Wednesday, August 2, 2017

ធ្វើតួខ្លួនយើង របស់យើងលែងមាន… ជារឿងវិសេសបំផុត


ធ្វើយ៉ាងណាកុំឲ្យមានតួខ្លួនយើង របស់យើងបាន គឺជារឿងមួយដ៏អស្ចារ្យខ្លាំងណាស់។ ការធ្វើខ្លួនមិនមាន របស់ខ្លួនមិនមាននេះ ជារឿងមួយដែលអាចឲ្យខ្លួនឈប់ទទួលរងនៅសេចក្ដីទុក្ខ ព្រោះផលនៃការបះទង្គិចលែងមានតទៅទៀតហើយ។ ដូចនោះ ការធ្វើឲ្យតួខ្លួនយើង របស់យើងលែងមាន ទើបជារឿងវិសេសបំផុត ប៉ុន្តែទោះជាយ៉ាងនេះក្ដី វាមានការលំបាកខ្លាំងណាស់ សម្រាប់ចិត្តមនុស្សបុថុជ្ជនទាំងឡាយ ក្នុងការធ្វើកិច្ចការនេះ តែណ្ហើយចុះ សុំត្រឹមតែសំគាល់នៅតួខ្លួនយើង របស់យើងនេះ ឲ្យមានការស្តួចស្ដើងស្រាលឡើង វានៅគ្រាន់បើប្រសើរជាងការនៅប្រកាន់មាំតួខ្លួនយើង របស់យើងនេះធំពេក ថាខ្លួនមានអ្វីសព្វបែបយ៉ាង មានគ្រប់ទីកន្លែងនោះ។

ពេលណាមនុស្សបុថុជ្ជន មិនអាចធ្វើតួខ្លួនយើង របស់យើងនេះឲ្យរលាយបាត់ទៅទេ នៅតែប្រកាន់ហួងហែងថាជាតួខ្លួនយើង របស់យើង នោះហើយជាហេតុបច្ច័យដែលធ្វើឲ្យយើង នៅតែមានផលប៉ះពាល់ ទទួលរងសេចក្ដីទុក្ខវេទនា តាមផ្លូវកាយ និងផ្លូវចិត្តរកនៅបំផុតគ្មាន។

បើសិនជានៅមានតួខ្លួនយើង របស់យើង ក៏នៅតែទទួលរងផលប៉ះទង្គិច នៅតែជួបប្រទះសេចក្ដីទុក្ខ តែបើនៅហួងហែងរក្សាតួខ្លួនយើង របស់យើងទុក ក៏គួរណាស់ហួងហែងឲ្យត្រូវផ្លូវ ត្រូវវិធី កុំឲ្យទទួលរងផលប៉ះពាល់ច្រើនពេក ត្រូវរកឱកាសយកផលប្រយោជន៍ពីតួខ្លួនយើង របស់យើងក្នុងលោកនេះឲ្យបានច្រើន នោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការមានតួខ្លួនយើង របស់យើងនេះ នេះទើបឈ្មោះថា ជាអ្នកមានតួខ្លួន របស់ខ្លួនយ៉ាងពិតប្រាកដ។

នៅទីបំផុត យើងព្យាយាមកាត់បន្ថយនៅអ្វីដែលជារឿង មិនទៀតទាត់ ប្រែប្រួលទៅគ្រប់ពេលវេលា ទ្រាំធុនបានដោយលំបាក មានចលនាផ្លាស់ប្តូរជានិច្ចកាល មិនឋិតនៅក្រោមអំណាចរបស់ខ្លួនយើងនោះ។ ពេលណា ដែលយើងបានគិតពិចារណារឿងរ៉ាវទាំងអស់នេះ ទៅតាមសភាវៈពិតហើយនោះ ការប្រកាន់ហួងហែង មាំទាំចំពោះអ្វីដែលខ្លួនមាន លែងមានទាំងអស់ វត្ថុទាំងអស់ សូម្បីតែខ្លួនយើង ក៏ជាវត្ថុដែលមនុស្សលោកសន្មតឡើងហៅប៉ុណ្ណោះ ហើយវាជាវត្ថុគ្រប់គ្រងបានត្រឹមតែមួយរយៈពេលយ៉ាងខ្លីបំផុត។

អប់រំដោយ
ចាន់



No comments:

Post a Comment