួនឯង ឲ្យរីកធំធាត់ឡើង។ គេនឹងល្អ នឹងអាក្រក់យ៉ាងណាមួយ វាជារឿងរបស់គេ យើងចាប់អារម្មណ៍ក្នុងអំពើល្អ របស់ខ្លួនឯងទៅបានហើយ។

៥) ជឿក្នុងច្បាប់នៃកម្មយ៉ាងម៉ត់ចត់
ត្រូវយល់ថា កម្មគ្រប់យ៉ាង រមែងតែងតែឲ្យផលជានិច្ច ទោះជារឿងតូចក្តី ធំក្ដី រមែងឲ្យផលជាក់ជាប្រាកដ។ ដូចនោះ ទើបមិនមានភាពចៃដន្យទេក្នុងលោក។ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ យើងប្រព្រឹត្តធ្វើរឿងណា កម្មណា រមែងតែងតែបានទទួលផលតបស្នងមកវិញតាមនោះដែរ។ កុំព្យាយាមធ្វើអំពើអាក្រក់តាមកាយ វាចា និងចិត្តឲ្យកើតមានឡើង ព្យាយាមធ្វើតែអំពើល្អឲ្យបានច្រើនបំផុត។

៦) ព្យាយាមគិតថាគ្រប់គ្នាគឺជាមិត្ត
គឺមនុស្សដែលស្មើលើស្មើក្រោមនឹងយើង ឲ្យសម្លឹងមើលអ្នកដទៃប្រកបដោយក្តីមេត្តាឲ្យបានច្រើនបំផុត ដុតបំផ្លាញបំបាត់ចោលនូវទស្សនគតិក្នុងការបែងចែកគេ បែងចែកយើង ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

៧) គប្បីរលឹកថាកើតឡើង តាំងនៅ រលត់ទៅ
ពេលមានរឿងហេតុណាមួយកើតឡើង សូមឲ្យបង្អោនចិត្តចូលទៅគិតពិចារណាថា គ្រប់យ៉ាងសុទ្ធតែតាំងនៅលើមូលដ្ឋាននៃសច្ចភាពគឺ កើតឡើង តាំងនៅ រលត់ទៅ មិនមានអ្វីនៅលើសពីនោះទេ ទាំងរឿងរ៉ាវនៃការមានអារម្មណ៍ដែលជានាមធម៌ ឬរឿងរ៉ាវនៃរូបធម៌ដែលអាចចាប់ប៉ះពាល់បាន។

៨) គ្រប់យ៉ាងសុទ្ធតែកើត ចាស់ ឈឺ និងស្លាប់
ចូរធ្វើការយល់ចូលចិត្តថា ជីវិតមនុស្ស សុទ្ធតែត្រូវកើត ចាស់ ឈឺ និងស្លាប់ ធ្វើសេចក្ដីយល់ចូលចិត្តឲ្យបានច្រើនថា យើងមិនបានរស់នៅលើលោកមួយនេះជារៀងរហូតទេ ថ្ងៃណាមួយ យើងត្រូវស្លាប់ ហើយយើងនឹងកាន់យកអ្វីមួយទៅមិនបានដែរ ក្រៅតែពីអំពើល្អនិងអាក្រក់ ដែលខ្លួនបានធ្វើសន្សំទុកមកនោះ។

៩) ធ្វើការយល់ចូលចិត្តការវិលវល់កើតស្លាប់
ធ្វើការយល់ចូលចិត្តក្នុងសភាពសច្ចភាពនៃការវិលកើតវិលស្លាប់ ដោយសូមឲ្យមានការយល់ចូលចិត្តដ៏ជាក់លាក់មួយថា ដរាបណាដែលនៅមិនទាន់បានសម្រេចលុះមគ្គផលនិព្វានទេ យើងក៏នៅតែវិលកើតវិលស្លាប់មិនចេះចប់មិនចេះហើយដដែល ត្រូវមានជីវិតទុក្ខខ្លះ សុខខ្លះ វិលវល់ក្នុងសភាពបែបនេះជារឿយៗ ទៅកាន់ទុគតិខ្លះ ទៅកាន់សុគតិខ្លះ សុទ្ធតែជាភូមិភពដែលមានពិតប្រាកដ។

១០) លះបង់
ព្យាយាមលះបង់វត្ថុរបស់របរ ដើម្បីសាងឧបនិស្ស័យនៃភាពជាអ្នកលះបង់ ឧស្សាហ៍ព្យាយាមបរិចាគទាន ជួយសង្រ្គោះអ្នកដទៃជានិច្ច។ សូមឲ្យគិតថា វត្ថុទាំងអស់នេះគឺជាតួនាទីភារកិច្ច មិនមែនជារឿងទទេឥតប្រយោជន៍ឡើយ ចាំធ្វើបាន ទើបដឹងថា ជាថ្នាក់ដ៏សំខាន់ដែលអាចជួយឲ្យយើងក្លាយទៅជាមនុស្ស មិនប្រកាន់មាំចំពោះវា និងមានចិត្តមេត្តាងាយឡើង។

