Friday, December 30, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥២)

... សច្ចភាព ចិត្តរបស់យើងនេះឯង ជាតួអង្គបង្កទុក្ខ។ យើងអាចសង្កេតមើលបានពីដំណើរព្រះអរហន្តសាវ័កទាំងឡាយ ពេលលោកមានពុទ្ធិ មានបញ្ញាឃុំគ្រងរក្សាចិត្តលោកបានល្អប្រពៃហើយ លោកក៏លែងកើតទុក្ខ ព្រោះលោកអស់ចំណង់តាមប្រាថ្នាចង់នូវវត្ថុទាំងឡាយទាំងពួងក្នុងលោកនេះហើយ។ ពេលយើងជួបប្រសព្វពើបប្រទះជាមួយរូប សម្លេង ក្លិន រស និងវត្ថុផ្សេងៗ ក៏ព្រោះចិត្តមានចំណង់ ប៉ងប្រាថា្នចង់ មនីមនាស្ទុះស្ទា សោមនស្សទោមនស្សក្នុងវត្ថុទាំងឡាយនោះ ដែលវាធ្វើឲ្យយើងកើតទុក្ខ មិនថា រូប សម្លេង ក្លិន រស ផោដ្ឋព្វ ឬវត្ថុផ្សេងៗ ដែលបានមកនោះទេ វាដុតរោលចិត្តយើងឲ្យក្ដៅ ឲ្យកើតទុក្ខ ខ្លួនរបស់យើងនេះឯង ដែលមានភ្លើងអគ្គីមកចាំដុតរោល...។ 


 “... បុគ្គលដែលមានទាន មានសីល  ប៉ុន្តែខ្វះការចម្រើនធ្វើភាវនានោះ ប្រៀបដូចជាបុគ្គលដែលមានស្បៀងព្រមអស់ហើយ មានរូបរាងកាយល្អបរិបូណ៌ហើយ មានកម្លាំងមាំមួនហើយ ប៉ុន្តែបុគ្គលនោះ ជាបុគ្គលពិការភ្នែក គេរមែងមិនអាចមើលឃើញផ្លូវ ធ្វើដំណើរទៅកាន់ព្រះនិព្វានបានឡើយ...។

 “... ពេលចិត្តសង្រួមចុះបានល្អិតសុខុមកើតមានតែមួយហើយ ទោះបីថា នឹងមានសញ្ញានៅខ្លះក៏ដោយ ឲ្យយើងកំណត់បាននូវភាពស្ងប់ស្ងៀម។ ពាក្យថា ស្ងប់ស្ងៀមប្រៀបដូចជានាយព្រានស្ទាក់ចាប់ម្រឹគីម្រឹគាអ៊ីចឹង គេអង្គុយនៅស្ងៀមស្ងាត់ មិនរើបំរះ មិនប្រែប្រួល ប៉ុន្តែកែវភ្នែករបស់គេ សម្លឹងទៅរកសត្វផ្សេងៗ ត្រង់អន្ទាក់យ៉ាងណា ការតម្កល់សតិកំណត់ចិត្តក៏មានឧបមាដូច្នោះដែរ...។

... ឲ្យយើងនាំគ្នាចាប់អារម្មណ៍លើការចម្រើនភាវនា យើងបង្គាប់បញ្ជាចិត្តទុកដូចជារបស់ងាយ ព្រោះវាជារបស់មាននៅជាប់ជាមួយនឹងខ្លួនយើង មិនចាំបាច់ទៅទិញ មិនចាំបាច់ទៅលក់ មិនចាំបាច់ទៅដោះដូរ ជាវត្ថុមានអត្ថប្រយោជន៍ច្រើមខ្លាំងណាស់...។

 “... ប្រសិនបើយើងបំពេញសេចក្ដីស្ងប់នេះបានហើយ វាមានប្រយោជន៍ទាំងផ្លូងផង និងទាំងផ្លូវធម៌ផងដែរ...។

 “... រឿងរបស់និមិត្តនេះ នឹងកើតឬមិនកើត មិនសំខាន់ទេ ព្រោះថា ការណ៍ដែលយើងធ្វើសមាធិភាវនា ក៏ដើម្បីមានបំណងឲ្យកើតសេចក្ដីស្ងប់ខាងក្នុងចិត្តរបស់យើងតែប៉ុណ្ណោះ...។

