Wednesday, March 1, 2017

អំបែងអណ្ដែត ឃ្លោកលិច


មិនថា នឹងប្រមាទក្នុងការគិត ឬប្រមាទក្នុងការនិយាយ ឬថា ប្រមាទក្នុងការស្ដាប់ទេ​ គឺវាមានទោសទាំងអស់។ ការប្រមាទទាំង បីប្រការខាងលើនេះ ជារឿងប្រាស្រ័យទាក់ទងគ្នានិងគ្នា។ បើមានសេចក្ដីប្រមាទ ក្នុងប្រការណាមួយហើយ ក៏ជាហេតុនាំឲ្យ សេចក្ដីប្រមាទព្រម កើតទោសព្រមពិតមែន។ ដូចនេះ សូម្បីតែមានគំនិតជឿប្រកាន់ក្នុងរឿងណាមួយហើយ គំនិតនោះក៏រមែងមិនឈប់ ត្រឹមតែការគិតប៉ុណ្ណោះទេ តែវា រមែងបន្តទៅជាពាក្យសម្ដីដោយមានប្រក្រតី ពេលវាបន្តជាពាក្យសម្ដីហើយ វាក៏ត្រូវជាពាក្យសម្ដី ដែលប្រាសចាកពីការពិតដែរ។ អ្នកនិយាយ អាចមានចេតនាអាក្រក់ ឬមានចេតនាល្អ ផលអាក្រក់រមែងកើតប្រាកដជាធម្មតា។

កុំភ្លេចថា សម្ដីរបស់មនុស្សនោះ មានឥទ្ធិពលខ្លាំង មានឥទ្ធិពលខ្ពស់ ទាំងក្នុងផ្នែកបំផ្លាញ ទាំងផ្នែកស្ថាបនា នោះក៏ព្រោះតែ កើតពីការស្ដាប់ ជារឿងសំខាន់។ សំឡេងថ្លែងប្រាប់ ដែលគ្មានការស្ដាប់ គ្មានការឮ សំឡេងថ្លែងនោះ ក៏ឥតន័យ ឥតខ្លឹមសារ ប៉ុន្តែជាក់ស្ដែង សំឡេងថ្លែងប្រាប់ ត្រូវមានមនុស្សម្នាបានស្ដាប់ បានឮជាធម្មតា ទើបវាមានន័យ។ សំឡេងថ្លែងប្រាប់នោះឯង ដែលធ្វើឲ្យកើតមានជំនឿ ដែលធ្វើឲ្យមនុស្សល្អត្រូវបានគេសង្កត់ឲ្យទាបចុះ  មនុស្សអាក្រក់បំផុត ក៏អណ្តែតឡើង ដោយបានគេតម្កើង លើកកំពស់។ តើអ្វីដែលបានកើតឡើងតាមក្រោយមកនោះ នឹងជាផលល្អបានឬ? ដល់យុគសម័យដូច្នេះនៅពេលណា ពេលនោះជាយុគសម័យងងឹតពិតៗ។ 

អំបែងអណ្ដែត ឃ្លោកលិច មនុស្សល្អដើរព្រៃ មនុស្សអាក្រក់ដើរផ្លូវ

ពាក្យព្យាករណ៍តាំងពីបុរាណកាល យូរលង់ណាស់មកហើយ ដែលប្រាប់ថា យុគៈងងឹតនឹងមកដល់ គឺយុគៈដែលមនុស្សល្អ ត្រូវគេជិះជាន់ពន្លិច មនុស្សអាក្រក់ត្រូវបានគេ លើកតម្កើងសរសើរ ដែលត្រូវជាផលកម្ម ដែលនាំគ្នាធ្វើទុកមក ទាំងកម្មអាក្រក់ ទាំងកម្មល្អ ជាកម្មដែលលូកដៃចូលមកកាត់ផ្ដាច់ហើយ។ យ៉ាងណាក៏ដោយ យើងគ្រប់គ្នា គម្បីគេចចេញឲ្យផុតពីការមានដៃអាក្រក់ មកជិះជាន់មនុស្សល្អ និងគេចឲ្យផុតពីការមានដៃល្អ ដែលលើកសរសើរមនុស្សអាក្រក់ ព្រោះតែបានសហការរួមដៃគ្នា បង្កនូវ វិនាសកម្មដល់ស្រុកទេសខ្លួន ឲ្យបាត់បង់នូវសោភ័ណភាព ដែលកើតឡើងពីកម្លាំងមនុស្សល្អ ដែលកើតចេញពីសមត្ថភាព របស់មនុស្សល្អនោះឯង។

ស្រុកទេសនឹងពោរពេញទៅដោយភាពអាក្រក់អាប់អួរ ដែលកើតឡើងពីកម្លាំងចិត្តរបស់មនុស្សអាក្រក់ ដែលកើតពីកម្លាំង សមត្ថភាពរបស់មនុស្សអាក្រក់ គម្បីប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យមើលឲ្យច្បាស់លាស់ អ្នកណាល្អ អ្នកណាអាក្រក់ ត្រូវប្រុងប្រយ័ត្នក្នុងការស្ដាប់ សំឡេងថ្លែងប្រាប់ ទើបនឹងជួយឲ្យប្រទេសជាតិ មានសុខសន្តិភាពបាន និងជួយខ្លួនឯង ឲ្យផុតពីភាពដាក់បណ្ដាសាពី បុព្វបុរស និងអនុជនបាន។