១១) ហ្វឹកហាត់សមាធិ
ព្យាយាមធ្វើចិត្តរបស់ខ្លួនឲ្យស្ងប់ជានិច្ច ដោយការហ្វឹកហាត់ធ្វើសមាធិ។ សូមឲ្យគិតថា ភាពស្ងប់នេះ ជារឿងមួយចាំបាច់ណាស់សម្រាប់ជីវិត និងត្រូវយល់ចូលចិត្តថា ចិត្តនឹងស្ងប់បាន ចិត្តរបស់យើងចាំបាច់ត្រូវបានទទួលការហ្វឹកហាត់។ សេចក្ដីស្ងប់មិនអាចកើតមានឡើងបានដោយឯកឯងឡើយ។ ដូចនោះ ការរៀនធ្វើសមាធិដោយជាប់លាប់ ទើបជារឿងចាំបាច់ក្នុងការអភិវឌ្ឃចិត្តរបស់យើងឲ្យរីកចម្រើន។

១២) មិនតោងប្រកាន់មាំ
ពេលមានរឿងអ្វីមួយកើតឡើងដល់ជីវិត ចូរព្យាយាមបង្អោនយកវាមកអប់រំចិត្តខ្លួនថា សេចក្ដីទុក្ខកើតឡើងដោយសារអ្វី ទាល់តែរកឃើញការពិតថា សេចក្ដីទុក្ខនោះ ដែលមានមកនោះ មកពីសេចក្ដីប្រកាន់តោងក្នុងរឿងនោះៗ មិនថានឹងមានអ្វីកើតឡើងទេ ក៏សូមឲ្យបង្អោនចិត្តទទួលយកវាមកគិតពិចារណាឲ្យបានរឿយៗជានិច្ច រហូតទាល់តែកើតមានប្រក្យក្សដល់ខ្លួនឯងក្នុងសច្ចភាពដូចបានពោលមកនេះ។

១៣) ព្យាយាមថ្វាយបង្គំព្រះ សូត្រធម៌
ដើម្បីឲ្យចិត្តរបស់ខ្លួនឯងប្រកាន់មាំក្នុងព្រះរតនត្រៃ មិនសង្ស័យស្ទាក់ស្ទើរក្នុងពា្យប្រៀនប្រដៅអប់រំ។ សូមឲ្យគិតថា យើងនឹងដំណើរខ្សែជីវិតតាមមាគ៌ាដ៏ប្រសើរថ្លៃថ្លាបំផុត នោះគឺប្រើប្រាស់ភូមិបញ្ញារបស់បុគ្គលដែលឆ្លៀវឆ្លាតបំផុតក្នុងលោក ពោលគឺព្រះពុទ្ធជាម្ចាស់ ព្រះអង្គទ្រង់បានសម្តែងមកយ៉ាងម៉េច យើងធ្វើតាមយ៉ាងនោះ សមស្រមជាមួយនឹងគំនិតរបស់យើង ឲ្យត្រង់ត្រូវជាមួយព្រះអង្គ កុំគិតរកផ្លូវកាត់ដោយខ្លួនឯងជាដាច់ខាត់។ សូមឲ្យដឹកនាំខ្លួនទៅកាន់បរិស្ថានល្អ សេពគប់មិត្តល្អ(កល្យាណមិត្ត) អានសៀវភៅដែលមានខ្លឹមសារល្អៗអប់រំចិត្ត ញៀនញ៉ាមជាមួយចំណេះដឹងល្អៗ ដែលជួយបង្កើនគុណភាពសីលធម៌ កុំទទួលយកបុគ្គលមេនាំភ្លើង ឬវត្ថុដុតអារម្មណ៍ ដែលការពូនកិលេសឲ្យច្រើនឡើង។