 “... ប្រសិនបើបុគ្គលអ្នកប្រតិបត្តិ អាចធ្វើចិត្តរបស់ខ្លួនឲ្យស្ងប់ជាអារម្មណ៍តែមួយបានហើយ ក៏គ្រប់គ្រាន់ហើយប៉ុណ្ណឹង វាមិនមាននិមិត្តកើតឡើងក៏ដោយ គ៏មិនជាថ្វី។ ការចម្រើនភាវនា  លោកត្រូវការឲ្យយើងបង្ក្រាបតួអង្គកិលេសរបស់យើងប៉ុណ្ណោះ គឺមើលឲ្យឃើញសេចក្ដីលោភ  សេចក្ដីក្រោធ និងសេចក្ដីវង្វេងរបស់ខ្លួន និងឃើញរាគៈ មានះទិដ្ឋិរបស់ខ្លួនហ្នឹងឯង...។

 “... ទោះបីថា បុគ្គលណាមួយ នឹងបានធ្វើសមាធិបានល្អប្រពៃ ក៏នឹងបានទទួលសេចក្ដីសុខកម្រិតណាមួយ ឬនឹងបានអភិញ្ញាលំដាប់ណាមួយក៏ដោយ បើ ត្រៃលក្ខណញាណនៅមិនទាន់កើតឡើងទេ ក៏នៅរាប់ថាជា មិច្ឆាសមាធិ  ជាសមាធិដែលនៅខុស នៅក្នុងរង្វង់ដែនខុស...។

 “... បុគ្គលខ្លះ ភាវនាមិនប្រាថ្នាចង់ឃើញរូបភាពផ្សេងៗ ដូចជា នរក សួគ៌ ជាដើម ការណ៍ដែលឃើញរឿងទាំងអស់នេះ វាគ្មានអ្វីចម្លែក។ ត្រង់ដែលគ្មានអ្វីចម្លែក ពីព្រោះថា ពេលយើងឃើញហើយកិលេសរបស់យើងនៅមានដូចដើម។ បុគ្គលខ្លះ ថែមទាំងញ៉ាំងកិលេសនោះឲ្យកើតបន្ថែមពីលើច្រើនឡើងថែមទៀត គឺចាត់ទុកខ្លួនឯងជាមនុស្សវិសេស ដែលអាចមើលឃើញរឿងរ៉ាវផ្សេងៗទាំងអស់នោះបាន ម្លោះហើយ មិនព្រមក្រាបថ្វាយបង្គំសំពះចំពោះបុគ្គលណាៗទាំងអស់ រហូតដល់សគ្គាវរណៈ មគ្គាវរណៈ បិទផ្លូវមគ្គផលនិព្វាន ទៅដោយបរិយាយ ដែលជាការឃើញខុសពីគោលការណ៍ពុទ្ធសាសនា... ។

 “...អស់លោកអ្នកនាំគ្នាហ្វឹកហាត់សតិសើរៗ លំៗ នៅជាមួយគ្នាដូចម្តេចទៅ ទើបមិនដឹងច្រកផ្លូវចេញរួចផុតទុក្ខទៅបាន។ ព្រោះហេតុនេះ ឲ្យនាំគ្នាកាន់យកមូលដ្ឋានគ្រឹះ សតិប្បដ្ឋាន៤ ធ្វើជាគោលការណ៍ហ្វឹកហាត់សតិឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន...

“...បណ្ដាលវត្ថុសន្មតទាំងឡាយ ដែលយើងទៅតោងប្រកាន់មាំថា ជាកម្មសិទ្ធិរបស់យើងនោះ វាមានបានត្រឹមតែជាជីវិតមួយប៉ុណ្ណោះ មិនថា ប្តី ប្រពន្ធ កូន ចៅ ឪពុក ម្ដាយ មីងមា ពូ ប្អូនបង សាច់ញាតិទាំងអស់ ឬទ្រព្យសម្បត្តិនានាផងទាំងឡាយ ពេលយើងស្លាប់ទៅ យើងនឹងតោងប្រកាន់មាំថា ជាកម្មសិទ្ធិរបស់យើងទៀតមិនបានឡើយ យើងមិនអាចកាន់យក ឬនាំយកវត្ថុទាំងឡាយ ជនទាំងនុ៎ះទៅកាន់ឋាននរក សួគ៌ ឬទីណាមួយមិនបានឡើយ ដូចត្រូវនឹងពាក្យមួយពោលថា “សម្បត្តិនៃលោក ក៏ត្រូវនៅក្នុងលោកនេះឯង...”

អប់រំដោយ
តេជគុណ បភាសោ
ធម្មៈ ព្រះត្រៃរ័តន៍

No comments:

Post a Comment