ការនិយាយ និងការស្ដាប់ ទាំងពីរយ៉ាងនេះ ពិបាកចង្អុលប្រាប់ថា តើវាមានភាពសំខាន់ជាងគ្នាយ៉ាងដូចម្ដេច? និយាយហើយ ត្រូវមានមានការស្ដាប់ ដូចនេះ ក៏ឃើញបានច្បាស់ថា វាត្រូវមានទំនាក់ទំនងរវាងគ្នានិងគ្នា មានភាពសំខាន់ស្មើគ្នា ប៉ុន្តែដោយ មានជំនឿចូលជារឿងធំ និយាយហើយ ស្ដាប់ហើយ ជឿហើយ វាជារឿងមួយ ដែលជំនឿមានភាពសំខាន់បំផុត សំខាន់ជាងការនិយាយ និងការស្ដាប់។

និយាយបាន ស្ដាប់បាន ជឿក៏បាន មិនជឿក៏បាន។ ជំនឿមានសារៈសំខាន់ត្រង់ដែលស្ដាប់ហើយ ជឿតាមតែម្ដង មិនបានគិតពិចារណា ឲ្យឃើញខុសត្រូវឡើយ។ ការពិត ភាពកុហកបោកប្រាស ដែលបានឮ បានសស្ដាប់ ជឿ ព្រោះតែបានឮ បានស្ដាប់ ក៏មានជំនឿថា វាជាការពិត តាមដែលបានឮ បានស្ដាប់ ពីសំឡេងថ្លែងប្រាប់នោះៗ។

តើការពិត វាយ៉ាងម៉េច? ជារឿងមួយទៀតដែលអ្នកថ្លែង អាចដឹង ប៉ុន្តែអ្នកស្ដាប់ច្រើនណាស់ ដែលជឿថា រឿងដែលបានឮ បានស្ដាប់ ពីមនុស្សនោះថ្លែងប្រាប់ម្នាក់នេះនិយាយ ជារឿងពិត។

មនុស្សតិចណាស់ ដែលស្ដាប់ហើយមិនជឿ មិនចាប់អារម្មណ៍ ស្ដាប់ហើយក៏ហីទៅ អ្នកស្ដាប់ប្រភេទខាងក្រោយនេះ សំណាងល្អ ដែលមិនបង្កភាពមហន្ដរាយដល់បុគ្គល ដែលធ្លាក់ជាអាយ៉ងនៃសំឡេងថ្លែងប្រាប់ រាប់ថា មិនធ្វើបាបដល់ជីវិតខ្លះ របស់មនុស្សខ្លះ ដែលមិនអាចត្រូវមកទទួលបាប មានភាពស្មោកគ្រោកអបលក្ខណ៍ ពីមាត់សំអុយគគ្រុកដូចគំរុង ដែលក្នុងលោកនេះមានយ៉ាងច្រើន ព្រោះតែមានកិលេសនៅក្រាស់។

ជំនឿជារឿងមួយធំ ជារឿងសំខាន់ គប្បីមានសតិឲ្យបានជានិច្ច ពេលនឹងជឿដំណឹង ឬជឿពាក្យថ្លែងប្រាប់របស់បុគ្គលណាមួយ ដរាបណាកិលេសនៅគ្រប់សង្កត់ចិត្ត មនុស្សស្ទើរតែគ្រប់គ្នា សូម្បីត្រឹមតែសំឡេងថ្លែងប្រាប់ ក៏អាចជឿបានជានិច្ច។

ជាអ្នកស្ដាប់ត្រូវប្រុងប្រយ័ត្នឲ្យបានហ្មត់ចត់ មានសតិ មានបញ្ញា ឲ្យពេញបរិបូណ៌ ឲ្យសក្ដិសមជាអ្នកមានបុញ្ញានុភាពច្រើន ដែលបានកើតមកជាមនុស្សនេះ ហើយបានជួបជាមួយព្រះពុទ្ធសាសនា អារធនាព្រះធម៌ ពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធបរមគ្រូ មកទុកក្នុងបេះដូង មកទុកក្នុងជីវិត ឲ្យជាអ្នកមានកាយ វាចា ចិត្ត មិនបង្កជាទោស ជាភ័យ ទាំងខ្លួនឯងផង និងទាំងអ្នកដទៃផង។

វាអាចទៅរួច លុះណាតែចាប់ផ្ដើម ហើយត្រូវផ្សព្វផ្សាយឲ្យរីកសាយទូលំទូលាយ ឲ្យមានជាប្រក្រតី។ វានឹងផ្ដល់ជាទុក្ខ ភាពក្ដៅក្រហាយ របស់ប្រទេសជាតិ និងព្រះពុទ្ធសាសនា ក៏អាចទៅបាន បើចាប់ផ្ដើមពីជំនឿ ដែលចេញពីភាពអាក្រក់នានាច្រើនប្រការ ចេញពី បុគ្គលច្រើនប្រភេទ ដែលមាននៅគ្រប់ទិសទី ទាំងទីជិត និងទីឆ្ងាយនៃខ្លួនយើង។

សតិក្នុងការជឿ ទើបចាំបាច់យ៉ាងក្រៃលែង
កែខៃជំនឿ ដែលខុសទៅហើយ ឲ្យត្រូវជាមួយគ្នាវិញបាន
ទោះបីមានចិត្តស្មោះត្រង់ ដែលនឹងជួយបន្ធូរបន្ថយទុក្ខ ដែលកើតពីមនុស្សមានកិលេសក្រាស់
ទុក្ខដែលគ្រប់គ្រងផ្ទះ គ្រប់គ្រងប្រទេស ជាទីស្រឡាញ់របស់យើងក៏ដោយ វាគួឲ្យព្រឺព្រួចភ័យខ្លាចណាស់៕

អប់រំដោយ
តេ.ញាណសំវរ

No comments:

Post a Comment