១៤) ដោះស្រាយបញ្ហាដែលខ្លួនឯង កុំបន្ទោសអ្នកដទៃ
ពេលចាំបាច់ត្រូវដោះស្រាយ សូមឲ្យដោះស្រាយបញ្ហាខាងក្នុងមុន នោះគឺដោះស្រាយខ្លួនឯងមុន សូមឲ្យផ្លាស់ប្តូរខ្លួនឯងមុន សម្លឹងរំពៃមើលកំហុសរបស់ខ្លួនឯងមុន។ ពេលកើតមានរឿងអ្វីមួយចូលមកប៉ះទង្គិចចិត្ត សូមឲ្យផ្ដោតអារម្មណ៍មកទីកំហុសរបស់ខ្លួនឯង កុំប្រញាប់ផ្តោតមើលទៅឯកំហុសអ្នកដទៃជាដាច់ខាត់។ ត្រង់នេះ នឹងធ្វើឲ្យអ្នកមិនកើតនូវការស្អប់ខ្ពើមក្នុងចិត្ត ថែមទាំងជាការលើកស្ទួយឲ្យខ្លួន ចេះដឹងខុសត្រូវ ល្អអាក្រក់ សខ្មៅ ខ្ពស់ទាប មានក្ដីមេត្តាដល់ជនដទៃ ចេះខ្មាស ខ្លាចចំពោះអំពើបាបកម្មទាំងឡាយ។

១៥) វាស់លទ្ធផលការប្រតិបត្តិប្រចាំថ្ងៃ
ពេលត្រូវការស្ទាបស្ទង់លទ្ធផលនៃការប្រតិបត្តិរបស់ខ្លួន សូមឲ្យស្ទាបស្ទង់ត្រង់ជីវិតប្រចាំថ្ងៃ គឺពិនិត្យមើលថា តើខ្លួនឯងជាមនុស្សល្អឡើងឬក៏អត់? ត្រង់ចំណុចនេះត្រូវប្រុងប្រយ័ត្ន កុំគិតកាន់ជើងខ្លួនឯងដាច់ខាត។ សូមឲ្យមើលជាផ្លូវកណ្ដាលដោយចិត្តសុចរិតភាព ឲ្យត្រួតពិនិត្យមើលថា លោភៈ ទោសៈ មោហៈ ថមថយចុះដល់កម្រិតណាហើយ មានមេត្តាច្រើនដល់កម្រិតណាហើយ ចេះឲ្យអភ័យបានខ្លាំងដល់កម្រិតណាហើយ។ សូមឲ្យប្រើត្រង់ចំណុចនេះជាគ្រឿងវាស់ស្ទង់ភាពល្អ អាក្រក់របស់ខ្លួនជាសំខាន់។ ចំណែកបញ្ញានោះ សូមឲ្យវាស់ស្ទង់ថា រាល់ថ្ងៃនេះមានទុក្ខថយចុះឬយ៉ាងណា ប្រសិនបើទុក្ខច្រើន ប្រែថា យើងនៅមិនទាន់យល់លោក ប្រសិនបើទុក្ខតិច ប្រែថា យើងចាប់ផ្ដើមមានកាយល់ដឹង ចំពោះលោកតាមសេចក្ដីពិតច្រើនឡើង។ សូមឲ្យព្រមទទួលយកទៅត្រង់ៗថា សុខឬទុក្ខ សុទ្ធតែកើតមានឡើងពីបញ្ញារបស់យើង មិនបានកើតមានឡើងពីអ្នកដទៃ និងមិនមានអ្នកណាមួយអាចញាត់ទុកសេចក្ដីសុខ សេចក្ដីទុក្ខដល់យើងបាន ក្រៅពីខ្លួនរបស់យើងប៉ុណ្ណោះ។

ក្រិតក្រមទាំង ១៥ប្រការនេះ គឺជារឿងដែលចាំបាច់ត្រូវធ្វើ ក្នុងខាងដើមដែលជារឿងអាស្រ័យលើមូលដ្ឋានសច្ចភាព ដែលអាចធ្វើបាន ប្រសិនបើមានការតម្កល់ចិត្ត។ សម្រាប់បុគ្គលដែលត្រូវការអភិវឌ្ឍចិត្ត ដើម្បីកាត់បន្ថយ ឬបញ្ចប់ជាតិភព។ ប្រសិនបើនឹងនិយាយអំពីការធ្វើសមាធិ បុគ្គលដែលធ្វើរឿងទាំងនេះបានងាយស្រួល ទោះជាពេលទៅធ្វើវិបស្សនាចិត្តក៏ដោយ ក៏ពិចារណាសច្ចភាពបានយ៉ាងល្អិតសុខុម ព្រោះជាចិត្តដែលជាគូជាមួយការចម្រើនបញ្ញា។ ក្នុងការប្រតិបត្តិទាំង ១៥ប្រការនេះ បើបុគ្គលណាមួយធ្វើបានដោយចិត្តដែលរីករាយ ក៏អាចនិយាយបានថា មានការប្រព្រឹត្តទៅបាន ដល់បុគ្គលដទៃដែលនឹងសម្រេចបានជាអរិយបុគ្គលក្នុងជាតិជាបច្ចុប្បន្ន៕

No comments:

Post a Comment