Tuesday, December 20, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤២)
“...មើលគេហើយ រួចមើលខ្លួនឯងណ៎ា! ព្រះពុទ្ធជាម្ចាស់ ទ្រង់ក៏បានទតឃើញមនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ ហើយព្រះអង្គទ្រង់មានចិត្តនឿយណាយធុញទ្រាន់ក្នុងរឿងនេះ។ ម្លោះហើយព្រះអង្គទ្រង់យាងចាកចេញពីនគរ មិនបានប្រាប់ឲ្យអ្នកណាមួយដឹងឡើយ សូម្បីតែអគ្គមហេសី ស្រីពិម្ពារយសោធរា ក៏ទ្រង់មិនបានប្រាប់ក្នុងដំណើររឿងនេះ ឲ្យព្រះនាងទ្រង់ជ្រាបដែរ។ ព្រះអង្គទ្រង់បានយាងគង់លើខ្នងសេះអាជានេយ្យកណ្ធកៈជិះគេចចូលព្រៃបាត់ឈឹង។ ព្រះអង្គទ្រង់សាងព្រះផ្នួសមិនបានប្រាប់អ្នកណាផងដែរ។ ព្រះអង្គទ្រង់បំពេញសេចក្ដីព្យាយាមអស់រយៈពេលត្រឹមតែ៦ឆ្នាំ ព្រះអង្គក៏ទ្រង់រកឃើញផ្លូវនៃការត្រាស់ដឹង ធម្មជាតិនៃសេចក្ដីទុក្ខរបស់សត្វលោកនេះឡើង។

យើងទាំងអស់គ្នាក៏មិនខុសពីរឿងទាំងនោះដែរ ថ្វាយបង្គំព្រះគុណរតនត្រៃហើយ ក៏នាំគ្នាបង្គត់បង្គុយសម្រួលឥរិយាបថ ឲ្យស្រួលបួលចម្រើនភាវនា គិតពិចារណាមើលខ្លួនឯង មិនត្រូវស្តាប់សម្លេងអ្វីទាំងអស់ ស្ដាប់តែសូរសេងសំនៀងខ្លួននោះឯង ល្អជាងសម្លេងរបស់ជនអ្នកដទៃ។ ចាស់ហើយក៏នាំគ្នាចម្រើនភាវនារកធម៌ អនិច្ចំ ទុក្ខំ អនត្តា នៃខ្លួនម្នាក់ៗនៃយើងនេះ មិនចាំបាច់ព្រួយបារម្ភអ្នកនេះ អ្នកនោះ កូន ចៅ គោ ក្របី ដីស្រែ ចម្ការច្បារដំណាំ លើគោក ក្នុងទឹកអ្វីទាំងអស់។

ការបារម្ភកូនចៅ ប្រពន្ធ ប្តី ពុកម្តាយ មីងមា ពូ ប្អូនបង  គោ ក្របី ជ្រូក មាន់ទា និងទ្រព្យសម្បត្តិនានា ក៏ខ្លួនយកទៅមិនបាន សូម្បីតែសង្ខារធម៌ដែលមាននៅក្នុងខ្លួនឯងនេះ ក៏យកទៅមិនបាន។ ពេលយើងកើតមកក្នុងផ្ទៃនៃមាតា ក៏យើងមិនបានបបួលអ្នកណាមកជាមួយយើងដែរ កូនចៅ ប្រពន្ធ ប្តី ក៏មិនបានបបួលពួកគេមក យើងមកតែម្នាក់ឯងគត់ ដល់ពេលស្លាប់ត្រឡប់ទៅវិញក៏ស្លាប់ទៅតែម្នាក់ឯងដែរ...”

ភិក្ខុ ប៉ូភៀ វិរិយោ
ប្រភព៖ ព្រះត្រៃរ័តន៍
រូបភាព៖ ហ្វេសប៊ុក

No comments:

Post a Comment