ការធ្វើអត្តឃាតខ្លួនឯង
កើតឡើងពីមូលហេតុច្រើនប្រការ តែមូលហេតុចម្បងគេ ដែលអាចនាំឲ្យបុគ្គលនោះឈានដល់ដំណាក់កាលធ្វើអត្តឃាតខ្លួនឯងនោះ
កើតពីរោគសោកសៅក្រៀមក្រំចិត្ត ។ មនុស្សដែលកើតជំងឺសោកសៅក្រៀមក្រំចិត្ត
នឹងមានអារម្មណ៍ធុញថប់ចិត្តយ៉ាងខ្លាំងស្ទើរតែគ្រប់យ៉ាងនៅក្នុងជីវិត
ធុញទ្រាន់នឹងជីវិតក្នុងការរស់បន្ត ។ ការសោសៅក្រៀមក្រំចិត្តខ្លាំងឡើងៗ
អាចធ្វើឲ្យកើតគំនិតគិតថា ខ្លួនឯងខុស គ្មានតម្លៃ និងគិតចង់ធ្វើអត្តឃាតខ្លួនឯងឲ្យស្លាប់តៃហោង
។ ការស្លាប់នេះទុកដូចជាច្រកចេញ ឬដំណោះស្រាយបញ្ហាក្នុងមួយរយៈពេលខ្លី ដើម្បីគេចចេញពីបញ្ហាប្រឈមមុខ
។ គំនិតរបស់បុគ្គលដែលចង់ធ្វើអត្តឃាតខ្លួនឯងឲ្យស្លាប់តៃហោងនេះ
មិនមែនជាមធ្យោបាយដោះស្រាយបញ្ហាអ្វីបានឡើយ ជីវិតងងឹតសូន្យស៊ុង និងខកចិត្តអស់សង្ឃឹម
តែការពិតមិនមែនកើតដូច្នេះឯណា ។ អាការរបស់រោគសោកសៅក្រៀមក្រំចិត្ត ចាប់ផ្ដើមពីអាការស្រាលៗ ហើយវិវត្តទៅរកធ្ងន់យ៉ាងឆាប់រហ័ស
អាចសង្កេតតាមដានបាន ដូចមានសេចក្ដីខាងក្រោម៖
១.
អារម្មណ៍មិនសូវសប្បាយស្រស់ថ្លាដូចមុន មិនមានសេចក្ដីសុខសម្រាន្ត ធុញទ្រាន់
អស់សង្ឃឹម តប់ប្រមល់ និងសោសៅ ។
២.
អស់ចំណាប់អារម្មណ៍ក្នុងរឿងផ្សេងៗ ធុញទ្រាន់រឿងដែលធ្វើឲ្យសប្បាយៗ មានក្ដីសុខ
មិនចង់ធ្វើអ្វី មិនចង់ចេញទៅជួបជាមួយពីណា ។
៣. ធុញអាហារ
ទម្ងន់ស្រក់លឿន (អ្នកខ្លះអាចស៊ីច្រើនដើម្បីបំបាត់ស្ត្រេស
ធ្វើឲ្យឡើងទម្ងន់បន្ថែមទៀត) ។
៤. ដេកមិនលក់
លក់ដែរតែភ្ញាក់ៗ ឬភ្ញាក់លឿនជាងសព្វមួយដង ២-៣ម៉ោង ដេកទៅវិញមិនលក់
(អ្នកខ្លះអាចដេកច្រើនឡើង ក្រៅពីមិនចង់ធ្វើអ្វី ព្យាយាមដេកប៉ុន្តែដេកមិនលក់សោះ) ។
៥. រហិតរហៃអស់កម្លាំងកំហែង ទន់ដៃទន់ជើង ខ្លួនមិនចង់ធ្វើអ្វីទាំងអស់
។
៦. គិតមិនរហ័ស
ធ្វើចលនាមួយៗ មិនជឿជាក់លើចិត្តខ្លួនឯង មិនហ៊ានគិត ស្ទាក់ស្ទើរសម្រេចចិត្តលំបាក ។
៧. គ្មានសមាធិ តាំងចិត្តធ្វើការងារមិនបាន ឆាប់ភ្លេច
ខ្សោយការចង់ចាំ ។
៨. គិតថាខ្លួនឯងគ្មានតម្លៃ ធ្វើខុស ធ្វើមិនបានល្អ
គិតទៅលើខ្លួនឯងមិនល្អ ។
៩. គិតចង់ស្លាប់ និងព្យាយាមធ្វើអត្តឃាតខ្លួនឯង ។
ការព្យាបាលរក្សារោគសោកសៅក្រៀមក្រំ
ជាការដោះស្រាយមូលហេតុនៃការចង់ធ្វើអត្តឃាតខ្លួនឯង ។
ជំងឺសោកសៅអាចព្យាបាលរក្សាឲ្យជាដាច់បានមិនមែនជារឿងអីត្រូវពិបាកឡើយ ដោយផ្អែកលើបច្ចុប្បន្នភាពនេះ
យើងដឹងពីមូលហេតុរបស់វាថា
កើតពីការធ្វើការងារនៃប្រព័ន្ធព័ត៌មានប្រសាទដែលមានផលចំពោះអារម្មណ៍ ។
ថ្នាំព្យាបាលជំងឺសោកសៅជួយឲ្យការងារនៃប្រពន្ធព័ត៌មានប្រសាទត្រឡប់មកជាប្រក្រតីវិញ
មានអ្នកជំងឺ ៨០ % ព្យាបាលរក្សាបានជា ។
ប្រសិនបើយើងនៅមានមន្ទិលសង្ស័យថា
មនុស្សជិតស្និទ្ធមានអាការប្រហាក់ប្រហែលជំងឺសោកសៅក្រៀមក្រំចិត្ត ដូចជា ទ្រមឹងត្រមក់
សញ្ជឹកសញ្ជឹង តោះតើយ ហីៗ មិននិយាយស្តី ស្រពឹកស្រពន់ តំអែតំអក់
ធ្វើអ្វីខុសពីសភាពដើម ការរៀនសូត្រ ឬធ្វើការងាររបស់ខ្លួន
អ្នកខ្លះទៀតអាចប្រើពាក្យសម្ដី ដូចជា “មានអារម្មណ៍ធុញទ្រាន់មិនដឹងជាចង់រស់ធ្វើអ្វីទេ”
“ផ្ញើមើលថែកូនឲ្យផង” ឬដំណើរការគួរឲ្យអាណិតអាសូរថា
មិនចង់មានជីវិតបន្តទៅទេ ដូចជា ធ្វើបណ្ដាំមរតកទុក ផ្ទេរទ្រព្យសម្បត្តិឲ្យកូនចៅ
ជាដើម ។ យើងគួរផ្ដល់ការយកចិត្តទុកដាក់ព្រួយបារម្ភ សាកសួរអំពីអារម្មណ៍ គំនិត
និងអាការរបស់ជំងឺសោកសៅក្រៀមក្រំចិត្តនេះ ជាការជួយសង្គ្រោះជាបឋម
ធ្វើឲ្យមនុស្សដែលកំពុងសោកសៅ មានអារម្មណ៍ថា មានមនុស្សចេះព្រួយបារម្ភ
ចេះមានមនុស្សយកចិត្តទុកដាក់ មានមិត្តភក្តិ មានទីពឹងពំនាក់
ជួយឲ្យអាការសោកសៅក្រៀមក្រំចិត្តល្អប្រសើរឡើងវិញ និងមិនចង់ធ្វើអត្តឃាតខ្លួនឯងឡើយ ។
ប្រសិនបើរកឃើញថា មានបុគ្គលណាមានអាការកើតរោគសោកសៅក្រៀមក្រំចិត្ត ៥ ប្រការ ខាងដើម
គួរណែនាំឲ្យបុគ្គលនោះទៅជួបវិជ្ជបណ្ឌិត ដើម្បីត្រួតពិនិត្យ
និងជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។ ការព្យាបាលជំងឺស្ត្រេសសោកសៅបានឆាប់លឿន
និងអាចជួយការពារអ្នកជំងឺឲ្យរូចផុតពីការចង់ធ្វើអត្តឃាតខ្លួនឯងបាន ។
No comments:
Post a Comment